បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន​ មេនូឡាយហ្វ៍  ប្រារព្ធ​ខួប​ ៤​ ឆ្នាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ភ្នំពេញ កម្ពុជា – ក្រុមហ៊ុន​​ មេនូឡាយហ្វ៍​ ខេមបូឌា​ បាន​ប្រារព្ធ​​​ខួប​ ៤​ ឆ្នាំ​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជាកាលពី​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា​ កន្លងមកនេះ ​។​ នៅ​ខែ​មិថុនា​ ឆ្នាំ  ២០១២​​ ក្រុមហ៊ុន​បាន​ចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម​របស់​ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់​រង​អាយុ​ជីវិត ​លំដាប់​ថ្នាក់​អន្តរជាតិ​ដែល​មាន​ភាគ​ហ៊ុន​បរទេស​ ១០០%​ ដំបូង​គេ​ ក្នុងគោលបំណង ​ផ្ដល់ជូននូវ​ដំណោះស្រាយ​ធានារ៉ាប់​រង​អាយុជីវិត ​ដែល​សម​ស្រប​តាម​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ របស់​ក្រុម​គ្រួ​សារ​កម្ពុជា​។​ ការអបអរសាទរ នេះបានប្រារព្ធឡើងនៅសណ្ណាគារឡឺរ៉ូយ៉ាល់ និងមាន​ការ​អញ្ជើញ​ចូល​រួម​ ពី​អតិថិជន​រាប់រយ​នាក់​ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រម​ទាំង​​អ្នកតំណាង​​មក​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​​ផង​ដែរ។

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​​ ជា​ក្រុមហ៊ុន​ធានារ៉ាប់​រងអាយុជីវិត​​លំដាប់​ថ្នាក់អន្តរជាតិ​ដែល​ទទួ​ល​បាន​ការ​ជឿ​ទុក​ចិត្ត​ពីសំណាក់អតិថិជន និង​មាន​ប្រវត្តិ​អាជីវកម្ម​របស់​ខ្លួន​ជាង​ ១២៥​ ឆ្នាំ​មកហើយ​ដោយ​យើង​មាន​ប្រតិបត្តិ​ការ​ធំៗ​នៅ​ប្រទេស​​កាណាដា​ សហរដ្ឋ​អាមេរិក​ និង​ទីផ្សារ​ទាំង​ ១១​ ក្នុង​តំបន់​អាស៊ី​។​ ក្នុង​អំឡុង​ពេល​ ៤​ ឆ្នាំ​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅ​កម្ពុជា​ ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ បាន​ការ​ពារ​អាយុ​ជីវិត​ប្រជាជន​​ជាង​ ២២​ ០០០ នាក់​ ជាមួយ​នឹង​ទឹក​ប្រាក់​ធានា​សរុប​ចំនួន​ជាង​ ៤០០ លាន​ដុល្លារ​អាមេរិក​។​

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ បាន​ពង្រីក​វិសាល​ភាព​ នៃ​ការ​ការ​ពារ​ទៅ​កាន់​ក្រុម​គ្រួសារ​កម្ពុជា​ជា​ច្រើន​ទៀត​តាម​រយៈ ​ការ​បើក​ការិយាល័យ​សាខា​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ ខេត្ត​បាត់​ដំបង​ និង​ខេត្ត​កំពង់​ចាម​។​ ក្រុមហ៊ុន​ក៏​បាន​ចាប់​ជា​ដៃគូ​ជា​មួយ​ធនាគារ​ធំៗដូចជាធនាគារ ANZ Royal ធនាគារ​ Maybank និង​ធនាគារ​ ABA ដើម្បី​ផ្ដល់ជូននូវ​ដំណោះ​ស្រាយលើការ​ការ​ពារ​អាយុជីវិត​ និង​ហិរញ្ញវត្ថុ​ជូន​ដល់​អតិ​ថិជន​​។​ លើសពីនេះទៀត ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Wing​ ដើម្បី​ធ្វើ​ឱ្យ​ការ​បង់​បុព្វលាភ​រ៉ាប់​រង​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​​ដោយ​អតិថិ​ជន​អាច​បង់តាម​រយៈ​ទូរស័ព្ទ​ដៃ​ ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នាក់ងារ​ Wing​ ណាមួយ​ដែល​នៅ​ជិត​បំផុត​។

នៅក្នុង​កម្មវិធី​ប្រារព្ធ​ខួប​ ៤​ ឆ្នាំ​នេះ​​ដែរ​ លោក​ Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ បានមាន​ប្រសាសន៍​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​រយៈ​ពេល​វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ និង​ផលិត​ផល​ធានារ៉ាប់​រង​អាយុជីវិត​លំដាប់​ថ្នាក់​ពិភពលោក​របស់​ខ្លួន​ថា​៖​ «​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ប្ដេជ្ញា​បន្ត​ឆន្ទៈ​ដ៏​មុត​មាំ​របស់​យើង​ក្នុង​ការ​ជួយ​ក្រុម​គ្រួសារ​កម្ពុជា​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​មួយ​។​ យើង​ចង់​ឱ្យ​អតិថិជន​របស់​យើង​អស់​ក្ដី​បារម្ភ​ក្នុង​ការ​រស់​នៅ​ និង​ប្រកប​ការ​ងារប្រចាំ​ថ្ងៃ​ដោយ​ដឹង​ថា​អនាគត​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ត្រូវ​បាន​ការ​ពារ​ដោយ​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​។​ យើង​ធានា​ថា​ប្រសិន​បើ​មាន​ហេតុ​ការ​អាក្រក់​ណាមួយ​កើត​ឡើង​ដោយ​មិន​បាន​ត្រៀម​ទុកជាមុន​មក​លើ​មេគ្រួសារ​ បន្ទុក​ហិរញ្ញ​វត្ថុ​របស់​គ្រួសារ​នោះ​នឹង​មិន​ធ្លាក់​លើ​ប្ដី​ ប្រពន្ធ​ ឬ​កូន​របស់​ពួក​គេ​ទេ​ ប៉ុន្តែ​វា​នឹង​ក្លាយជា​បន្ទុក​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ទៅវិញ​។​»​

 

ចាប់​តាំ​ង​ពី​ការ​ចាប់​ផ្ដើម​អាជីវកម្មរបស់​ខ្លួន​នៅ​កម្ពុជា​មក​ ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា បានរៀបចំ ជា​​វគ្គ​សិក្ខាសាលា​ជា​ច្រើន ​សម្រាប់​សាធារណជន​ និង​ថែម​ទាំង​មានយុទ្ធនាការ​ផ្សព្វ​ផ្សាយ​នានា​ ដើម្បី​ជម្រុញ​ការ​យល់​ដឹង​ពី​សារៈសំខាន់​ នៃ​ការ​ធានារ៉ាប់​រង​អាយុជីវិត​ សម្រាប់​ក្រុម​គ្រួសារ​កម្ពុជា។​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ ​បាន​ធ្វើ​ឱ្យ​ប្រជាជនគោលដៅ​​ ៩០​%​ ទទួលបាននូវព័ត៌មាន ទាក់ទងនឹងក្រុមហ៊ុន និងផលប្រយោជន៏នៃការធានារ៉ាប់រងអាយុជីវិត។

បន្ថែម​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការបញ្រ្ជាបព័ត៌មាន ទាក់ទងនឹងអត្ថន័យនៃការ​ធានារ៉ាប់​រងអាយុ​ជីវិត​​​ ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​គាំ​ទ្រ​សហគមន៍​ តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរ​ពេទ្យ​កុមារ​ ការ​ចែក​កង់​ និងមួកសុវត្ថិភាពជូន​ដល់​សិស្សានុសិស្ស ​ដែល​ជួប​ការ​ខ្វះ​ខាត​ ការ​លើក​កម្ពស់​ការ​យល់​ដឹង ​ពី​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក​ ក៏ដូចជា​ការ​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​តាមរយៈ ​ការ​ឧបត្ថម្ភ​កម្មវិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​​ដែល​ធ្វើ​ឡើង​នៅតំបន់​អង្គរ​ ខេត្ត​សៀមរាបផងដែរ​។