Manulife Home Country Youtube
Corporate Profile.jpg

ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​លើ​កទី​ ២២​ ជិត​ឈាន​ចូល​មក​ដល់​ហើយ!

 

ព្រះ​រាជា​ណាចក្រ​កម្ពុជា​ - នៅព្រឹកថ្ងៃអាទិត្យ ទី ៣ ខែធ្នូ ឆ្នាំ ២០១៧ អ្នករត់ប្រណាំងរាប់ពាន់នាក់​មកពីជុំវិញពិភពលោក នឹង​ជួបជុំគ្នានៅឧទ្យាន​បុរេប្រវត្តិ​អង្គរ​ក្នុង​ខេត្ត​សៀម​រាប​​ ដែល​ជា​ទី​តាំង​បេតិ​កភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​ UNESCO ដើម្បីចូល​រួម​ក្នុងព្រឹត្តិការណ៍​​រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើក​ទី​ ២២​ ដែល​​ត្រូ​វបាន​ទទួល​ស្គាល់​ជា​លក្ខណៈ​​អន្ត​រ​ជាតិ​។

ក្រោម​ការ​ឧបត្ថម្ភ​ធំពីក្រុមហ៊ុន មេនូឡាយហ្វ៍ និងការរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កម្ម​វិធី​រត់​ប្រណាំង​នេះ ​មាន​គោលបំណងលើកកម្ពស់សុខភាព​ និង​សុខុមាលភាព ព្រម​ទាំង​រៃ​អង្គាស​មូល​និធិ​មនុស្ស​ធម៌​ដើម្បី​គាំ​ទ្រ​ដល់​ អង្គការដែល​ជួយ​ដល់​កុមា​រ​ក្រី​ក្រ​ និងជនរងគ្រោះដោយគ្រាប់មីន​នៅក្នុងប្រទេសកម្ពុជា ​ដែល​ក្នុងនោះរួមមាន​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុផ្ផា​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ​កាកបាទ​ក្រហម​កម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀត​នៅក្នុងប្រទេសកម្ពុជា។

ឯក​ឧត្តម​ វ៉ាត់​ ចំរើន អគ្គ​លេខា​ធិការ​ នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ និង ជាអនុរដ្ឋលេខាធិការ​ ក្រសួង​ទេសចរណ៍​បានមានប្រសាសន៍ថា៖​ «​កាលពីឆ្នាំមុន យើងទទួលបានជោគជ័យដ៏អស្ចារ្យមួយ ដោយ​ទទួល​បាន​អ្នក​ចូល​រួម​រត់​ប្រណាំង​ជាង ៩ ០០០​ នាក់ ដែលអញ្ជើញ​មកពីប្រទេសផ្សេង​ៗ​គ្នា ​ចំនួនជិត​ ៨០ ប្រទេស នៅក្នុង​​ព្រឹត្តិការណ៍​រត់​ប្រណាំង​​មួយនេះ​។ ជាមួយ​នឹង​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏ដូចជាម្ចាស់​ឧបត្ថម្ភផ្សេងៗទៀត ខ្ញុំមាន​សុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះនឹងបន្តទទួលបានជោគជ័យ និង​ក្លាយទៅ​ជាកម្មវិធី​រៃ​អង្គាស​ថវិកា​ដ៏​សំខាន់​មួយ ​ដើម្បី​បម្រើ​​គោល​ដៅ​​សប្បុរសធម៌​នៅ​កម្ពុជា​ផង​ដែរ។​ យើង​រត់​ដើម្បី​សុខភាព​ សុខុមាលភាព និងរត់ដើម្បីសហគមន៏ ដែលត្រូវការ​ការជួ​យ​គាំទ្រពីយើងខ្លាំង​បំផុត​។​»​

តាម​រយៈ​ការ​គាំ​ទ្រ​ពី​ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រុម​ហ៊ុន​​ មេនូឡាយហ្វ៍​ បាន​ធ្វើ​ការ​រៃ​អង្គាស​ថវិកា​ពី​បុគ្គលិក​របស់​ខ្លួន ​នៅ​ជុំវិញ​ពិភព​លោក​ដើម្បី​បរិច្ចាគ​ជូន​ដល់​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀម​រាប​ និង​សកម្មភាព​មនុស្ស​ធម៌ផ្សេ​ង​ៗ​ទៀត ​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​។​

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និង​នាយក​ចាត់​ការទូទៅ​​នៃ​ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ខេម​បូ​ឌា បានមាន​ប្រសាសន៍​ថា៖​ «គោល​ដៅ​ចម្បង​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​​ ខេមបូឌា​ គឺ​ជួយ​កសាង​អនាគត​ដ៏​ប្រសើរ​ជាង​មុន​មួយ ​សម្រាប់​ក្រុម​គ្រួសារ​កម្ពុជា​។​ ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​ជួយ​​យើង​​ឱ្យ​សម្រេច​បាន​នូវ ​ទស្សនវិស័យ​រយៈ​ពេល​វែង​នេះ​​។​ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ខិត​ខំ​ប្រឹង​ប្រែង ​លើក​ម្ពស់​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាពល្អ​ និង​ភាព​សកម្ម​នៅ​ក្នុង​សហគមន៍​កម្ពុជា​។​ ការ​ទទួល​បាន​ឱកាស​ ដើម្បី​គាំ​ទ្រ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរវត្ត​នេះ ​ស្រប​គ្នា​យ៉ាង​ល្អ​បំផុតទៅ​នឹង​ទស្សនវិស័យ​របស់​យើង​។​»​ លោក​ Robert បន្ថែម​ថា​៖​ «​ក្នុង​ឆ្នាំ​នេះ​ យើង​មាន​ការតាំ​ង​ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ ManulifeMOVE Fitness Fair​ ដែល​កម្មវិធី​នោះ​ នឹង​មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ការ​រស់​នៅ​ប្រ​កប​ដោយ​សុខភាព​ល្អ​។​ កម្មវិធី​តាំង​ពិព័រណ៍​នេះ​ នឹង​បើក​សម្រាប់​អ្នក​ចូល​រួម​រត់​ប្រណាំង​ ភ្ញៀវ​ទេសចរ​ ព្រម​ទាំង​ប្រពល​រដ្ឋ​ក្នុង​សហគមន៍​ ក្នុង​អំឡុង​ពេ​ល​ចុង​សប្តាហ៏​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​។​»​

អ្នក​​រត់​ប្រណាំង​ប្រមាណ ៥០០ នាក់ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត​ជាលើកដំបូងនៅ​ឆ្នាំ ១៩៩៦ ហើយព្រឹត្តិការណ៍​នេះ​ កាន់​តែ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ឡើង​ ខណៈ​ដែល​ចំនួន​អ្នក​រត់​ប្រណាំង ​បន្តកើនឡើងជា​រៀង​រាល់​ឆ្នាំ​​។ កាលពីឆ្នាំមុន​អ្នក​រត់​ប្រណាំង​ចំនួន​ ៩,​១២៥​ នាក់​​មក​ពី​ ៧៧​ ប្រទេស​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ហើយ​បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ​រួម​ចំណែក​យ៉ា​ង​សំខាន់​ ក្នុង​វិស័យ​ទេសចរ​នៅ​កម្ពុជា​ផង​ដែរ​​។​

ការរត់ប្រណាំងនេះ​នឹងចាប់ផ្តើមនៅម៉ោង ៥:៥០ ​នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុង​ចម្ងាយ​ប្រកួតចំនួន ៣ ប្រភេទ ដែលក្នុងនោះមានចម្ងាយ​ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។

លោក​អ្នក​​អាចទាញយកកម្មវិធីទូរស័ព្ទ របស់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុង នៅ​អង្គរវត្តឆ្នាំ ២០១៧ (Angkor Wat Half Marathon 2017) តាមរយៈ​ប្រព័ន្ធ​ប្រតិបត្តិកា​រ iOS ឬ Android។​ កម្មវិធីនេះនឹងជួយឱ្យ​លោក​អ្នក ត្រៀមលក្ខណៈ​ក្នុងការ​រត់ប្រណាំង ក៏ដូចជាមាន​ការណែនាំក្នុងការហ្វឹកហាត់ ដើម្បីជួយ​ឱ្យ​ការរត់​ប្រណាំងរបស់អ្នក ប្រព្រឹត្ត​ទៅ​បាន​ល្អបំផុត។​ ក្នុងនោះក៏មានគន្លឹះជាច្រើន សម្រាប់ជាជំនួយក្នុងការធ្វើដំណើរ ដើម្បី​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ផងដែរ។