សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង
1. កម្មវត្ថុនៃការធានា (Subject of Insurance)
Manulife គាំពារ ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍/ជំងឺមហារីក)។
2. អាយុដែលទទួលបានការធានា (Age Eligibility)
អ្នកត្រូវបានធានារ៉ាប់រងអាយុចាប់ពី 18 ឆ្នាំ ដល់ 50 ឆ្នាំ។
3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
3.1. អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (Death or Total and Permanent Disability Benefits)
ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ ជាទឹកប្រាក់សរុបដែលមានចំនួន 100% នៃទឹកប្រាក់ធានារ៉ាប់រងដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។
នៅពេលក្រុមហ៊ុនទទួលបានភស្ដុតាង ដែលបញ្ជាក់ពីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង ហើយបន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណងថាពិតជាសមស្របតាមនិយមន័យ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង និងមិនមែនជាផ្នែកនៃករណីមិនធានាដែលមានចែងក្នុង បណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលតាមដែលបានកំណត់ ក្នុងករណីមរណភាព ឬបង់ជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍។
បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវបានទូទាត់រួច។
3.2. អត្ថប្រយោជន៍លើជំងឺមហារីកកម្រិតដំបូង (Early-Stage Cancer Benefit)
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកកម្រិតដំបូងក្នុងអំឡុងពេល បណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើជំងឺមហារីកកម្រិតដំបូងជាទឹកប្រាក់ដែលមានចំនួន 200% នៃទឹកប្រាក់ធានារ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។
នៅពេលក្រុមហ៊ុនទទួលបានភស្ដុតាង ដែលបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកកម្រិតដំបូងរបស់អ្នកត្រូវបានធានារ៉ាប់រង ហើយបន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណងថាពិតជាសមស្របតាមនិយមន័យ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ដែលបានកំណត់ក្នុង “តារាងនៃជំងឺមហារីក” និងមិនមែនជាផ្នែកនៃករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់ អត្ថប្រយោជន៍ជូនអ្នកត្រូវបានធានារ៉ាប់រង។ ការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកកម្រិតដំបូងរបស់អ្នកត្រូវបានធានារ៉ាប់រង ត្រូវបញ្ជាក់ដោយគ្រូពេទ្យ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន។
បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍លើជំងឺមហារីកកម្រិតដំបូងត្រូវបានទូទាត់រួច។
3.3. អត្ថប្រយោជន៍លើជំងឺមហារីកកម្រិតធ្ងន់ (Late-Stage Cancer Benefit)
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកកម្រិតធ្ងន់ក្នុងអំឡុងពេល បណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើជំងឺមហារីកកម្រិតធ្ងន់ជាទឹកប្រាក់សរុបដែលមានចំនួន 200% នៃទឹកប្រាក់ធានារ៉ាប់រងដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។
នៅពេលក្រុមហ៊ុនទទួលបានភស្ដុតាង ដែលបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកកម្រិតធ្ងន់របស់អ្នកត្រូវបានធានារ៉ាប់រង ហើយបន្ទាប់ពីក្រុមហ៊ុនបានអនុម័តលើការទាមទារសំណងថាពិតជាសមស្របតាមនិយមន័យ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ដែលបានកំណត់ក្នុង “តារាងនៃជំងឺមហារីក” និងមិនមែនជាផ្នែកនៃករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកត្រូវបានធានារ៉ាប់រង។ ការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកកម្រិតធ្ងន់របស់អ្នកត្រូវបានធានារ៉ាប់រង ត្រូវបញ្ជាក់ដោយគ្រូពេទ្យ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន។
បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់ បន្ទាប់ពីអត្ថប្រយោជន៍លើជំងឺមហារីកកម្រិតធ្ងន់ត្រូវបានទូទាត់រួច។
បញ្ជីឈ្មោះជំងឺមហារីក៖
ជំងឺមហារីកដែលត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងនេះ សំដៅដល់ជំងឺមហារីកកម្រិតដំបូង និងជំងឺមហារីកកម្រិតធ្ងន់ ដែលបានកំណត់និយមន័យ ដូចខាងក្រោម៖
តារាងនៃជំងឺមហារីក |
|||
លេខ |
កម្រិតមហារីក |
ជំងឺ ឬស្ថានភាពជំងឺ |
និយមន័យ |
1 |
មហារីកកម្រិតដំបូង |
ជំងឺមហារីកកម្រិតដំបូង - ដុំមហារីកដែលមិនទាន់រីករាលដាល (Early Cancer - Carcinoma-in-situ) |
ដុំមហារីកដែលមិនទាន់រីករាលដាល (Carcinoma in situ) គឺជាការរីកលូតលាស់នៅមួយកន្លែង នៃកោសិកាមហារីកដែលប្រភពដើមរបស់វាមិនទាន់រីករាលដាល និង/ឬទៅបំផ្លាញជាលិកាដែលនៅជុំវិញ។ ការរីករាលដាល (Invasion) មានន័យថាជាការជ្រៀតចូលនៃកោសិកាមហារីក និង/ឬ ការបំផ្លាញសកម្មនៃកោសិកាធម្មតា រហូតដល់ភ្នាសគ្រឹះនៃជាលិកា។ ការធ្វើរោគវិនិច្ឆ័យនៃដុំមហារីកដែលមិនទាន់រីករាលដាលត្រូវតែបានធ្វើឡើង ដោយផ្អែកទៅលើលទ្ធផលនៃការវិភាគដុំសាច់។ ជាងនេះទៅទៀតការធ្វើរោគវិនិច្ឆ័យរបស់ដុំមហារីកដែលមិនទាន់រីករាលដាល ត្រូវតែមានលទ្ធផលវិជ្ជមាន ដោយការពិនិត្យមីក្រូទស្សន៍នៃជាលិកា ហើយផ្អែកទៅលើលទ្ធផលនៃការវិភាគដុំសាច់។ ការធ្វើរោគវិនិច្ឆ័យតាមសញ្ញាគ្លីនិក គឺមិនមានលក្ខណៈគ្រប់គ្រាន់តាមបទដ្ឋានខាងលើនេះទេ។ ការធានារ៉ាប់រងនេះ សម្រាប់តែការកើតឡើងដំបូងនៃ ដុំមហារីកដែលមិនទាន់រីករាលដាលតែប៉ុណ្ណោះ។
ក្នុងករណីមាត់ស្បូន ការពិនិត្យកោសិកាមហារីកមាត់ស្បូន (Pap smear) តែឯង គឺមិនទាន់មានលក្ខណៈគ្រប់គ្រាន់ទេ ហើយវាគួរតែអមដោយលទ្ធផលនៃការវិភាគដុំសាច់កស្បូនមកជាមួយ។
ករណីមិនធានា៖ · ការធ្វើរោគវិនិច្ឆ័យតាមសញ្ញាគ្លីនិក ឬចំណាត់ថ្នាក់កោសិកាមិន ធម្មតានៃមាត់ស្បូន (Cervical Intraepithelial Neoplasia (CIN)) នៅដំណាក់កាលទី 1 (CIN I), ដំណាក់កាលទី 2 (CIN II) និងដំណាក់កាលទី 3 (CIN III) (ករណីធ្ងន់ធ្ងរនៃកោសិកា លូតលាស់មិនប្រក្រតី ដែលមិនមែនជាដុំមហារីកដែលមិនទាន់រីករាលដាល ដោយមិនមានលក្ខណៈគ្រប់គ្រាន់ទេក្រោមអត្ថប្រយោជន៍នេះ) ហើយមិនត្រូវបានរាប់បញ្ចូលទេ។ · ការរីកលូតលាស់ខុសធម្មតានៃកោសិកាស្បែក ដែលមិនទាន់រីករាលដាល (CIS) ក៏មិនត្រូវបានរាប់បញ្ចូលដែរ។
|
2 |
មហារីកកម្រិតដំបូង |
ជំងឺមហារីកក្រពេញប្រូស្តាតកម្រិតដំបូង (Early Prostate Cancer) |
ជំងឺមហារីកក្រពេញប្រូស្តាតកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយ ចំណាត់ថ្នាក់ TNM ក្នុងកម្រិត T1N0M0 ឬជំងឺមហារីកក្រពេញប្រូស្តាត ត្រូវបានពិពណ៌នាដោយចំណាត់ថ្នាក់ផ្សេងៗទៀត ដែលមានតម្លៃស្មើគ្នា។
ករណីមិនធានា៖ ការរីកលូតលាស់មិនធម្មតារបស់ក្រពេញប្រូស្តាត (PIN) ។ |
3 |
មហារីកកម្រិតដំបូង |
ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកម្រិតដំបូង (Early Thyroid Cancer) |
ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយ ចំណាត់ថ្នាក់ TNM នៅកម្រិត T1N0M0។ |
4 |
មហារីកកម្រិតដំបូង |
ជំងឺមហារីកប្លោកនោមកម្រិតដំបូង (Early Bladder Cancer) |
ជំងឺមហារីកប្លោកនោមកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយចំណាត់ថ្នាក់ TNM នៅកម្រិត T1N0M0 ឬចំណាត់ថ្នាក់នៃការវិភាគដុំសាច់ប្លោកនោម នៅកម្រិត (TaN0M0)។
|
5 |
មហារីកកម្រិតដំបូង |
ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃកម្រិតដំបូងដែលបណ្តាលមកពីការខូចខួរឆ្អឹង (Early Chronic Lymphocytic Leukemia) |
សំដៅលើជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃកម្រិតដំបូង ដែលបណ្តាលមកពីការខូចខួរឆ្អឹងនៅដំណាក់កាលទី 1 ឬទី 2 (RAI Stage 1 or 2)។
ករណីមិនធានា៖ សម្រាប់ដំណាក់កាល សូន្យ (RAI stage 0) ឬទាបជាងនេះ គឺមិនត្រូវបានរាប់បញ្ចូលទេ។ |
6 |
មហារីកកម្រិតដំបូង |
ជំងឺមហារីកក្រពះ ពោះវៀនកម្រិតដំបូង (Gastro-intestinal Stromal Cancer) |
ជំងឺមហារីកក្រពះ ពោះវៀនកម្រិតដំបូង គឺត្រូវបានពិពណ៌នាដោយ ចំណាត់ថ្នាក់ TNM នៅកម្រិត T1N0M0 ឬស្ថិតនៅក្រោម ដោយមានចំនួន mitotic count តិចជាង ឬស្មើនឹង 5/50 HPFs ដែលត្រូវបានព្យាបាលដោយការវះកាត់ ឬព្យាបាលដោយប្រើវិធីសាស្ត្រគីមី ដែលបានណែនាំដោយគ្រូពេទ្យឯកទេសជំងឺមហារីក។
|
7 |
មហារីកកម្រិតធ្ងន់ |
ជំងឺមហារីកកម្រិតធ្ងន់ (Major Cancer) |
សំដៅលើដុំសាច់កាច ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញដោយការវិភាគកោសិកា ហើយបានបញ្ជាក់ច្បាស់ថាមានការលូតលាស់មិនប្រក្រតីនៃកោសិកាកាចជាច្រើន ដែលរួមជាមួយការជ្រៀតចូលនៃជាលិកា។ ដុំសាច់កាច គឺរាប់មានបញ្ចូលទាំងជំងឺមហារីកឈាម មហារីកកូនកណ្តុរ និងមហារីកឆ្អឹង។ ការធ្វើរោគវិនិច្ឆ័យ គឺត្រូវតែបានធ្វើឡើងដោយគ្រូពេទ្យឯកទេស។
ករណីមិនធានា៖ ជំងឺខាងក្រោមនេះ គឺមិនត្រូវបានរាប់បញ្ចូលទេ៖ · ដុំសាច់ទាំងអស់ដែលត្រូវបានចាត់ចូលជាអាការៈ ឬជំងឺណាមួយដូចខាងក្រោម៖ o ដុំសាច់ដែលមិនទាន់ក្លាយទៅជាជំងឺមហារីក o ដុំសាច់ដែលមិនរីករាលដាលទៅកោសិកាដទៃ o ដុំមហារីកដែលមិនទាន់រីករាលដាល o ដុំសាច់ដែលមិនប្រាកដថាជាមហារីក o ដុំសាច់ដែលមានកម្រិតណាមួយប្រឈមទៅនឹងជំងឺមហារីក (Having malignant potential) ឬ · គ្រប់ដុំសាច់ទាំងអស់នៅក្រពេញប្រូស្តាតដែលត្រូវបានពិពណ៌នាតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM)។ · គ្រប់ដុំសាច់ទាំងអស់នៅក្រពេញទីរ៉ូអ៊ីតដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM)។ · គ្រប់ដុំសាច់ទាំងអស់នៅប្លោកនោមដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM)។ · ជំងឺមហារីកឈាមសរ៉ាំរ៉ៃនៃកោសិកាឡាំហ្វូស៊ីតដែលមានកម្រិតទាបជាងដំណាក់កាលទី 3 (RAI Stage 3)។ · គ្រប់ជំងឺមហារីកទាំងអស់ដែលកើតមានចំពោះ អ្នកផ្ទុកមេរោគហ៊ីវ។ · ជំងឺមហារីកស្បែកផ្សេងៗ ក្រៅពី Malignant melanoma។ · ដុំសាច់ទាំងអស់នៅក្រពះពោះវៀនដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ AJCC ដំណាក់កាលទី I។ · ដុំសាច់ទាំងអស់នៅប្រព័ន្ធប្រសាទក្រពេញអង់ដូគ្រីន ដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីកTNM)។
|
4. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
4.1. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកកាន់ក្រុមហ៊ុនក្នុងរយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយ (បើមាន)។
ជម្រើសនៃការបង់បុព្វលាភធានារ៉ាប់រង គឺមានតែជាប្រចាំឆ្នាំប៉ុណ្ណោះ។
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
4.2. រយៈពេលអនុគ្រោះ (Grace Period)
រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។
ក្នុងករណីព្រឹត្តិការណ៍ដែលត្រូវបានធានា កើតឡើងក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងផ្ដល់ជូនអត្ថប្រយោជន៍ដូចដែលបានកំណត់នៅចំណុច 3.1 ឬ3.2 ឬ3.3 ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។
4.3. ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីរយៈពេលអនុគ្រោះ នោះគ្រប់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាពដូចគ្នា ។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងបានអស់សុពលភាពជាបណ្តោះអាសន្ន។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖
(ក) ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង
(ខ) ដោយអនុលោមតាមការវាយតម្លៃធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង
(គ) ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង
(ឃ) ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន)។
បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណីក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចមានសុពលភាពឡើងវិញឡើយ ហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ” ដក
(ខ) ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។
នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយ រាង្គកាយណាមួយ ការរងរបួស ជំងឺ ការឈឺ ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។ បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ (២) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាព បណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។
4.4. រយៈពេលរង់ចាំ (Waiting Period)
សំដៅដល់ រយៈពេលជាក់លាក់មួយ បន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) ហើយជាអំឡុងពេលដែលពុំមានអត្ថប្រយោជន៍ណាមួយ នឹងត្រូវផ្ដល់ជូនឡើយ។
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលរង់ចាំ៖
• មួយរយម្ភៃ (120) ថ្ងៃ ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) សម្រាប់អត្ថប្រយោជន៍លើជំងឺមហារីកកម្រិតដំបូង។
• កៅសិប (90) ថ្ងៃ ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) សម្រាប់អត្ថប្រយោជន៍លើជំងឺមហារីកកម្រិតធ្ងន់។
5. ករណីមិនធានា (Exclusions)
ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងដែលនាំឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។
ករណីមិនធានាចំពោះករណីមរណភាព (Exclusions for Death Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ (Exclusions for Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិតដូចមានចែងនៅក្នុងច្បាប់ និង បទប្បញ្ញត្តិជាធរមាន ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីជំងឺមហារីក (Exclusions for Cancer)
(ក) រាល់ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ និងផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងជំងឺ/ស្ថានភាពដែលមានពីមុនស្រាប់ ឬ
(ខ) រាល់ជំងឺមហារីក ឬរោគសញ្ញាណាមួយនៃជំងឺមហារីកដែលបានស្ដែងចេញ ឬការត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកក្នុងអំឡុងរយៈពេលរងចាំ រួមបញ្ចូលទាំងទៅដល់រាល់ជំងឺមហារីកកម្រិតដំបូងណាមួយ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញលើកដំបូងក្នុងអំឡុងរយៈពេលរងចាំ ហើយលូតលាស់ទៅជាជំងឺមហារីកកម្រិតធ្ងន់ ក្រោយរយៈពេលរងចាំត្រូវបានបញ្ចប់ ឬ
(គ) ជំងឺមានពីកំណើត ឬពិការភាពពីកំណើត ឬ
(ឃ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) ឬ
(ង) ជំងឺ ឬស្ថានភាពណាមួយ ដែលបានបញ្ជាក់ថាមិនត្រូវបានធានាក្រោមនិយមន័យនៃជំងឺ/ស្ថានភាពមហារីកដែលត្រូវបានធានានីមួយៗ។
6. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង (Policy Change)
ម្ចាស់បណ្ណសន្យារ៉ាប់រង អាចស្នើសុំធ្វើការកែប្រែកិច្ចសន្យាធានារ៉ាប់រង ដោយដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន។ រាល់ការកែប្រែកិច្ចសន្យាធានារ៉ាប់រងត្រូវធ្វើឡើងតាមការកំណត់របស់ក្រុមហ៊ុន និងត្រូវ អនុម័តយល់ព្រមពីក្រុមហ៊ុន ហើយធ្វើឡើងដោយកិច្ចសន្យាធានារ៉ាប់រងបន្ថែម ឬការបញ្ជាក់ពីក្រុមហ៊ុនក្នុងទម្រង់ផ្សេងទៀត។
7. ការបន្តកិច្ចសន្យាធានារ៉ាប់រង (Policy Renewal)
បន្ទាប់ពីបណ្ណសន្យារ៉ាប់រងនេះ ដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងនេះ នឹងមិនអាចធ្វើការបន្តសុពលភាពទៀតឡើយ។ ប្រសិនបើនៅចុងបញ្ចប់រយៈពេលនៃការធានារ៉ាប់រង ម្ចាស់បណ្ណសន្យារ៉ាប់រងមានបំណងបន្តការធានាក្រោមគម្រោងធានារ៉ាប់រងដដែលនេះ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចទំនាក់ទំនងទៅកាន់បុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងរបស់ក្រុមហ៊ុន ដើម្បីស្នើសុំបណ្ណសន្យារ៉ាប់រងថ្មី ដោយអនុលោមតាមការវាយតម្លៃធានារ៉ាប់រង។
8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Policy Termination)
បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖
(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ឬ
(ខ) សំណងជំងឺមហារីកកម្រិតដំបូង ឬសំណងជំងឺមហារីកកម្រិតធ្ងន់របស់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានទូទាត់រួចរាល់ ឬ
(គ) ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង ឬ
(ឃ) បណ្ណសន្យារ៉ាប់រងអស់សុពលភាពរយៈពេលពីរ (2) ឆ្នាំ ជាបន្តបន្ទាប់ (យោងទៅផ្នែកទី 5.3) ឬដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។
9. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុនអាចលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃធានារ៉ាប់រងរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទពិនិត្យសុខភាព ឬរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬ ភេទឡើយ។
10. ការរក្សាព័ត៌មានជាសម្ងាត់ (Confidentiality)
រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែ ត្រូវបានតម្រូវ ឬអនុញ្ញាតដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
11. ការផ្សះផ្សាវិវាទ (Dispute Mediation)
11.1. នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)
រាល់បណ្តឹងដែលក្រុមហ៊ុនបានទទួល នឹងត្រូវដោះស្រាយ ឬផ្តល់ការបំភ្លឺក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃដែលទទួលបានបណ្ដឹងពីអតិថិជន ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
11.2. នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
12. ដែនយុត្តាធិការ (Jurisdiction)
កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវបានអនុវត្តក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
13. ដំណើរការនៃការទាមទារសំណង (How to claim)
ដើម្បីទាមទារអត្ថប្រយោជន៍របស់លោកអ្នក សូមអនុវត្តតាមជំហានដូចខាងក្រោម៖
• ឯកសារដែលត្រូវការ៖ ឯកសារអត្តសញ្ញាណ បណ្ណសន្យារ៉ាប់រង និងពាក្យស្នើសុំទាមទារសំណងដែលពាក់ព័ន្ធ។
• ជូនដំណឹងទៅកាន់ក្រុមហ៊ុន Manulife អំពីព្រឹត្តិការណ៍សំណង ដើម្បីឱ្យយើងអាចណែនាំលោកអ្នកអំពីដំណើរការទាមទារសំណង៖
• ទាក់ទងទៅបុគ្គលិកលក់ផលិតផលធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងរបស់លោកអ្នក
• មកកាន់សាខាក្រុមហ៊ុន Manulife ដែលនៅជិតបំផុត
• ទូរសព្ទមកកាន់លេខ៖ 1800-211-211 ឬអ៊ីមែល៖ claims_service_kh@manulife.com
• ដាក់ពាក្យស្នើសុំទាមទារសំណងរបស់លោកអ្នក៖ លោកអ្នកអាចដាក់ពាក្យស្នើសុំទាមទារសំណងធានរ៉ាប់រងតាមវិធីដូចខាងក្រោម៖
• ទូរសព្ទ៖ ហៅមកយើងតាមលេខ 1800 211 211 សម្រាប់ជំនួយ។
• អ៊ីមែល៖ ផ្ញើឯកសារ និងសំណួរទៅ claims_service_kh@manulife.com។
• អនឡាញ៖ ចូលទៅកាន់គេហទំព័ររបស់យើង www.manulife.com.kh បន្ទាប់មកចូលទៅកាន់ “សេវាកម្ម” ហើយជ្រើសរើសយកពាក្យ “សេវាកម្មទាមទារសំណង” ស្វែងរកពាក្យ “ស្នើសុំទាមទារសំណងតាមប្រព័ន្ធអេទ្បិចត្រូនិក” រួចធ្វើតាមការណែនាំ។
• ដោយផ្ទាល់ ឬតាមសំបុត្រ៖ លោកអ្នកក៏អាចផ្ញើរឯកសារតាមសំបុត្រ ឬមកកាន់សាខាណាមួយរបស់យើង ដែលនៅជិតលោកអ្នក។