Manulife Home Country Youtube
Corporate Profile.jpg

ការសង្គ្រោះជីវិតនៅប្រទេសកម្ពុជា

 

ពីការព្យាបាល​ជំងឺបេះដូង ទៅ​ដល់ការចែកមួក​សុវត្ថិភាព ដែល​ទាំង​អស់​នេះជា​ការ​បង្កើត​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​មួយ​

 

 

ព្រះ​រាជា​ណាចក្រ​កម្ពុជា​ - ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាកន្លង​មក​នេះ​ សមាជិកនៃក្រុមហ៊ុន​ មេនូឡាយហ្វ៍​ នៅ​ទូទាំង​សកល​លោក ​បានធ្វើការរៃអង្គាសប្រាក់ ដើម្បី​ជួយដល់​មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា។ ដោយសារតែការរួម​ចំណែក​របស់​ពួក​យើង​ទាំង​អស់​គ្នា​ បូករួម​ជាមួយនឹងការចូល​រួម​ពីក្រុមហ៊ុនផង ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបរិច្ចាគជូនមន្ទីរពេទ្យនេះនូវ​​ទឹកប្រាក់ចំនួន ៨០ ០០០ ដុល្លារអាមេរិក បន្ទាប់ពីការរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអន្តជាតិ នៅអង្គរវត្ត (AWHM) កាលពីថ្ងៃទី ៣ ខែធ្នូ នេះ។

មន្ទីរពេទ្យកុមារ​អង្គរ​ ជាមន្ទីពេទ្យដែលផ្តល់ជូននូវការថែទាំ ប្រ​កប​ដោយ​ក្ដី​មេត្តា និងប្រកបដោយគុណភាពខ្ពស់ដល់កុមារ ​នៅក្នុងប្រទេសកម្ពុជា​ដោយមិនប្រកាន់ថា​ពួកគេមានលទ្ធភាពបង់ថ្លៃព្យាបាល ឬក៏អត់នោះទេ។ ទឹក​ប្រាក់​សប្បុរសធម៏​នេះនឹង​ជួយ​ឱ្យ​​កុមារកាន់តែច្រើន ថែមទៀត​​ទទួលបានការព្យាបាល​ជំងឺបេះដូង​ ដើម្បីឱ្យពួកគេអាចរស់នៅបានយូរ ​ ប្រកបដោយសុខភាពល្អជាងមុន។

ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនៃការធ្វើជាអ្នកឧបត្ថម្ភធំរបស់ AWHM យើងបាន​បរិច្ចាគទឹកប្រាក់ចំនួនជាង ២០០ ០០០ ដុល្លារអាមេរិក ដល់មន្ទីរពេទ្យនេះ តាមរយៈការរួមបញ្ចូលគ្នា នៃការរៃ​អង្គាស​ប្រាក់​ពី​ក្រុមហ៊ុន​ និងការរៃអង្គាសប្រាក់ពីបុគ្គលិកផ្ទាល់។

 

សកម្មភាព​ផ្សេងៗទៀតដែលយើងបានធ្វើ​ដើម្បី​ជួយ​ដល់សហគមន៍ក្នុងឆ្នាំនេះ៖

 

ការចែក​​មួកសុវត្ថិភាព៖ យើងបានផ្តល់មួកសុវត្ថិភាពចំនួនជាង​ ១ ០០០ មួក ដល់សិស្សានុសិស្ស​ អាណាព្យាបាល​ និងលោក​គ្រូ​ អ្នក​គ្រូ​នៅសាលាបឋមសិក្សា​វាលវង់​ ក្នុងខេត្តកំពង់ចាម។ ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃកិច្ចសហការរបស់យើង ​ដែលកំពុងធ្វើជាមួយ អង្គការមូលនិធិបង្ការបួស​អាស៊ី (AIP) ។ ចាប់តាំងពីឆ្នាំ ២០១២ មក យើងបានបរិច្ចាគមួកសុវត្ថិភាពច្រើនជាង ៥ ០០០ មួករួចមកហើយ ព្រមទាំងបានផ្តល់ការអប់រំផ្នែកសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាង ១០ ០០០ នាក់ផង​ដែរ​។

 

ការចែក​កង់៖ យើងបានផ្តល់កង់ចំនួន ៣០ និងមួកសុវត្ថិភាពចំនួន ៣០ មួកដល់អង្គការ Passerelles Numériques Cambodia ដែលជាអង្គការមិន​រក​ប្រាក់​ចំណេញ ធ្វើការដើម្បីជួយយុវជនកម្ពុជា ដែលមានជីវភាពក្រីក្រឱ្យទទួលបានឱកាសការងារ ​តាមរយៈការអប់រំនៅក្នុងផ្នែក​ឌីជីថល។

 

ការបរិច្ចាគកង់ សៀវភៅ អាវភ្លៀង និងសម្ភារផ្សេងៗទៀត៖ យើងបានបរិច្ចាគកង់ សៀវភៅ អាវភ្លៀង សម្ភារសិក្សា និងថវិកាមួយចំនួនដល់អង្គការគ្រួសារថ្មី ដែល​ជំនួយ​នេះ​អាច​ជួយ​ដ​ល់​សិស្ស​ជាង ៤០ នាក់នៃ​អង្គ​ការ​នេះ​ផងដែរ។ អង្គការមិនរកប្រាក់​ចំណេញ​​នេះ​ជួយដល់កុមារដែលមានជីវភាពក្រីក្រ តាមរយៈកម្មវិធីចំនួនបី៖ ការអប់រំសម្រាប់កុមារគថ្លង់ ឬពិការភ្នែក សុខុមាលភាពកុមារ និងការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និងសិល្បៈ។

 

សូមចុចត្រង់នេះ ដើម្បីអាន​បទ​សម្ភាសន៍​របស់កាសែត Phnom Penh Post ជាមួយលោក Robert Elliott  អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ ទាក់ទងទៅនឹងសកម្មភាព​ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំកន្លង​មក​នេះ​។​