បញ្ជាក់
រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ អបអរខួប ១០ឆ្នាំ នៃទំនុកចិត្តនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ១៧​ ខែមិថុនា​ ឆ្នាំ ២០២២​ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ប្រារព្ធពិធីអបអរខួបគម្រប់ ១០ ឆ្នាំនៅកម្ពុជា ក្រោមសក្ខីភាពនៃអធិបតីភាពរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងវត្តមានកិត្តិយសរបស់ តំណាងរាជរដ្ឋាភិបាលកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា ធនាគារដៃគូ ដៃគូកិច្ចការសប្បុរសធម៌ អតិថិជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងប្រតិបត្តិ និងបុគ្គលិកជាច្រើនរូប។

 

ក្នុងឆ្នាំ ២០១២ មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេ​ដែលមកដល់ទីផ្សារកម្ពុជា ហើយបានណែនាំ​ឲ្យប្រជាជនស្គាល់នូវសេវាធានារ៉ាប់រងអាយុជីវិត។

ក្រោមកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យនេះឱ្យមានភាពរីកចម្រើន និងដោយមានការជួយជ្រោមជ្រែងពីនិយ័តករធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនបានបន្តបេសកកម្មរបស់ខ្លួនក្នុងការដឹកនាំកសាងទំនុកចិត្ត និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ជាសារវ័ន្តនៃសេវាធានារ៉ាប់រងអាយុជីវិតតាមរយៈយុទ្ធនាការសន្និសីទអប់រំនានា​ដល់ប្រជាជនជាង ១៣ ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា។

មេនូឡាយហ្វ៍ ក៏ជាក្រុមហ៊ុនដំបូងគេដែលបានពង្រីកវិសាលភាពផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់បណ្ដាតំបន់    សក្តានុពលសេដ្ឋកិច្ចនានាដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងព្រះសីហនុ ដើម្បីផ្ដល់ជូននូវការការពារហិរញ្ញវត្ថុដល់ប្រជាជនខ្មែរកាន់តែ​ច្រើន​ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជាជាង ១១ ម៉ឺននាក់និងផ្តល់សំណងជូនអតិថិជនជិត​ ៨ លានដុល្លារអាមេរិករួចមកហើយ​។ ​

 

ក្រៅពីនេះ ក្រុមហ៊ុនក៏បានរួមចំណែកគាំទ្រសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្មផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះដោយគិតចាប់ពីឆ្នាំ ២០១២​ មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយ ក្នុងសកម្មភាពគាំទ្រ​សុខភាព និងសុខុមាលភាពសហគមន៍កម្ពុជារួមមាន​ ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ការចែកមួកសុវត្ថិភាព ​ការឧបត្ថម្ភ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត​​ ការរៃអង្គាសថវិកា​ដល់មន្ទីរពេទ្យកុមារ​​ ការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ និងកម្មវិធីនានាជាច្រើនទៀត។​​

 

លោក​ Robert Elliott​ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មាន​ប្រសាសន៍​ថា​៖ «នេះជាមោទនភាពបំផុតសម្រាប់ខ្ញុំនៅពេលគិតដល់ក្រុមគ្រួសារ​ជាច្រើននៅកម្ពុជាដែលយើងបានការពារហិរញ្ញវត្ថុជូនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ អំឡុងពេលនោះហើយដែល​​យើងបានធ្វើឱ្យ​ការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតរស់នៅកាន់តែប្រសើរឡើងសម្រាប់រាប់ម៉ឺនក្រុមគ្រួសារនៅកម្ពុជា។ យើងមិនត្រឹមតែផ្ដល់ជូនអតិថិជននូវភាពអស់ក្តីកង្វល់ក្នុងចិត្ត និងការគាំទ្រនៅពេលជួបបញ្ហាប្រឈមផ្សេងៗប៉ុណ្ណោះ​ទេ ប៉ុន្តែយើងថែមទាំង​បានជួយឱ្យអតិថិជនមានផែនការហិរញ្ញវត្ថុ និងគោលដៅជីវិតដ៏រឹងមាំសម្រាប់​ខ្លួនឯង និងក្រុមគ្រួសារផងដែរ។»

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា បុគ្គលិក ទីប្រឹក្សាធានារ៉ាប់រង ដៃគូនានា និងអតិថិជនទាំងអស់របស់យើង។ ប្រសិនបើគ្មានការផ្ដល់ទំនុកចិត្ត និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ យើងពិតជាមិនអាចសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាក្នុងរយៈពេល ១០ ឆ្នាំ​នេះបានទេ។»​​ លោកក៏បានបន្ថែមទៀតថា៖ «ស្របពេល​ដែលយើងប្រមើលមើលទៅ ១០ ឆ្នាំខាងមុខ ក្រុមហ៊ុនយើងនៅតែផ្តោតសំខាន់លើបេសកកម្ម​ក្នុងការ​កសាងអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសារកម្ពុជា។ យើងនៅតែបន្តផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងស្របតាមតម្រូវការរបស់ទីផ្សារ ក៏ដូចជាផ្តល់ការការពារហិរញ្ញវត្ថុកាន់តែងាយស្រួល តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាជាច្រើនទៀត។»

ខួបគម្រប់ ១០ ឆ្នាំរបស់ មេនូឡាយហ្វ៍ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពជោគជ័យ និងភាពជាអ្នកដឹកនាំក្នុងទីផ្សាររបស់ក្រុមហ៊ុន ស្ដែងចេញតាមរយៈទំនុកចិត្ត និងការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនកម្ពុជា​។ ក្នុងនាម​ជាក្រុមហ៊ុននាំមុខ​គេនៅក្នុងប្រទេស មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) នៅតែបន្តផ្តោតលើគោលដៅរបស់ខ្លួនដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលដែលចាត់ទុកអតិថិជនជាគោល​ តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួននៅក្នុងវិស័យ។

 

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ជាផ្នែកមួយនៃសាជីវ​កម្មក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល។ ជាមួយ​ស្នាក់ការ​កណ្តាល​ជាសកល​​នៅទីក្រុងតូរ៉ុនតូ​ ប្រទេស​កាណាដា ក្រុមហ៊ុនផ្តល់​​ការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​​ និង​ធានារ៉ាប់រង​ ដោយមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន​ John Hancock នៅសហរដ្ឋអាមេរិកជាមួយបទពិសោធន៍​អាជីវកម្ម​​​ច្រើន​ជាង​ ១៦០ ឆ្នាំ​មកហើយ។ ​​​គិតត្រឹមចុងឆ្នាំ​ ២០២១​ ក្រុមហ៊ុនមាន​បុគ្គលិក​បម្រើ​ការងាជាង​​ ៣៨ ០០០ នាក់​ ទីប្រឹក្សាធានារ៉ាប់រងប្រមាណ​ ១១៩ ០០០ នាក់​ និង​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រាប់ពាន់​ដៃគូ​ដែលកំពុង​បម្រើសេវាកម្មជូន​អតិថិជនជាង​​ ៣៣​​ លាននាក់។​ គិតត្រឹម​រយៈពេល​ ១២​ ខែចុងក្រោយ​ ក្រុមហ៊ុនបាន​​ផ្ដល់សំណង​ចំនួន​ ៣២,៧​ ពាន់​លាន​ដុល្លារ​​កាណាដាជូនដល់​អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh