Manulife Home Country Youtube
Corporate Profile.jpg

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ខេម​បូឌា​ ចុះ​កិច្ច​ព្រម​ព្រៀង​ លើ​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ ផលិត​ផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត ​ជាមួយ​ធនាគារ ​ពាណិជ្ជ​កម្ម​​ក្រៅ​ប្រទេស​ នៃ​កម្ពុជា (FTB Bank)

 

ភ្នំពេញ, កម្ពុជា – នៅ​ថ្ងៃ​នេះ​ ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​​ និង​ធនាគារ​ ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ នៃ​កម្ពុជា​ (FTB) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ ស្ដី​ពី​កិច្ច​សហការ​ជាដៃ​គូ​ចែក​ចាយ​ ផលិត​ផល​ធានារ៉ាប់​រង​អាយុ​ជីវិត​ ដើម្បី​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ធានា​រ៉ាប់​រង​អាយុ​ជីវិត ​ដល់​អតិថិជន​របស់​ធនាគារ​ FTB​ នៅទូ​ទាំង​ប្រទេស​កម្ពុជា។​ ចាប់​តាំង​ពី​ការ​ផ្ដើម​ប្រតិបត្តិ​ការ ​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១២​មក​ កិច្ច​ព្រម​ព្រៀង​នេះ​ជា​ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​ទី​បួន ​​ហើយ​ដើម្បី​លក់​ផលិត​ផល​ធានា​រ៉ាប់​រង​អាយុជីវិត​តាម​ធនាគារ​។​

លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និងនាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា​ «ពួក​យើង​រីក​រាយ​ក្នុង​ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​ FTB ដែល​ជា​ធនាគារ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ និង​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ជាង​ ៣៦​ ឆ្នាំ​មក​ហើយ​​ ដើម្បី​ជួយ​ក្រុម​គ្រួ​សារ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះឱ្យ​​សម្រេច​បាន​នូវ​ក្ដី​សុបិន​ និង​បំណង​ប្រាថ្នា​ផ្នែកហិរញ្ញវត្ថុ​​របស់​ពួក​គេ។​ កិច្ច​ព្រម​ព្រៀងលើ​​ការ​លក់​ ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តាម​ធនាគារ​នេះ​​ នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​ ​ខេម​បូឌា​ ពង្រីកវិសាលភាព​របស់​ខ្លួន​ទៅ​ដល់​អតិថិជន​ជា​ច្រើន​នាក់​​ផ្សេងទៀត​ ព្រម​ទាំង​​ផ្ដល់​នូវ​ការ​ប្រឹក្សា​យោបល់​ និង​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ ទាក់​ទង​នឹង​ការ​​ការ​ពារ​ប្រភព​​ចំណូល​ផ្សេងៗ​របស់​ពួក​គេ​ ​ អនាគត​នៃ​ការ​សិក្សា​របស់​បុត្រ​ធីតា​ ​ការ​សន្សំ​នៅ​ក្នុង​ក្រុម​គ្រួ​សារ​ ព្រម​ទាំង​ការ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍​ផង​ដែរ​​។​»

ឯកឧត្តម ហ្គី អានវ៉ានិថ អគ្គ​នាយក​ នៃ​ធនាគារ​ FTB​ មាន​ប្រសាសន៍​ថា​ «​កិច្ច​សហការ​ជា​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ខេម​បូឌា​ នឹង​កំណត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ធនាគារ​ FTB​ ហើយ​កិច្ច​សហការ​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ក្រុម​គ្រួ​សារ​របស់​អតិថិ​ជន​ និង​បុគ្គលិក​របស់​យើង​ក្នុង​ការ​ទទួល​បាន​នូវ​ផលិត​ផល​ដ៏​មាន​អត្ថប្រយោជន៍​ខ្ពស់​ពីក្រុមហ៊ុន​ មេនូឡាយហ្វ៍​។​​»

ធនាគារ​ FTB​ តែ​ង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​យក​សេវាកម្ម​ថ្មី​ៗ​មកជូន​​អតិថិជន​​​។​ ឆ្លង​តាម​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ ធនាគារ​ FTB​ បាន​ទទួល​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រួម​មាន​ Outstanding e-Banking Partnership Bank 2016 និង​ Outstanding e-Commerce Platform 2016 ពី​ International Data Group (IDG) Best Innovation in Retail Banking 2015 និង​ Best Commercial Bank Cambodia 2015 ពី​ International Banker និង​ Leader in Preparid Payment Volume 2015  ពី​ Visa។

ការ​លក់ផលិត​ផល​​ធានារ៉ាប់​រងអាយុជីវិត​​ តាម​ធនាគារ​​ជា​ចំណុច​គន្លឹះ​ដ៏សំខាន់​មួយ ​នៃ​យុទ្ធ​សាស្ត្រ​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ​ដើម្បី​ពង្រឹង​ និង​បង្កើត​ឱ្យ​មាន​ជម្រើសផ្សេងៗគ្នា​​ក្នុង​ការ​ចែក​ចាយផលិតផល​​របស់​ខ្លួន​ និង​ជម្រុញ​បន្ថែម ពី​លើ​ការ​បែង​ចែក​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​​​ តាម​រយៈ​ទីប្រឹក្សា​ធានារ៉ាប់​រង​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​។​ តាម​រយៈ​ភាព​ជា​ដៃ​គូ​នេះ​ ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​ នឹង​ធ្វើ​ការ​ពង្រឹង​ផ្សព្វផ្សាយ​បន្ថែម​ នូវ​ស្លាកយី​ហោ​របស់​ខ្លួន​ ការ​ឈរ​ជើង​លើ​ទី​ផ្សារ​ដ៏រឹង​មាំ​​ និងពង្រីក​បន្ថែម​​នូវ​មូល​ដ្ឋាន​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ចាប់​ពីពេល​នេះតទៅ​​ អតិថិជន​របស់​ធនាគារ​ FTB  នឹង​អាច​ពិភាក្សា​ពី​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​​ និង​ជាវ​​ផលិត​ផល​ធានារ៉ាប់​រងអាយុ​​ជីវិត​ពី​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ តាម​រយៈ​មន្ត្រី​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង​ដែល​ប្រចាំ​ការ​នៅ​សាខា​ចំនួន​ ១០​​​ របស់​ធនាគារ​ FTB។​ សាខា​ទាំងនោះ​រួម​មាន​ ៦​​ សាខា​នៅ​ទីក្រុង​ភ្នំពេញ​ ​ និង​ ៤​ ​សាខា​ផ្សេងទៀត​នៅ​តាម​បណ្ដា​ខេត្ត​​​ ដូចជា​ខេត្ត​សៀម​រាប​ ខេត្ត​បាត់​ដំបង​ ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់​ចាម​។