រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ ជាដៃគូឈានមុខ និងយូរអង្វែងនៃព្រឹត្តិការណ៍ម៉ារ៉ាតុងជាមួយកំណត់ត្រាថ្មី

សេចក្តីប្រកាសព័ត៌មាន

សម្រាប់ចេញផ្សាយបន្ទាន់

07 / ធ្នូ / 2025

សៀមរាប – ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជាដៃគូសហការរៀបចំផ្ដាច់មុខ ​​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងបានជួយឱ្យកម្មវិធីបំបែកកំណត់ត្រាអ្នកចូលរួមរត់ច្រើនជាងគេ។ តាមរយៈភាពជាដៃគូ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មេនូឡាយហ្វ៍ មានមោទនភាពដែលបាន​ផ្ដល់ទាំងភាពសប្បាយរីករាយ ស្មារតីកីឡា និងការជួបជុំមិនអាចបំភ្លេចបានដល់អត្តពលិកជាតិ និងអន្តរជាតិជាង 16,000 នាក់មកពី​ ប្រមាណ 86 ប្រទេសជុំវិញពិភពលោក ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»។

ក្នុងរយៈពេល 12 ឆ្នាំកន្លងមកនេះ  ការចូលរួមចំណែករបស់ មេនូឡាយហ្វ៍ បានកែប្រែពីកម្មវិធីរត់ ទៅជាវេទិកាជួបជុំ ឆ្លុះបញ្ចាំងពីការចូលរួមលើកកម្ពស់សុខភាព​ បេតិកភណ្ឌជាតិ និងសកម្មភាពសប្បុរសធម៌។ មានតែអ្នកចូលរួមក្នុងកម្មវិធីនេះប៉ុណ្ណោះ ដែលបានរត់កាត់ប្រាង្គប្រាសាទនានាជាច្រើនក្នុងតំបន់អង្គរ ជាមួយផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលពីឧទ្យានបុរាណវិទ្យាដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

 

«រត់ដើម្បីភាពយូរអង្វែង» មិនត្រឹមតែជាពាក្យស្លោកនៃព្រឹត្តិការណ៍នោះទេ តែថែមទាំងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបន្តជួយប្រជាជនឱ្យរស់នៅមានសុខភាពល្អ និងអាយុវែង។ ​គ្រប់ផ្នែកនៃដំណើរការរៀបចំក្នុងព្រឹត្តិការណ៍ ភាពជាដៃគូរបស់ មេនូឡាយហ្វ៍ បានផ្តល់ទាំងគុណភាពនៃការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ។​

លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ “សមិទ្ធផលថ្ងៃនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ។ ក្រុមហ៊ុន   មេនូឡាយហ្វ៍ បានដើរតួនាទីលើសពីការឧបត្ថម្ភ យើងផ្តល់លទ្ធភាពដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បរិវេណរត់ ធនធាន និងចក្ខុវិស័យវែងឆ្ងាយ​​សម្រាប់ព្រឹត្តិការណ៍កីឡាជាតិដ៏ធំនេះ។ គោលដៅរបស់យើង គឺជម្រុញមនុស្សជំនាន់ក្រោយៗឱ្យថែទាំសុខភាព​ ប្រកាន់ខ្ជាប់ទម្លាប់រស់នៅ​ល្អ​ និងអាយុវែង​​ ស្របពេលជាមួយការលើកស្ទួយសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍​ជាតិផងដែរ”។

ក្រុមហ៊ុន មេនូឡាយហ្វ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានកិត្តិយសក្នុងការស្វាគមន៍ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដោយ​វត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ 

 

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ថា៖

“ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់តាំងពីឆ្នាំ 2014 មក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងពង្រីកព្រឹត្តិការណ៍រត់ប្រណាំងនេះ ធ្វើឱ្យមានកំណើននៃអ្នកចូលរួមរត់ និងការទទួលស្គាល់ពីអន្តរជាតិ រហូតក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាដៃគូដ៏ល្អ និងមានការតាំងចិត្តខ្ពស់ក្នុងការជួយសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម”។

គួរបញ្ជាក់ផងដែរ​ថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានប្រកាសជាផ្លូវការនូវការបន្តភាពជាដៃគូជាមួយ NOCC ចំពោះការគាំទ្រព្រឹត្តិការណ៍ជាតិនេះរហូតដល់ឆ្នាំ 2030 ដែលនេះសបញ្ជាក់ឱ្យឃើញពីការបន្តការប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់ទម្លាប់រស់នៅដែលមានសុខភាពល្អ ពង្រឹងវិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

 

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជា   ស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com​​។

 

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬ ទាក់ទងទៅកាន់លេខទូរសព្ទ 1800 211 211។

 

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

096-2829-791                                                       

Vichean_chea@manulife.com