Manulife Home Country Youtube
Corporate Profile.jpg

ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ចុះ​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ជាមួយ​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ (CIMB Bank)

 

ភ្នំពេញ, កម្ពុជា – នៅ​ថ្ងៃ​នេះ​ ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​​​ ខេមបូឌា​ និង​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ បាន​ចុះ​ហត្ថ​លេ​ខា​ លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ ផលិត​ផល​ធានារ៉ាប់​រង​អាយុ​ជីវិត​ដើម្បី​បំពេញ​តម្រូវ​ការ ​ផ្នែក​ហិរញ្ញ​វត្ថុ​ជូន​ដល់​អតិថិជន​​របស់​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ចាប់​តាំង​ពី​ការ​ផ្ដើម​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១២​ មក​ កិច្ច​ព្រម​ព្រៀង​នេះ​ ជា​ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​ទី​ប្រាំ​ហើយ​ ដើម្បី​លក់​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុជីវិត​តាម​ធនាគារ​។

លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និងនាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា៖​ «ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ ​ដែល​មាន​សក្តានុពល​ខ្លាំង​ដូ​ច​ជា​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ​ក្នុងនាមជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ស៊ី​អាយ​អិម​ប៊ី​ គ្រុប​  ដែលជា​ធនាគារ​សាកល​នាំ​មុខ​គេ​មួយ​របស់​អាស៊ាន​ និង​ជា​ធនាគារ​វិនិយោគ​ធំបំផុត​មួយ​នៅ​អាស៊ី​ ​ ​ នឹង​ជួយ​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ ​​ដែល​យើង​មាន​ជាមួយ​ធនាគារ​ជាដៃ​គូ​ទាំង​អស់​នៅ​កម្ពុជា។​ ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខិត​ទៅ​ជិត​អតិថិ​ជន​កាន់​តែ​ច្រើន​ថែម​ទៀត​តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ​លំ​ដាប់​ ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​រួម​មាន​ដូ​ចជា​ ការ​ការ​ពារ​ប្រាក់​ចំណូល​​ ការ​អប់​រំ​របស់​បុត្រ​ធីតា​ គម្រោង​សន្សំ​ និង​ការ​ចូល​និវត្តន៍​ជា​ដើម​។​»

លោក​ ប៊ុន​ យីន​ ប្រធាន​នាយក​ប្រតិបត្តិ​ របស់​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភីអិលស៊ី មាន​ប្រសាសន៍​ថា​៖​ «​តាមរយៈ​ការ​ចាប់​ផ្ដើម​នៃកិច្ចសហការថ្មី​នេះ​ យើង​រំពឹងយ៉ាងមុតមាំថា ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ ការ​គោរព​គ្នា​ និងការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ភាគី​ទាំង​សង​ខាង​ នឹង​បង្កើត​បាន​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ ដើម្បីសម្រេចបានផលប្រយោជន៍យូរអង្វែងជាមួយគ្នា នាពេលអនាគត​។​ យើង​នឹងសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការផ្តល់ជូននូវសេវាកម្ម និងផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង​។​ ហើយ​យើង​ក៏​សង្ឃឺមជឿជាក់ផងដែរ ក្នុងការនាំយកផលិតផលដ៏សម្បូរបែប និងសេវាកម្មប្រចាំតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី ទៅដល់អតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។​»​

លោក​ ប៊ុន​ យីន​ បាន​បន្ថែម​ថា​៖​ «​ផ្អែកលើចំណុចខ្លាំងនៃសេវាកម្មរបស់ខ្លួន ធនាគារ​ ស៊ី​អាយ​អិម​​ប៊ី​ បាន​បង្កើតមោទនភាពរបស់ខ្លួន ដោយមិនត្រឹមតែ ជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយ របស់អតិថិជនផងដែរ ក្នុងការគាំទ្រពួកគេឱ្យធ្វើការសម្រេចចិត្ត ត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ នៅក្នុងជីវិត។"

ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​ឆ្នាំ​ ២០១០​ ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភីអិល​ស៊ី​ មាន​ភាព​រឹង​មាំ​ក្នុង​ការ​កសាង​វត្ត​មាន​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កើន​ឡើង​ឥត​ឈប់​ឈរ​របស់​អតិថិ​ជន​ ធនាគារ​បាន​ផ្ដល់​ជូន​សេវា​កម្ម​ និង​ផលិត​ផល​ធនាគារ​ដ៏​ទូលំ​ទូលាយ​ រួ​ម​មាន​សេវាកម្ម​ហិរញ្ញ​វត្ថុ​បុគ្គល​ សេវកម្ម​ធនាគារ​ពាណិជ្ជ​ ព្រម​ទាំង​សេវា​កម្ម​សាជីវកម្ម​ និង​ប្រតិបត្តិការ​ធនាគារ​ផង​ដែរ​។​

ការ​លក់ផលិត​ផល​​ធានារ៉ាប់​រងអាយុជីវិត​​តាម​ធនាគារ ​​ជា​ចំណុច​គន្លឹះ​ដ៏សំខាន់​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ​ដើម្បី​ពង្រឹង​ និង​បង្កើត​ឱ្យ​មាន​ជម្រើសផ្សេងៗគ្នា ​​ក្នុង​ការ​ចែក​ចាយផលិតផល​​របស់​ខ្លួន​ និង​ជម្រុញ​បន្ថែមពី​លើ​ការ​បែង​ចែក​ ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​​​តាម​រយៈ​ទីប្រឹក្សា​ធានារ៉ាប់​រង​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​។​ តាម​រយៈ​ភាព​ជា​ដៃ​គូ​នេះ​ ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​ នឹង​ធ្វើ​ការ​ពង្រឹង​​​បន្ថែម ​នូវកេរ្តិ៍ឈ្មោះ​​​របស់​ខ្លួន​ ការ​ឈរ​ជើង​លើ​ទី​ផ្សារ​ដ៏រឹង​មាំ​​ និងពង្រីក​បន្ថែម​​នូវ​មូល​ដ្ឋាន​អតិថិជន ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ក៏​ដូ​ច​ជា​ជម្រុញ​បន្ថែម​លើ​កិច្ច​សហការ​ជា​ដៃ​គូ ​ដ៏​ជោគ​ជ័យ​ដែល​យើង​កំពុង​មាន ​នា​ពេល​បច្ចុប្បន្ន​ ជា​មួយ​ធនាគារ​ជា​ដៃ​គូ​ទាំង​អស់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។

ចាប់​ពីពេល​នេះតទៅ​​ អតិថិជន​របស់​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​  នឹង​អាច​ពិភាក្សា​ពី​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​​ និង​ជាវ​​ផលិត​ផល និង​ដំណោះ​ស្រាយ​​ធានារ៉ាប់​រងអាយុ​​ជីវិត​ពី​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ តាម​រយៈ​មន្ត្រី​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង​ដែល​ប្រចាំ​ការ​នៅ​សាខា​ចំនួន​ ១២​​​​ របស់​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ នៅ​រាជធានី​ភ្នំ​ពេញ​ ខេត្ត​សៀម​រាប​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​បាត់​ដំបង​ និង​ខេត្ត​កំពង់​ចាម​។