We and our partners use cookies and other similar technologies to personalize and enhance your digital online experience. We want to ensure your privacy, and we use cookies only for security, website operations, and to analyze website usage. We also use cookies to improve website performance, and deliver targeted advertising. By clicking “Accept all cookies”, you agree to the use of cookies for these purposes. Or, select “Cookie settings” below and choose which cookies you’d like to accept. Learn more by reading our Online Privacy Statement.

View more
Skip to main content Skip to notification content
Back

កំណត់សំអាង​ (កិច្ចសន្យាធានារ៉ាប់រងបណ្ដោះអាសន្ន)

 

1.  កម្មវត្ថុនៃកំណត់សំអាង                                     

កំណត់សំអាង ជាកិច្ចសន្យាធានារ៉ាប់រងបណ្ដោះអាសន្ន ដែលផ្តល់ជូនដោយ ​ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី (តទៅនេះហៅកាត់ថា​ “ក្រុមហ៊ុន”)​ មុនការអនុម័តកិច្ចសន្យាធានារ៉ាប់រងស្ថាពរ​ ដោយអនុលោមតាម ខ និងលក្ខខណ្ឌនៃកំណត់សំអាងនេះ។ 

2.  ថិរវេលា និងសុពលភាពនៃកំណត់សំអាង

កំណត់សំអាងនេះ នឹងមានសុពលភាព បន្ទាប់ពីសំណុំឯកសារនៃទម្រង់បែបបទនៃការស្នើសុំការធានារ៉ាប់រងត្រូវបានបញ្ជូន និងបុព្វលាភធានារ៉ាប់រងដំបូងត្រូវបានបង់គ្រប់ចំនួនមកកាន់ក្រុមហ៊ុន។

កំណត់សំអាងនេះ នឹងត្រូវបញ្ចប់សុពលភាពនៅកាលបរិច្ឆេទណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖

(ក)    កាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង

(ខ)    កាលបរិច្ឆេទដែលក្រុមហ៊ុនបានផ្ញើលិខិតជូនដំណឹងទៅកាន់អ្នកស្នើសុំការធានារ៉ាប់រង អំពីការបដិសេធសំណើសុំការធានារ៉ាប់រង ឬ

(គ)    កៅសិប (90​) ថ្ងៃ គិតពីកាលបរិច្ឆេទដែលទម្រង់បែបបទស្នើសុំការធានារ៉ាប់រង ឬទម្រង់បែបបទយល់ព្រមលើការដាក់ពាក្យស្នើសុំការធានារ៉ាប់រងជាលក្ខណៈអេឡិចត្រូនិកត្រូវបានចុះហត្ថលេខា។​

3.  សេចក្ដីសង្ខេបនៃការធានារ៉ាប់រងបណ្ដោះអាសន្ន និងចំនួនទឹកប្រាក់ធានារ៉ាប់រង

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្នុងអំឡុងពេលកំណត់សំអាងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវកំណត់ត្រឹម៖

(ក)    ប្រាំបួនពាន់ (9,000) ដុល្លារអាម៉េ រិក (ឬចំនួនក្នុងរូបិយប័ណ្ណផ្សេងដែលសមមូល)​ ប្រសិនបើទឹកប្រាក់ធានារ៉ាប់រងដែលបានស្នើសុំមានចំនួនច្រើនជាង ឬ ស្មើប្រាំបួនពាន់ (9,000) ដុល្លារអាម៉េ រិក ឬ  

(ខ)    ស្មើនឹងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានស្នើសុំ ​ប្រសិនបើទឹកប្រាក់ធានារ៉ាប់រងដែលបានស្នើសុំមានចំនួនតិចជាង ប្រាំបួនពាន់ (9,000) ដុល្លារអាម៉េ រិក។ 

ក្នុងករណីប្រាក់សំណងដែលត្រូវទូទាត់តាមកំណត់សំអាងនេះ មានចំនួនតិចជាងទឹកប្រាក់ធានារ៉ាប់រងដែលបានស្នើសុំ នោះក្រុមហ៊ុននឹងសងត្រលប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ទឹកប្រាក់ធានារ៉ាប់រងដែលលើស ជូនទៅឱ្យអ្នកទទួលផលដែលបានកំណត់ក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងដែលបានដាក់ជូនក្រុមហ៊ុន។​​

ភ្នាក់ងារធានារ៉ាប់រង ឬបុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬវេជ្ជបណ្ឌិត (ពិនិត្យសុខភាព) ពុំមានសិទ្ធិក្នុងការកែប្រែ កែតម្រូវ ឬផ្លាស់ប្តូរលើ ខ និងលក្ខខណ្ឌនៃកំណត់សំអាងនេះឡើយ ទោះបីក្នុងទម្រង់ណាមួយក៏ដោយ។

៤.  ករណីមិនធានា

ក្រុមហ៊ុននឹងបដិសេធសំណើទាមទារសំណង ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម ហើយទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង់ត្រលប់វិញនូវបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់រួច ដោយដកចេញវិញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ និងចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)៖

(ក)    ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

(ខ)    ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត

(គ)    ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ

(ឃ)   ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) ឬ

(ង)    មូលហេតុណាមួយដែលស្ថិតនៅក្រោមករណីមិនធានាក្នុងកិច្ចសន្យាធានារ៉ាប់រងដែលបានស្នើសុំ​ ឬ

(ច)    ព្រឹត្តិការណ៍មួយ ឬព្រឹត្តិការណ៍ដែលកើតឡើងជាបន្តបន្ទាប់គ្នា ដែលបានកើតឡើងមុនពេលដែល​កំណត់សំអាងចាប់ផ្តើមមានសុពលភាព។​

ប្រសិនបើ ក្រុមហ៊ុនយល់ព្រមទទួលសំណើសុំការធានារ៉ាប់រងដែលបានស្នើសុំ ដោយពុំមានការប្រែប្រួល នោះបុព្វលាភធានារ៉ាប់រងដំបូងដែលបានទទួលនឹងត្រូវបានទទួលស្គាល់ជាបុព្វលាភធានារ៉ាប់រងដំបូងដែលត្រឹមត្រូវស្របតាមបណ្ណសន្យារ៉ាប់រង។​

ប្រសិនបើ ក្រុមហ៊ុនបដិសេធទម្រង់បែបបទស្នើសុំការធានារ៉ាប់រង​​ ឬ​អ្នកស្នើសុំបដិសេធមិនទទួលយក​បណ្ណសន្យារ៉ាប់រងដោយប្រការណាមួយ នោះក្រុមហ៊ុននឹងបង់ត្រលប់វិញនូវបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់រួច ដោយដកចេញវិញនូវបំណុលណាមួយ (បើមាន) និងចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។

ចាន់ រដ្ឋា

អគ្គនាយក

ក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី


អគារធីខេសេនត្រល លេខ ១២ ជាន់ទី ១៤ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ផ្នែកសេវាបម្រើអតិថិជន (ទូរសព្ទឥតគិតថ្លៃ)៖ ១៨០០ ២១១ ២១១ www.manulife.com.kh www.facebook.com/ManulifeKH

 

កំណត់សម្គាល់

ប្រសិនបើលោកអ្នកពុំទាន់ទទួលបានកិច្ចសន្យាធានារ៉ាប់រង ក្នុងរយ:ពេល កៅសិប (90) ថ្ងៃ ចាប់ពីកាលបរិច្ឆេទស្នើសុំការធានារ៉ាប់រង សូមមេត្តាទាក់ទងមកក្រុមហ៊ុនដើម្បីសាកសួរព័ត៌មាន។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនទទួលយកការបង់បុព្វលាភធានារ៉ាប់រងជាសាច់ប្រាក់ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ក្រុមហ៊ុន ហាមឃាត់ជាដាច់ខាត មិនឱ្យភ្នាក់ងារធានារ៉ាប់រង តំណាងផ្នែកលក់ និងបុគ្គលិករបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ប្រមូល ឬទទួលបុព្វលាភធានារ៉ាប់រងជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ តាមវិធីសាស្រ្តផ្សេងៗ (ដូចជា ការផ្ទេរប្រាក់តាមទូរសព្ទដៃ ឬទៅកាន់គណនីផ្ទាល់ខ្លួន) ជំនួសឱ្យក្រុមហ៊ុនឡើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយ ដែលកើតឡើងពីការបង់បុព្វលាភធានារ៉ាប់រងទៅកាន់បុគ្គលដែលមិនមានសិទ្ធិ ឬតាមរយៈវិធីបង់ប្រាក់ដែលមិនត្រូវបានអនុម័តដោយក្រុមហ៊ុននោះទេ។ ដើម្បីការពារ សិទ្ធិ និងផលប្រយោជន៍របស់ខ្លួនអតិថិជនត្រូវបង់បុព្វលាភធានារ៉ាប់រង តែតាមរយៈធនាគារដៃគូរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ឬវិធីសាស្រ្តបង់ប្រាក់អេឡិចត្រូនិកផ្លូវការដែលបានអនុម័តដោយក្រុមហ៊ុនប៉ុណ្ណោះ។