Manulife Home Country Youtube
Corporate Profile.jpg

ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ សម្លឹង​ឃើញ​អនាគត​ដ៏​កាន់​តែ​ជោគ​ជ័យ​មួយ​បន្ទាប់​ពីដំណើរ​ការ​អាជីវកម្ម​រយៈ​ពេល​ ៥​ ឆ្នាំ​នៅ​កម្ពុជា​

 

ភ្នំពេញ, ព្រះ​រាជា​ណា​ចក្រកម្ពុ​ជា​  –​  ក្នុង​ឱកាស​ខួប​ ៥​ ឆ្នាំ​នៃវិស័យ​ធានារ៉ាប់រងអាយុជីវិតក្នុង​ប្រ​ទេស​កម្ពុជា ទស្សនា​វដ្តី​ Southeast Asia Globe  បាន​ធ្វើ​បទសម្ភាសន៍​ជាមួយលោក Robert Elliott អគ្គនាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន មេនូ​ឡាយហ្វ៍​ ខេម​បូ​ឌា​ ដែលជាក្រុមហ៊ុនអន្តរជាតិដំបូងគេបង្អស់ក្នុងវិស័យនេះនៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​។

 

ហេតុ​អ្វី​បានជា​ក្រុ​ម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ​សម្រេច​ចិត្តចូល​មក​ធ្វើ​អា​ជី​វកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា?

​សេដ្ឋកិច្ចរបស់​កម្ពុជា​មាន​ដំណើរការយ៉ាងល្អ ដោយ​មាន​អត្រា​​កំណើនផលិតផលក្នុងស្រុកសរុបប្រមាណ​​ ៧​%​ ដែល​ នេះជាអត្រាដ៏​ខ្ពស់​មួយ​ក្នុង​ចំ​ណោម​អត្រា​កំ​ណើន​ខ្ពស់បំផុតនៅក្នុងបណ្តាប្រទេសក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍។​ ​ ​ប្រ​ជា​ជន​ដែល​មាន​ប្រាក់​ចំ​ណូល​មធ្យមមាន​ការ​កើន​ឡើង​ជា​លំដាប់​ ហើយ​ប្រជា​ជន​កាន់​តែ​ច្រើន​ឡើង​មាន​ឯក​រាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​ចំ​ណុច​ទាំង​នេះ​បាន​​ធ្វើឱ្យប្រ​ទេស​កម្ពុជាក្លាយទៅជាប្រ​ទេស​មួយ​ដែល​មាន​ភាព​ទាក់ទាញសម្រាប់អ្នក​វិនិយោគ​។​​​

នៅក្នុងប្រទេសដែលមាន​សេដ្ឋកិច្ចរីក​ចម្រើន​យ៉ាងឆាប់រហ័ស ដូចជាប្រទេសកម្ពុជា ការធានារ៉ាប់រងអាយុ​ជីវិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបន្ទុកហិរញ្ញវត្ថុនៅក្នុងគ្រួសារ នៅពេលដែល​អ្នករកប្រាក់ចំ​ណូល​ប្រ​ចាំ​គ្រួសារ ​មិនអាចទ្រទ្រង់គ្រួសារបន្ត​ទៀត​បាន​។

ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ បាន​ជួយ​អតិថិជន​រាប់​លាន​នាក់​ឱ្យ​សម្រេច​បា​ន​នូវ​ក្ដីសុបិន​​ និង​បំណង​ប្រាថ្នា​របស់​ពួក​គេ​ ហើយ​យើង​ចង់​យក​បទ​ពិសោធន៍​ដ៏ល្អ​ដែល​យើង​ធ្លាប់​មាន​នេះ​មក​ជូន​ប្រជាជន​កម្ពុជា​។​ លើស​ពី​នេះ​ ដោយ​សារ​តែ​យើង​ជា​អ្នក​ចូល​មក​ដល់​មុន​គេ​នៅ​ក្នុង​វិស័យ​នេះ​ យើង​មាន​ឱកាស​ដើម្បី​កសាង​វិស័យ​នេះ​ពី​ចំណុច​ចាប់​ផ្ដើម​។ឱកាស​ដ៏​ល្អ​នេះ​ជួយ​ឱ្យយើង​ផ្សព្វ​ផ្សាយ​ពី​កេរ្តិ៍​ឈ្មោះ​របស់​យើង​បាន​យ៉ាងរលូន​ និង​ងាយ​ស្រួល​ជាង​ការចូល​ទៅ​កាន់​ទី​ផ្សារផ្សេង​ទៀត​​ដែល​វិស័យ​នេះ​មាន​វ័យ​ចំណាស់​។​

 

ដោយ​សារ​វិស័យ​នេះ​នៅ​ក្មេ​ង​ខ្ចី​នៅ​កម្ពុជា​ តើការ​ធ្វើ​ការ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ផ្ដល់​គុណ​ប្រយោជន៍​អ្វី​ខ្លះ​?

យើងបានធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីស្វែង​​យល់ពីអត្ថប្រយោជន៍រយៈ​ពេល​វែង​នៃការធានារ៉ាប់រងអាយុ​ជីវិតនៅក្នុងប្រទេសកម្ពុជា។ ក្រុមការងាររបស់យើងដែល​មកពី ​ហុងកុង និងក្រុមការងារដែល​នៅ​ប្រ​ទេស​កម្ពុជា បានធ្វើការរួម​គ្នា​យ៉ាងជិតស្និទ្ធក្នុងការ​ពន្យល់ណែ​នាំ​អំពីចំណុច​​សំ​ខាន់​ផ្សេងៗដើម្បី​បង្កើត​ផលិតផលធានារ៉ាប់រងអាយុជីវិត។

 

តើលោក​គិតថាស្ថិរភាព​​ដែល​ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ មាន​នៅ​ក្នុង​ប្រទេស​នេះ​ ​គឺ​ជាស្ថិរភាព​​​រយៈ​ពេល​វែង​​ឬ​ទេ?

បាទ​ខ្ញុំ​ជឿ​ថា​នេះ​ជា​ការ​ឈរ​ជើង​រយៈ​ពេល​វែង​មួយ​នៅ​ទី​នេះ​! ក្រុមហ៊ុន មេនូឡាយហ្វ៍ មានប្រវតិ្តនៃការប្តេជ្ញាចិត្ត​ក្នុង​ការ​ឈរ​ជើង​ក្នុង​បណ្តាប្រទេសនានាដែល​ក្រុម​ហ៊ុន​បានធ្វើ​​ប្រ​តិបត្តិ​ការ​អា​ជី​វកម្ម​។ ឧទាហរណ៍ជាក់​ស្តែង​ នៅឆ្នាំនេះយើងប្រារព្ធខួប ១១០​ ឆ្នាំ របស់យើងនៅក្នុង​ប្រ​ទេស​​ហ្វីលីពីន។ ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​ យើងបានបង្ហាញនូវការប្តេជ្ញាចិត្ត និងការ​បម្រើ​សេវាកម្មដ៏​ល្អ​របស់យើងជូន​ដល់ប្រ​ជា​ជន​ហ្វីលីពីនជា​ច្រើន​។ នៅក្នុងទសវត្សឆ្នាំ ១៩៤០​ នៅពេលដែលប្រទេសហ្វី​លី​ពីន​ត្រូវបានឈ្លានពានដោយជនជាតិជប៉ុន ប្រ​ធានការិយាល័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ បានរក្សា​ឯកសារធានា​រ៉ាប់រង​ និងឯកសារការ​ងារ​សំខាន់​ផ្សេង​ទៀត​នៅក្នុងផ្ទះរបស់លោក​ស្រី​ផ្ទាល់។ លោក​ស្រី​បានរក្សា​ការពារ​ឯកសារទាំងអស់បាន​យ៉ាង​ល្អ​  ទោះ​បី​ជនជាតិជប៉ុនបានបង្ខំលោក​ស្រី​​ និងក្រុម​គ្រួសាររបស់លោក​ស្រី​ឱ្យចាកចេញពីផ្ទះ​ ​របស់ពួកគាត់​ក៏​ដោយ​។ ភាពក្លាហាន និងការលះបង់របស់​លោកស្រី​ និងក្រុម​គ្រួសារ​បានអនុញ្ញាតឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងដែលបានបើកដំ​ណើរការ​អា​ជី​វកម្ម​ឡើងវិញ​ បន្ទាប់ពីសង្គ្រាមលោកលើកទី ២។ វា​បាន​ពង្រឹងកេរ្តិ៍ឈ្មោះរបស់យើង ហើយសំខាន់បំផុតនោះបានធ្វើឲ្យ​ទំនាក់ទំនងរបស់យើងកាន់តែមានភាព​ស៊ីជម្រៅជាមួយប្រជាជនហ្វីលីពីន។ បច្ចុប្បន្ន ក្រុម​ហ៊ុន​ មេនូ​ឡាយហ្វ៍​ ហ្វីលីពីន គឺជា​ក្រុម​ហ៊ុនដែលមាន​ការ​ទទួល​ស្គាល់​ខ្ពស់​​មួយ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពីន​ ដោយ​មានទី​ប្រឹក្សា​ធានារ៉ាប់រងជន​ជាតិ​ហ្វីលីពីនរាប់ពាន់នាក់ ដែល​កំពុង​ផ្ដល់​ការ​ប្រឹក្សា​ហិរញ្ញវត្ថុ​ដល់គ្រួសារហ្វីលីពីនជា​ច្រើន​នៅទូទាំងប្រទេសហ្វីលីពីន​។ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានការប្តេជ្ញាចិត្តខ្ពស់​ក្នុងការបម្រើសេវាកម្ម​នៅក្នុងប្រទេសដែលខ្លួនបានធ្វើ​ប្រតិបត្តិការ​អា​ជីវកម្ម​។ ចក្ខុវិស័យរបស់ក្រុមហ៊ុន​យើង​ គឺធ្វើ​យ៉ាង​ណា​បន្ត​ការ​រីក​ចម្រើន​ស្រប​ទៅ​នឹង​ប្រទេស​ដែល​យើង​ឈរ​ជើង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត​។​​។

 

តើក្រុមហ៊ុនមាន​ការ​អភិវឌ្ឍន៍​យ៉ាងដូចម្តេចខ្លះ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំកន្លង​មក​​នេះ​?

អាជីវកម្មរបស់​យើង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រោយ​ប្រតិបត្តិការ​អាជីវកម្ម​រយៈ​ពេល​ពីរ​ឆ្នាំ​​ ​យើងបានបើកការិយាល័យសាខា​មួយនៅខេត្តសៀមរាប ហើយ​ការិយាល័យ​សាខា​ដំបូង​នេះ​បង្ហាញ​ឱ្យ​យើង​ឃើញ​ពី​ភាព​ជោគជ័យ​យ៉ា​ង​ខ្លាំង​មួយ​​។ ក្រោយមកទៀត យើងបានបើកការិយាល័យ​សាខាចំនួន​ពីរទៀតនៅ​ខេត្តបាត់ដំបង និងខេត្ត​កំពង់ចាម។ បន្ទាប់មក យើងបាន​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ ចំនួន ៥​ ​ រួម​មាន​ធនាគារ ANZ Royal​ ធនាគារ ABA ធនាគារ Maybank ធនាគារ CIMB និង​ ធនាគារ FTB ដោយ​គ្រប់​ធនាគារ​​សុទ្ធតែ​មានសាខានៅតាមបណ្តាខេត្តសំខាន់ៗ ហើយយើងបានសហការជាមួយធនាគារ​ដៃ​​គូទាំង​អស់នេះ​​ ​ដើម្បីផ្តល់ជូននូវផលិតផលធានារ៉ាប់រងអាយុជីវិត និងដំណោះស្រាយការ​ពារ​អនាគត​​​ហិរញ្ញវត្ថុ​ដល់អតិថិជនរបស់​ធនាគារ​។ សមិទ្ធ​ផល​ដែ​ល​យើង​សម្រេច​បាន​ទាំង​អស់​នេះស្រប​គ្នា​យ៉ាង​ល្អ​ជាមួយចក្ខុវិស័យរបស់យើងក្នុង​ការ​កសាងអនាគតហិរញ្ញវត្ថុដ៏​ប្រសើរជាង​មុន​មួយ​សម្រាប់គ្រួសារកម្ពុជា។

 

ប្រភព​ពី​៖​ http://sea-globe.com/manulife-sees-promising-future-5-years-cambodia/