បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ ខេមបូឌា អបអរខួប ១០​ ឆ្នាំក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រទិវារត់ប្រណាំង​អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង​នៅអង្គរវត្ត ក្រោមយុទ្ធនាការ “រត់ដើម្បីភាពកាន់តែប្រសើរ”

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅប្រទេសកម្ពុជា មានមោទកភាពក្នុងការប្រកាសខួបគម្រប់​ ១០ ឆ្នាំក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៣ ​ដែលបានឆ្លុះបញ្ចាំង​លើ​ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងអនាគតដ៏កាន់តែ​ប្រសើរឡើងសម្រាប់គ្រួសារកម្ពុជា។

   ចាប់តាំងពីឆ្នាំ ១៩៩៦ ទិ​វារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង​ត្រូវបានរៀបចំ​ឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ក៏ដូចជាអង្គការសប្បុរសធម៌ មន្ទីរពេទ្យតាមអង្គការ និងមន្ទីរពេទ្យនានាផងដែរ។

     ក្រោមប្រធានបទ “រត់ដើម្បីភាពកាន់តែប្រសើរ“ នាឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្តេជ្ញាជំរុញ និងបំផុសគំនិតប្រជាជនកម្ពុជាកាន់តែច្រើនឲ្យចូលរួមយុទ្ធនាការដូចខាងក្រោម​​​៖

  • រត់ដើម្បីសុខភាពកាន់តែប្រសើរ​
  • រត់ដើម្បី​បទពិសោធន៍កាន់តែប្រសើរ​​នៅប្រាសាទអង្គរវត្តដែល​ជាបេតិកភណ្ឌពិភពលោក​
  • រត់ដើម្បីជំរុញសេដ្ឋកិច្ចកាន់តែប្រសើរ​
  • រត់ដើម្បីលើកកម្ពស់សុខភាពកុមារកម្ពុជាកាន់តែប្រសើរ​តាមរយៈការបរិច្ចាគថវិកាសប្បុរសធម៌ជូន​ដល់មន្ទីរពេទ្យកុមារតាមរយៈព្រឹត្តិការណ៍នេះផងដែរ។

     លោក ចាន់ រដ្ឋា អគ្គនាយក​ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ការគាំទ្រ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងរយៈពេល ១០ ឆ្នាំកន្លងមកនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់ស្មារតីកីឡា​ប៉ុណ្ណោះទេ តែថែមទាំង​ជំរុញឲ្យទម្លាប់​រស់នៅប្រកបដោយសុខភាពល្អដល់បុគ្គលម្នាក់ៗផងដែរ។ ជាក់ស្តែង ដូច​ខ្លួន​ខ្ញុំផ្ទាល់ ខ្ញុំ​ចាប់ផ្តើមកីឡារត់នេះ ក៏ដោយសារ​បាន​ចូល​រួមព្រឹត្តិការណ៍រត់ប្រណាំង​​នេះជាលើក​ដំបូងកាលពី​​ឆ្នាំ ២០១៤»។

     លោកបានបន្ថែមថា៖ “ដោយមានកិច្ចសហការដ៏ល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្រុមហ៊ុនពិតជាបានមើលឃើញថា ព្រឹត្តិការណ៍នេះបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងទេសចរណ៍តាមរយៈអ្នកចូលរួមរាប់ម៉ឺននាក់មកកាន់ខេត្តសៀមរាបជារៀងរាល់ឆ្នាំ ស្របពេលជាមួយគ្នា បានរួមចំណែកជួយអង្គការសប្បុរសធម៌​​របស់កម្មវិធី ក៏ដូចជាយុទ្ធនាការរៃអង្គាសថវិការបស់ក្រុមហ៊ុនរបស់យើងផងដែរ។ សរុបមក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានមោទកភាពក្នុងនាមជាដៃគូដ៏យូរអង្វែង និងប្រកបដោយទំនុកចិត្តសម្រាប់ព្រឹត្តិការណ៍ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។ សូមចូលរួមជាមួយយើងខ្ញុំទាំងអស់​គ្នាក្រោមយុទន្ធាការ “រត់ដើម្បីភាពកាន់តែប្រសើរ”

     ការគាំទ្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងព្រឹត្តិការណ៍នេះក៏បានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅ​នឹងសសរស្តមសំខាន់ៗ​នៃបេសកកម្ម Manulife Impact Agenda របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល ដោយផ្តោតលើការលើកកម្ពស់សុខភាពរាងកាយ​ និងហិរញ្ញវត្ថុ​ ក៏ដូចជាជំរុញឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន​សម្រាប់ទាំងអស់គ្នា។

     ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះមានអត្ថន័យលើសពីការរត់ប្រណាំង។

     ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ “ការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាដៃគូប្រកបដោយទំនុកចិត្តខ្ពស់​រយៈពេលមួយទសវត្សរ៍នេះ បានផ្តល់ផលវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនៃទិវារត់ប្រណាំងនេះ រួមមានកំណើនអ្នកចូលរួម​ ​កំណើនសេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុក និងការគាំទ្រដល់សហគមន៍ដែលខ្វះខាតជាដើម”។

     ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ ២០២៣ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://www.cambodia-events.org/angkor-half-marathon/

 

គណៈកម្មការ​រៀប​ចំព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​នៅ អង្គវត្ត​
(Cambodia Event Organizer)
ទូរស័ព្ទ: 023 213 525 | 015 213 525 | 069 213 525
direct@cambodia-events.org / info@cambodia-events.org

 

ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន      

កញ្ញា ជា វិជាន​                                  

មន្ត្រីគ្រប់គ្រងផ្នែកទំនាក់ទំនង​

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា                                       

+855-12 244-323                                   

vichean_chea@manulife.com

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh