បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

លោក ចាន់ រដ្ឋា ទទួលតំណែងជាអគ្គ​នាយកប្រតិបត្តិជនជាតិខ្មែរដំបូងគេនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ​ខេមបូឌា

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេនៅកម្ពុជា មេនូឡាយហ្វ៍ (Manulife) បានប្រកាសតែងតាំងលោក​ ចាន់ រដ្ឋា ជាអគ្គនាយកប្រតិបត្តិ (CEO) និងជានាយកចាត់ការទូទៅ​ចាប់ពីថ្ងៃទី ២០ ខែ​មីនា ឆ្នាំ ២០២៣ នេះតទៅ។ ​លោក  ចាន់ រដ្ឋា គឺជាជនជាតិខ្មែរដំបូងគេបង្អស់ដែលបានទទួលតំណែង​ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនអន្តរជាតិមួយនេះ​។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន លោក​ ចាន់ រដ្ឋា គឺជាបុគ្គលិក​ដំបូងគេបង្អស់របស់ក្រុមហ៊ុន Manulife ​នៅពេលក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា​ក្នុងឆ្នាំ ២០១២ ​ ហើយលោកក៏បានបម្រើការងារអស់រយៈពេល ៨ ឆ្នាំរហូតដល់ឆ្នាំ ២០២០។ លោក ចាន់ រដ្ឋា មានបទពិសោធយ៉ាងច្រើន និងស៊ីជម្រៅ​ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុន Manulife នៅក្នុងទីផ្សារកម្ពុជា​។ លោកបានដឹកនាំនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុនឲ្យឈានមុខគេ និងទទួលបានតំណែងលេខ ១ នៅលើទីផ្សារ​ផងដែរ។​

លោក ចាន់ រដ្ឋា ទទួលបានពានរង្វាន់ Global Star of Excellence​ ពី Manulife ក្នុងឆ្នាំ ២០១៣ ហើយលោកត្រូវបានទទួលស្គាល់ជា Asia Young Leader of the Year ក្នុងឆ្នាំ ២០១៨ ដោយស្ថាប័នអន្តរជាតិ Asia Insurance Review។ ថ្មីៗនេះ លោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ​ថ្នាក់ មហាសេរីវឌ្ឍន៍ ផងដែរ។

លោក Sachin N. Shah អគ្គនាយកចាត់ការទូទៅ របស់ក្រុមហ៊ុន Manulife ប្រចាំតំបន់អាស៊ីទទួលបន្ទុកផ្នែកទីផ្សារកំពុងរីកចម្រើន បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជារំភើបណាស់ដែលបានស្វាគមន៍ លោក ចាន់ រដ្ឋា មកកាន់ក្រុមហ៊ុន Manulife។ បទពិសោធន៍ ចំណេះដឹង ក៏ដូចជាការទទួលស្គាល់របស់លោក ចាន់ រដ្ឋា​ ស័ក្តិសមបំផុតសម្រាប់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ក្រុមហ៊ុន Manulife ក្នុងការបន្តកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរជូនក្រុមគ្រួសារកម្ពុជា»។

គួរបញ្ជាក់ផងដែរថា លោក ចាន់ រដ្ឋា ទទួលតំណែង​បន្តពីលោក Justin Helferich ដែលបានដឹកនាំក្រុមហ៊ុន Manulife​​  ឆ្លងកាត់​​បញ្ហា​ប្រឈមពីខាងក្រៅ​​ដែលមិនធ្លាប់មានពីមុខមក​​ ស្របពេលជាមួយគ្នានោះ បានបន្តរក្សាការ​រីកចម្រើនរបស់ក្រុមហ៊ុនឲ្យនៅតែរឹងមាំសម្រាប់ថ្ងៃអនាគត។

ក្រៅពីតួនាទីនៅក្នុងក្រុមហ៊ុន លោក Justin ក៏ជាអនុប្រធានគណៈកម្មការប្រតិបត្តិ​នៃសមាគមធានារ៉ាប់រងកម្ពុជាផងដែរ ដោយលោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវភាពជាអ្នកដឹកនាំ ផ្នត់គំនិត និងចូលរួមសម្របសម្រួលកិច្ចសហការរវាងវិស័យឯកជន និងនិយ័តករពាក់ព័ន្ធនឹងការបង្កើតបទប្បញ្ញត្តិនានា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការរីកចម្រើនរបស់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផងដែរ។

លោក Sachin បានបន្ថែមទៀតថា៖ «ឆ្នាំ ២០២២ កន្លងទៅនេះ យើងមានមោទកភាពដែលបានប្រារព្ធខួប ១០ ឆ្នាំនៃទំនុកចិត្តនៅកម្ពុជា​ ដែលក្រុមហ៊ុន Manulife នៅតែបន្តរក្សាបាននូវតំណែង​ និងការរីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់លោក Justin»។ 

 

នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២ Manulife គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់ដែលបានចូលមកទីផ្សារកម្ពុជា ហើយបានណែនាំប្រជាពលរ​ដ្ឋខ្មែរឲ្យបានយល់ដឹង​ និងស្គាល់អំពីផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិត។ ក្រុមហ៊ុនបានបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូន​ប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះ Manulife បាននិងកំពុងផ្តល់ការការពារអនាគតហិរញ្ញវត្ថុជូនអតិថិជនជាង ១០១.០០០ នាក់ និងផ្តល់សំណងជាទឹក​ប្រាក់សរុបជិត ១០.០០០.០០០ ដុល្លារអាមេរិក​ជូនអតិថិជននៅកម្ពុជា។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅតែបន្តរក្សាតំណែងលេខ ១ ​ក្នុងនាមជាក្រុមហ៊ុនដែលមានចំណែកទីផ្សារច្រើនជាងគេ (សម្រាប់ចំនួនបុព្វលាភធានារ៉ាប់រងឆ្នាំដំបូង) ក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុនក៏បានផ្តល់ទឹកប្រាក់ត្រលប់ទៅវិញដល់អតិថិជនដែលមានបណ្ណសន្យារ៉ាប់រង​ដល់កាលកំណត់ដំបូងគេនៅកម្ពុជា ហើយនឹងបន្តផ្តល់ជូន​ប្រមាណ​ ១.០០០.០០០ ដុល្លារអាមេរិកដល់អតិថិជនកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានចំណាយថវិកាជាង ៥.០០០.០០០​ ដុល្លារអាមេរិករួចមកហើយក្នុងសកម្មភាពទំនួលខុសត្រូវសង្គម​រួមមាន​ ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ការចែកមួកសុវត្ថិភាព ​ការឧបត្ថម្ភ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត​​ ការរៃអង្គាសថវិកា​ដល់មន្ទីរពេទ្យកុមារ​​ ការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ និងកម្មវិធីនានាជាច្រើនទៀត។ ​

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលបានពង្រីកវិសាលភាពអាជីវកម្ម​ទៅកាន់ខេត្ត សៀមរាប កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ និងព្រះសីហនុ ដើម្បី​ឱ្យក្រុមគ្រួសារកម្ពុជាកាន់តែច្រើនឡើងៗទទួលបានការការពារផ្នែកហិរញ្ញវត្ថុ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន មេនូឡាយហ្វ៍​ ហ្វាយនែនសល​ (Manulife Financial Corporation)។ ដោយមានទីស្នាក់ការកណ្តាលជាសកល​នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ក្រុមហ៊ុនផ្តល់​ការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​​ និងដំណោះស្រាយ​ធានារ៉ាប់រង​តាមរយៈប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ ​នៅប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន​ John Hancock នៅសហរដ្ឋអាមេរិ​ក​ ហើយកំពុងការពារ​អតិថិជនជាង ៣៤.០០០.០០០ នាក់នៅទូទាំងសកលលោក៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh