រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ បន្តភាពជាដៃគូ​ឧបត្ថម្ភគាំទ្រផ្តាច់មុខ​ “ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង​នៅអង្គវត្ត”

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៥

ភ្នំពេញ៖ ​ ក្នុង​ពិធី​ចុះ​ហត្ថលេខានៅ​ថ្ងៃ​ទី ​28 ខែ ​មីនា ឆ្នាំ ​2025 ក្រុមហ៊ុន មេនូឡាយហ្វ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ប្រកាសជាផ្លូវការនូវការបន្ត​ភាពជាដៃគូក្នុងការឧបត្ថម្ភគាំទ្រផ្តាច់មុខ “​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅ​អង្គរវត្ត”។ ពិធីនេះមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក រួមជាមួយលោក សែម ផល្លា នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅកម្ពុជា និងជាពិសេស ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់លោក Roy Gori អគ្គនាយក និងជាប្រធាន ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល ព្រមទាំងវត្តមានលោក​ ចាន់ រដ្ឋា អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា ផងដែរ។

ការបន្តភាពជាដៃគូនេះ ​បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ចំពោះការឧបត្ថម្ភផ្តាច់មុខគាំទ្រព្រឹត្តិការណ៍ជាតិ​នេះរហូតដល់ឆ្នាំ 2030 ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងខែធ្នូ ក្នុងនាមជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ដ៏ធំបំផុត​នៅអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោកប្រចាំប្រទេសកម្ពុជា។

លោក ចាន់ រដ្ឋា មានប្រសាសន៍ថា៖ “តាមរយៈភាពជាដៃគូ​នេះ យើងបានប្រែក្លាយកម្មវិធីរត់ប្រណាំងមួយ​ ទៅជាព្រឹត្តិការណ៍កីឡាជាតិដ៏អស្ចារ្យ និងធំជាងគេប្រចាំឆ្នាំ ​ដែលទាក់ទាញភ្ញៀវទេសចរ​ពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជាដ៏ស្រស់ស្អាត។” លោកបន្ថែមថា៖ “ព្រឹត្តិការណ៍ឆ្នាំ 2024 កន្លងទៅ បានបំបែកកំណត់ត្រាថ្មី​ដោយមានអ្នកចូលរួមខ្ពស់បំផុតច្រើនជាងឆ្នាំណាៗទាំងអស់ ជាពិសេស មានការចូលរួមពីអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដោយ​វត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងអត្តពលិកជាតិ និងអន្តរជាតិសរុបចំនួន 14,370 នាក់ មកពី 87 ប្រទេស។ ខ្ញុំពិតជារំភើបពេកក្រៃដែលបានឃើញការចូលរួមដោយផ្ទាល់យ៉ាងច្រើនកុះករ ​​អមដោយការ​សាទរ និង​ការ​គាំទ្រដ៏ធំធេងនេះ។ ជាមួយគ្នានេះ ជំនួបជាមួយ​​នាយក​រដ្ឋមន្ត្រីក៏​បានស្តែងឲ្យឃើញពី​ការផ្តល់តម្លៃ ​និងការ​ទទួល​ស្គាល់​របស់​លោកចំពោះការចូលរួម​របស់ មេនូឡាយហ្វ៍​ ​ក្នុង​​​កំណើន​សេដ្ឋកិច្ច​កម្ពុជា។”

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញពីចំណាប់អារម្មណ៍របស់លោក​ដោយមានប្រសាសន៍ថា៖ “ការគាំទ្ររបស់ មេនូឡាយហ្វ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកព្រឹត្តិការណ៍រត់ប្រណាំង​ពីអ្នករត់ត្រឹមតែ 300 នាក់ក្នុងឆ្នាំ 1996 នៅពេលចា​ប់ផ្តើមកម្មវិធីដំបូង រហូត​ដល់​ 14,370 នាក់កាលពីខែធ្នូ​នេះ​ ជាពិសេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីដែលបានចូលរួមដោយផ្ទាល់។ ​នេះគឺជាសក្ខីភាព​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមគោលដៅរួមគ្នាគឺ ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ​​​។”

មេនូឡាយហ្វ៍ បានក្លាយជាដៃគូឧបត្ថម្ភគាំទ្រផ្តាច់មុខ​ព្រឹត្តិការណ៍កីឡាជាតិដ៏ធំប្រចាំឆ្នាំនេះតាំងពីឆ្នាំ 2014 មកម្ល៉េះ ហើយបានចូលរួមចំណែកដល់កំណើននៃអ្នកចូលរួមរត់ និងការទទួលស្គាល់ពីអន្តរជាតិ រហូតក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក។ បន្ថែមពីនេះ ក្នុងឆ្នាំ 2024 កន្លងទៅថ្មីៗនេះ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នករត់ប្រណាំងដែលជាបុគ្គលិករបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្តួចផ្តើមកម្មវិធីរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរបានចំនួន 110,000 ដុល្លារអាម៉េ​រិក ​ដើម្បីជួយ​ទ្រទ្រង់ដល់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ធ្ងររបស់កុមារ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ 2015 ថវិកាសរុបប្រមាណ 760,000 ដុល្លារអាម៉េ​រិក ត្រូ​វបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គររួចមកហើយ។

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 1800 211 211.

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

096-2829-791                                                       

Vichean_chea@manulife.com