រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កសាងអនាគតកម្ពុជារួមគ្នា៖ AUPP និង Manulife Cambodia ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ 

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥

ភ្នំពេញ៖ ​ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតកិច្ចសហការយុទ្ធសាស្ត្រដ៏មានតម្លៃ សម្រាប់បង្កើតឱកាសដល់និស្សិត សាស្រ្តាចារ្យ និងសហគមន៍ ដែលផ្តោតលើការសិក្សាដែលជាប់ទាក់ទងនឹងការអភិវឌ្ឍវិជ្ជាជីវៈ និងការចូលរួមក្នុងសកម្មភាពសង្គម ក្នុងការលើកកម្ពស់អប់រំ និងសុខុមាលភាព។  

តាមរយៈកិច្ចសហការនេះ និស្សិត AUPP នឹងទទួលបានឱកាសហាត់ការនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ព្រមទាំងអាចមានឱកាសទៅសាខាអន្តរជាតិផងដែររ។ មេនូឡាយហ្វ៍ ខេមបូឌា អាចផ្តល់អាទិភាពក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាពី AUPP ចូលទៅកាន់ទីផ្សារការងារជាក់ស្តែង។ លើសពីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មេនូឡាយហ្វ នឹងមកទស្សនកិច្ចនៅ AUPP ដើម្បី បណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ ការរីកចម្រើនអាជីព និងនិន្នាការឧស្សាហកម្ម។ 

AUPP និង មេនូឡាយហ្វ៍ ខេមបូឌា នឹងអភិវឌ្ឍកម្មវិធីសិក្សាអន្តរកម្មជាក់ស្តែង ដូចជា សិក្ខាសាលាស្តីពីការយល់ដឹងអំពីហិរញ្ញវត្ថុ ការរៀបចំថវិកា ការវិនិយោគ និងអាជីពក្នុងវិស័យធានារ៉ាប់រង ក្នុងគោលបំណងបំប៉នជំនាញ និងចំណេះដឹងផ្លូវហិរញ្ញវត្ថុសម្រាប់ជីវិតរបស់និស្សិតទាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។

ក្រៅពីនេះ កិច្ចសហការនេះក៏ផ្តោតលើការរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍សុខភាព សុវត្ថិភាព និងការយល់ដឹងអំពីបរិស្ថាន រួមទាំងការអញ្ជើញអ្នកជំនាញសុខាភិបាលមកចូលរួមដើម្បីជួយត្រៀមខ្លួនទទួលគ្រោះមហន្តរាយ និងលើកកម្ពស់សុខុមាលភាពសាធារណៈ។ និស្សិត AUPP ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ដូចជា “ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង” ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងក្នុងការរៀបចំកម្មវិធី  និងផ្សព្វផ្សាយទីផ្សារ។

ថ្ងៃទី១២ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានណែនាំការផ្តល់ជូនផលិតផលចុងក្រោយរបស់ខ្លួនគឺ “មេនូឡាយហ្វ៍ បរិញ្ញា” ដែលមានគោលបំណងធានានូវអនាគតសិក្សាដែលមានសុវត្ថិភាពសម្រាប់កុមារកម្ពុជា ផ្តល់ឱ្យឪពុកម្តាយនូវទំនុកចិត្ត និងសុវត្ថិភាពហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ក្តីសុបិនរបស់ពួកគេ។

ដោយភាពជាដៃគូជាមួយ AUPP និង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្តេជ្ញាកសាងអនាគតមួយដែលលើកកម្ពស់ការអប់រំំ ឱកាស និងឥទ្ធិពលវិជ្ជមាន ដើម្បីធនធានមនុស្សជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។

អំពី AUPP  

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅ AUPP មហាវិទ្យាល័យជំនាញរបស់យើងបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ក្នុងសង្គមពិតជាច្រើនដល់ថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនិស្សិតនូវការយល់ដឹង និងការណែនាំដែលមិនអាចកាត់ថ្លៃបាន នៅពេលពួកគេចាប់ផ្តើមដំណើរការសិក្សាជាមួយយើង។ 

វគ្គសិក្សាថ្មី ២០២៥ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖
www.aupp.edu.kh

www.facebook.com/AUPPkh

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឱ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com 

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.manulife.com.kh ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 1800 211 211.