បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបួសអាស៊ីផ្តល់មួកសុវត្ថិភាព និងការអប់រំស្តីពីគ្រោះថ្នាក់ចរាចរណ៍ដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ, ថ្ងៃទី ២៥​ ខែវិច្ឆិកា ឆ្នាំ ២០២១

ក្រុមហ៊ុន មេនូ​ឡាយហ្វ៍ ខេមបូឌា បានចូលរួមសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងការផ្តល់អំណោយមួកសុវត្ថិភាពចំនួន ៨៨៩ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអូរអំបិល នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃកម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” នាឆ្នាំនេះ។  ​

 

ចាប់តាំងពីការបើកដំណើរការគ្រឹះស្ថានអប់រំ​គ្រប់កម្រិតទូទាំងប្រទេសឡើងវិញកាលពីថ្ងៃទី ០១ ខែវិច្ឆិកា កន្លងទៅ ដោយការអនុវត្តវិធានការសុខាភិបាល​ប្រឆាំងនឹងជំងឺកូវីដ-១៩​ កម្មវិធីនេះបានប្រព្រឹត្តទៅស្របគ្នាយ៉ាងល្អឥតខ្ចោះ​ដោយសិស្សានុសិស្សទទួលបាននូវការការពារមិនត្រឹមតែនៅក្នុងសាលារៀនប៉ុណ្ណោះទេ ហើយថែមទាំងនៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនជាមួយនឹងមួកសុវត្ថិភាពប្រកបដោយគុណភាព​ ព្រមទាំងការអប់រំទាក់ទងនឹងសុវត្ថិភាពចរាចរណ៍តាមរយៈកម្មវិធីនេះទៀតផង។​

យោងតាមអង្គការមូលនិធិបង្ការរបួសអាស៊ីបានឱ្យដឹងថា ទោះបីជាមានការដាក់ឱ្យអនុវត្ត ច្បាប់ដែលកំណត់ពីការពាក់មួកសុវត្ថិភាពជាទូទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ក៏ដោយ ក៏ការអង្កេតលើសិស្សានុសិស្សនៅសាលាបឋមសិក្សាអូរអំបិលបង្ហាញថាមិនមានសិស្សណាម្នាក់ពាក់មួកសុវត្ថិភាពឡើយ។  ប្រមាណ ៧០% នៃសិស្សានុសិស្សនៅសាលាបឋមសិក្សាអូរអំបិលធ្វើដំណើរទៅសាលាដោយជិះម៉ូតូ ឬកង់។  លើសពីនេះទៀត សិស្សានុសិស្សមួយចំនួនធំនៅសាលាបឋមសិក្សាអូរអំបិលមកពីគ្រួសារដែលមានចំណូលទាប ដែលធ្វើឱ្យមាតាបិតាមានការលំបាកក្នុងការទិញមួកសុវត្ថិភាពសម្រាប់កូនៗរបស់ពួកគាត់ប្រើប្រាស់ ។

ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ សាលាបឋមសិក្សាអូរអំបិលមានទីតាំងនៅតំបន់មានហានិភ័យខ្ពស់មួយដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥។ ដង់ស៊ីតេនៃចរាចរណ៍ ជាពិសេសអំឡុងពេលធ្វើដំណើរទៅមកសាលារៀន ធ្វើឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលរបស់សិស្សងាយប្រឈមនឹង គ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង។ ជាក់ស្ដែងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ បានបង្ហាញថា មានសិស្សានុសិស្ស ១៥ នាក់ និងអាណាព្យាបាលរបស់ពួកគេចំនួន ៥ នាក់ បានទទួលរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្បែរសាលារៀននេះ។ "

 

លោកជំទាវ​ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេ​ខាធិ​​ការគណៈកម្មា​ធិការ​​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​​ បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះ អង្គការមូលនិធិបង្ការរបួសអាស៊ី និង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលបានផ្តល់ការគាំទ្រកម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” ចាប់តាំងពីឆ្នាំ ២០១២    មក។ ឆ្នាំនេះ យើងបានជ្រើសរើស សាលាបឋមសិក្សាអូរអំបិល នៅក្នុងខេត្តបន្ទាយមានជ័យដោយសារតែសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ធ្វើដំណើរមកសាលារៀន តាមទោចក្រយានយន្តមានកម្រិតខ្ពស់ ប៉ុន្តែមិនទាន់បានប្រើប្រាស់មួកសុវត្ថិភាព ដែលធ្វើឱ្យការពាក់មួកសុវត្ថិភាពក្លាយជារឿងដែលចាំបាច់សម្រាប់ការពារអាយុជីវិត។​ ការផ្តល់មួកសុវត្ថិភាពគឺមានភ្ជាប់ជាមួយការផ្សព្វផ្សាយអប់រំអំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅក្នុងចំណោមលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សដោយផ្ទាល់ និងតាម online ដោយផ្អែកតាមស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩។ ទាំងនេះគឺជាគន្លឹះដ៏សំខាន់ ក្នុងការលើកទឹកចិត្តឱ្យមានសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង។  ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវឱ្យកុមារ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូទាំងអស់ពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ពេលវេលា​ពេលធ្វើដំណើរ​​នៅលើដងផ្លូវទោះទៅទីជិត ឬឆ្ងាយដើម្បីការពារការប៉ះទង្គិចក្បាលក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ កម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” គឺជាកម្មវិធីមួយដែលមានប្រសិទ្ធភាពក្នុងការបង្កើនការពាក់មួកសុវត្ថិភាព ដែលជាវិធីសាស្រ្តល្អបំផុតក្នុងការកាត់បន្ថយការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ កម្មវិធីនេះរួមបញ្ចូលនូវការបង្ការជាមួយនឹងសកម្មភាព ដោយផ្តល់នូវការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយឱកាសនៃការទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយលើកទឹកចិត្តឱ្យមានឥរិយាបថប្រកបដោយសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ផ្លូវជំនាន់ក្រោយៗទៀត។”

 

លោក Justin Helferich អគ្គ​នាយក​ប្រតិបត្តិ​​ និង​ជានាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន ​មេនូឡាយហ្វ៍​ ខេមបូឌា បានបញ្ជាក់ថា៖ យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីជួយសង្រ្គោះប្រជាជនកម្ពុជា និងលើកកម្ពស់​សហគមន៍​មាន​សុវត្ថិភាព។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា​ការពាក់​មួក​សុវត្ថិភាព​អាចជួយ​សង្គ្រោះ​ជីវិត និង​ការពារ​អ្នកពីការរង​របួសក្បាល​ធ្ងន់ធ្ងរ។ ជាក់ស្តែង មួកសុវត្ថិភាពដែលមានគុណភាពមួយអាចកាត់បន្ថយបាននូវហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងររហូតដល់ ៦៩% និងកាត់បន្ថយការស្លាប់បានរហូតដល់ ៤២%។ ចាប់តាំងពីឆ្នាំ ២០១២ មក សាលារៀនដែលបានចូលរួមក្នុងកម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” បានឃើញការកើនឡើងនៃអត្រាពាក់មួកសុវត្ថិភាពរបស់កុមារ។ កាលពីឆ្នាំមុន សាលាបឋមសិក្សាអន្លង់វិលស្ថិតក្នុងខេត្តបាត់ដំបង មានការកើនឡើងនូវអត្រាពាក់មួកសុវត្ថិភាពពី ១% រហូតដល់ ៩៣% បន្ទាប់ពីអនុវត្តកម្មវិធីនេះ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានសមិទ្ធិផលបែបនេះនៅសាលាបឋមសិក្សា អូរអំបិល នេះដូចគ្នា។​​ ស្របពេលដែលសាលារៀនទូទាំងប្រទេសបើកដំណើរការឡើងវិញ យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានគាំទ្រដល់កម្មវិធីនេះ ហើយវាបានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹង​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​កសាង​អនាគត​ដ៏​ប្រសើរ​សម្រាប់​គ្រួសារ​កម្ពុជា»។​​

 

កម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២ មកបាន     ផ្តល់មួកសុវត្ថិភាពដែលមានគុណភាពប្រមាណជិត ៨.០០០ មួក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ដែលមានតម្រូវការបំផុត។ កម្មវិធីក៏បានផ្តល់ការអប់រំ និងជំនាញស្តីពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស ចំនួន ៦.១២៨ នាក់ លោកគ្រូ អ្នកគ្រូចំនួន ៣០១ នាក់ និងអាណាព្យាបាលសិស្សចំនួន ១០.៨៤៧ នាក់ នៅទូទាំងប្រទេសកម្ពុជា។ កុមារច្រើនជាង ១៧០ នាក់ត្រូវបានសង្គ្រោះពីការរងរបួសក្បាលធ្ងន់ធ្ងរតាមរយៈកម្មវិធីនេះ៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh