បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុម​ហ៊ុន​​ មេនូឡាយហ្វ៍​ ខេមបូឌា​ ចុះ​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហការ​ជាដៃគូ​ចែក​ចាយ​ផលិតផល​ធានា​រ៉ាប់​រង​អាយុជីវិត​ជាមួយ​ធនាគារ​ វឌ្ឍនៈអាស៊ី​ ចំកាត់ (ABA)

Photo by KPR, Cambodia's Number 1 Event Photography Service Since 2010. More info http://qr.KPR.nu

ភ្នំពេញ​, កម្ពុជា​  - នៅ​ថ្ងៃ​នេះ​ ក្រុម​ហ៊ុន ​​មេនូ​ឡាយហ្វ៍​ ខេមបូឌា​ និង​ធនាគារ​ វឌ្ឍនៈអាស៊ី​ ចំកាត់​ (ABA)​ បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​​កិច្ច​សហការ​ជាដៃ​គូ​ចែក​ចាយ​ផលិត​ផល​ធានារ៉ាប់​រង​អាយុ​ជីវិត​​ ដើម្បី​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ធានារ៉ាប់​រងអាយុ​​ជីវិត​ដល់​អតិថិ​ជន​របស់​ធនាគារ​ ABA​ នៅ​ទូទាំង​ប្រទេសកម្ពុជា។​ ​ចាប់​តាំង​ពី​ការ​​​ផ្ដើម​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មិថុនា​ ឆ្នាំ ​​២០១២ មក​  កិច្ច​ព្រម​ព្រៀង​នេះ​ជា​ការ​ចាប់​ជា​ដៃ​គូ​ជាមួយ​ធនាគារ​ទី​បីហើយ​  ​​​ដើម្បី​លក់ ផលិតផល​ធានារ៉ាប់​រង​អាយុជីវិត​តាម​ធនាគារ​ ​ ។​

លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និងនាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា​ «ពួក​យើង​រីក​រាយ​ក្នុង​ការ​ចាប់​ជា​ដៃ​គូ​ជា​មួយ​ធនាគារ​ ABA ដែលជា​ធនាគារ​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ធនាគារ​លំដាប់​កំពូល​នៅ​ក្នុង​ព្រះរាជាណាចក្រ​​កម្ពុជា​ ដើម្បី​ជួយ​ក្រុម​គ្រួ​សារ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះឱ្យ​​សម្រេច​បាន​នូវ​ក្ដី​សុបិន​ និង​បំណង​ប្រាថ្នា​ផ្នែកហិរញ្ញវត្ថុ​​របស់​ពួក​គេ។​ កិច្ច​ព្រម​ព្រៀងលើ​​ការ​លក់​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តាម​ធនាគារ​នេះ​​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​ ខេម​បូឌា​ ពង្រីកវិសាលភាព​របស់​ខ្លួន​ទៅ​ដល់​អតិថិជន​ជា​ច្រើន​នាក់​​ផ្សេងទៀត​ ព្រម​ទាំង​​ផ្ដល់​នូវ​ការ​ប្រឹក្សា​យោបល់​ និង​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ ទាក់​ទង​នឹង​ការ​​ការ​ពារ​ប្រភព​​ចំណូល​ផ្សេងៗ​របស់​ពួក​គេ​ ​ អនាគត​នៃ​ការ​សិក្សា​របស់​បុត្រ​ធីតា​ និង​ការ​សន្សំ​នៅ​ក្នុង​ក្រុម​គ្រួ​សារ​ទាំងអស់​។​»

លោក​ Askhat Azhikhanov អគ្គ​នាយក​ប្រតិបត្តិ​របស់ធនាគារ ABA មាន​ប្រសាសន៍​ថា​​ «​នៅ​ថ្ងៃ​នេះ​ ពួក​យើងមាន​មោទនភាព​ជាខ្លាំងក្នុង​ការ​ប្រកាស​ភាព​ជាដៃគូ​របស់​យើង​ជា​មួយ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេម​បូឌា​​ ដែល​ជា​ក្រុមហ៊ុន​មួយក្នុង​ចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​អាយុ​ជីវិត​ឈានមុខ​លំដាប់​ថ្នាក់​ពិភពលោក។​​ យើង​ជឿ​ជាក់​ថា​ ​កិច្ច​សហការ​ជាដៃគូ​នេះ​​នឹ​ងជួយ​ពង្រឹង​លទ្ធភាព​ក្នុង​ការ​ចែក​ចាយ​ផលិត​​ផល​ធានារ៉ាប់​រងអាយុ​​ជីវិត​តាម​ធនាគារ​​របស់ក្រុម​ហ៊ុ​ន ​​មេនូឡាយហ្វ៍​ ខេមបូឌា​ ក៏ដូចជា​ជួយ​ឱ្យ​អតិថិជន​របស់​យើង​សម្រេច​បាន​នូវ​គោល​ដៅ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។»​

ការ​លក់ផលិត​ផល​​ធានារ៉ាប់​រងអាយុជីវិត ​​តាម​ធនាគារ​​ជា​ចំណុច​គន្លឹះ​ដ៏សំខាន់​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ​ដើម្បី​ពង្រឹង​ និង​បង្កើត​ឱ្យ​មាន​ជម្រើសផ្សេងៗគ្នា​​ក្នុង​ការ​ចែក​ចាយផលិតផល​​របស់​ខ្លួន​ និង​ជម្រុញ​បន្ថែមពី​លើ​ការ​បែង​ចែក​ផលិតផល​ធានា​រ៉ាប់​រង​អាយុ​ជីវិត​​​ តាម​រយៈ​ទីប្រឹក្សា​ធានារ៉ាប់​រង​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​។​ តាម​រយៈ​ភាព​ជា​ដៃ​គូ​នេះ​ ក្រុម​ហ៊ុន ​មេនូឡាយហ្វ៍​ នឹង​ធ្វើ​ការ​ពង្រឹង​ផ្សព្វផ្សាយ​បន្ថែម​នូវ​ស្លាកយី​ហោ​របស់​ខ្លួន​ ការ​ឈរ​ជើង​លើ​ទី​ផ្សារ​ដ៏រឹង​មាំ​​ និងពង្រីក​បន្ថែម​​នូវ​មូល​ដ្ឋាន​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ចាប់​ពីពេល​នេះតទៅ​​ អតិថិជន​របស់​ធនាគារ​ ABA​​ នឹង​អាច​ពិភាក្សា​ពី​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​​ និង​ជាវ​​ផលិត​ផល​ធានារ៉ាប់​រងអាយុ​​ជីវិត​ពី​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ តាម​រយៈ​មន្ត្រី​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង​ដែល​ប្រចាំ​ការ​នៅ​សាខា​ចំនួន​ ១១​​ របស់​ធនាគារ​ ABA​។​ សាខា​ទាំងនោះ​រួម​មាន​ ៨​ សាខា​នៅ​ទីក្រុង​ភ្នំពេញ​ - ​សាខា​ទីស្នាក់ការ​កណ្ដាល​ សាខា​ម៉ៅសេទុង​ សាខា​ទឹកថ្លា​ សាខា​កណ្ដាល​ សាខា​បុរីកីឡា​ សាខា​ផ្សារ​ធំថ្មី​ សាខា​ទួលគោក​ និង​សាខា​ស្តាត​ចាស់​ ព្រម​ទាំង​បីសាខា​ផ្សេងទៀត​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៣​ ដូចជា​ខេត្ត​សៀម​រាប​ ខេត្ត​បាត់​ដំបង​ និង​ខេត្ត​ព្រះសីហនុ។