សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង
Manulife បរិបូរណ៍
កម្មវត្ថុនៃការធានា
Manulife បរិបូរណ៍ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានកម្មវត្ថុទៅលើអាយុជីវិត រូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍) ជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាលនៅមន្ទីពេទ្យ។
1. អាយុដែលទទួលបានការធានា (Eligible)
• អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 18 ឆ្នាំ ទៅ 60 ឆ្នាំ
2. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបង់មកកាន់ក្រុមហ៊ុនក្នុង រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយដែលមានបន្ទាប់ (បើមាន)។
ជម្រើសបង់បុព្វលាភធានារ៉ាប់រងរួមមាន ប្រចាំឆ្នាំ ប្រចាំឆមាស និងប្រចាំត្រីមាស ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំខែ និងប្រចាំត្រីមាស” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធ លើការស្នើសុំពិសេសនេះ។
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
រយៈពេលអនុគ្រោះ (Grace Period)
រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់ បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។
ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីរយៈពេលអនុគ្រោះ នោះគ្រប់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាពដូចគ្នា លើកលែងតែតម្លៃសាច់ប្រាក់ (បើមាន)។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (២) ឆ្នាំ គិតចាប់ពីបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖
(ក) ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង
(ខ) ដោយអនុលោមតាមការវាយតម្លៃហានិភ័យ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង
(គ) ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង
(ឃ) ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន) និង
បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចមានសុពលភាពឡើងវិញឡើយ ហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ” បូក
(ខ) តម្លៃសាច់ប្រាក់ និងភាគលាភបូកបង្គរនៃបណ្ណសន្យារ៉ាប់រង (បើមាន) ដក
(គ) កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន) ដក
(ឃ) ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។
នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយរាង្គកាយណាមួយ, ការរងរបួស, ជំងឺ, ការឈឺ, ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។
បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ(២) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវ៖
(ក) តម្លៃសាច់ប្រាក់តាមតារាងតម្លៃសាច់ប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) បូក
(ខ) ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន (បើមាន) ដក
(គ) កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន)។
3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
ប្រាក់សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
(Death or Total and Permanent Disability Benefit Not By Accident)
ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង មិនបណ្តាលមកពីគ្រោះថ្នាក់ចៃន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។
បន្ទាប់ពីក្រុមហ៊ុនយល់ព្រមទទួលយក និងអនុម័តលើភស្ដុតាង ដែលបញ្ជាក់ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងពិតជាសមស្របតាមនិយមន័យ ករណីមិនធានា និង ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលតាមដែលបានកំណត់ ក្នុងករណីមរណភាពមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬបង់ជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ។
ប្រាក់សំណងលើករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
(Death or Total and Permanent Disability Benefit By Accident)
ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង បណ្តាលមកពីគ្រោះថ្នាក់ចៃន្យ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃ បណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែម (បើមាន) ដកចេញនូវបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមបញ្ចូលការប្រាក់បង្គរ (បើមាន)។
បន្ទាប់ពីក្រុមហ៊ុនយល់ព្រមទទួលយក និងអនុម័តលើភស្ដុតាង ដែលបញ្ជាក់ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងពិតជាសមស្របតាមនិយមន័យ ករណីមិនធានា និង ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ជូនអ្នកទទួលផលតាមដែលបានកំណត់ ក្នុងករណីមរណភាពបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬបង់ជូនអ្នកត្រូវបានធានារ៉ាប់រងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ។
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (Major Critical Illness Benefit)
ស្ថិតក្រោមខ និងលក្ខខណ្ឌបន្ថែមនេះក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរឲ្យអ្នកត្រូវបានធានារ៉ាប់រងបន្ទាប់ពីបានទទួលភស្តុតាងសមស្រប ចំពោះករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យដោយអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្តដែលក្រុមហ៊ុនអាចទទួលយកបានថាមានជំងឺធ្ងន់ធ្ងរណាមួយដូចមានចែងក្នុងប្រការនេះ ដោយយោងតាមករណីលើកលែង និងនីតិវិធីក្នុងការទាមទារសំណងដូចបានពិពណ៌នាក្នុងករណីជំងឺធ្ងន់ធ្ងរនីមួយៗ ក្នុងខ និងលក្ខខណ្ឌបន្ថែមនេះ។
ប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ គឺមានចំនួន 100% នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ ហើយដែលកំណត់ចំនួនអតិបរមាត្រឹម 200,000 ដុល្លារអាមេរិក។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់នៅពេលដែលប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានទូទាត់រួច ប្រសិនបើចំនួនទឹកប្រាក់ធានារ៉ាប់រង នៃអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់មានចំនួនស្មើនឹងទឹកប្រាក់ធានារ៉ាប់រងនៃប្រាក់សំណងមរណភាព ឬពិការភាពទាំងស្រុង។ ប៉ុន្តែក្នុងករណីចំនួនទឹកប្រាក់ធានារ៉ាប់រងនៃអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់មានចំនួនទាបជាងទឹកប្រាក់ធានារ៉ាប់រងនៃប្រាក់សំណងមរណភាព ឬពិការភាពទាំងស្រុង នោះបណ្ណសន្យារ៉ា់រងនៅតែបន្តមានសុពលភាព ដោយមានតែអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ប៉ុណ្ណោះត្រូវបានបញ្ចប់សុពលភាព។ ប្រាក់សំណងមរណភាព ឬពិការភាពទាំងស្រុងនឹងត្រូវដកចេញនូវប្រាក់សំណងនៃអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលបានទូទាត់រួច។
ជំងឺធ្ងន់ធ្ងរខាងក្រោមនេះត្រូវបានធានាក្រោមអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់៖
(1) ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ (Major Cancer) - ទៅតាមកម្រិតធ្ងន់ធ្ងរជាក់លាក់ណាមួយ និងមិនមែនជាជំងឺមហារីកដំណាក់កាលដំបូង
ដុំសាច់កាចដែលត្រូវបានធ្វើរោគវិនិច្ឆ័យដោយការវិភាគកោសិកាហើយដែលបានបញ្ជាក់ច្បាស់ថាមានការលូតលាស់មិនប្រក្រតីនៃកោសិកាកាចជាច្រើនរួមជាមួយការជ្រៀតចូល និងការបំផ្លាញទៅលើកោសិកាធម្មតា។ ដុំមហារីកកាចគឺរាប់បញ្ចូលទាំងជំងឺមហារីកឈាម មហារីកកូនកណ្តុរ និងមហារីកឆ្អឹង។
ជំងឺខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលទៅក្នុងនិយមន័យខាងលើនោះទេ៖
ក. ដុំសាច់ទាំងអស់ដែលត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទណាមួយដូចខាងក្រោម៖
· ដុំដែលមិនទាន់ក្លាយទៅជាមហារីក (Pre-malignant);
· ដុំដែលមិនរីករាលដាលទៅកោសិកាដទៃ (Non-invasive);
· ដុំមហារីកដែលមិនទាន់រីករាលដាល (Carcinoma-in-situ);
· ដុំដែលមិនប្រាកដថាជាមហារីក (Having borderline malignancy);
· មានកម្រិតប្រឈមណាមួយទៅនឹងជំងឺមហារីក (Having any degree of malignant potential);
· សង្ស័យថាមានជំងឺមហារីក (Having suspicious malignancy);
· ការរីកលូតលាស់ខុសធម្មតារបស់កោសិកា (Neoplasm of uncertain or unknown behavior);
· កោសិកាមិនធម្មតានៅមាត់ស្បូន ដំណាក់កាលទី1 (CIN-1) ដំណាក់កាលទី2 (CIN-2) និងដំណាក់កាលទី3 (CIN-3)
ខ.ជំងឺមហារីកស្បែកប្រភេទណាមួយ លុះត្រាតែមានភស្តុតាងបញ្ជាក់ពីការរីករាលដាលនៃកូនកណ្តុរ ឬ លើសពីនេះ
គ. ជំងឺមហារីកស្បែកដែលមិនបណ្តាលឲ្យមានការរាលដាលហួសពីស្រទាប់ខាងក្នុងនៃស្បែក
ឃ. គ្រប់ជំងឺមហារីករបស់ក្រពេញប្រូស្តាតត្រូវបានពិពណ៌នាតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM) ឬ ទាបជាងនេះ ឬ ជំងឺមហារីកក្រពេញប្រូស្តាតនៅក្នុងចំណាត់ថ្នាក់ផ្សេងទៀតដែលមានកម្រិតចំណាក់ថ្នាក់សមមូល ឬ តិចជាងនេះ។
ង. ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតទាំងអស់ដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM) ឬ ទាបជាងនេះ
ច. ដុំសាច់ទាំងអស់នៅប្លោកនោមដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM) ឬ ទាបជាងនេះ
ឆ. ដុំសាច់ទាំងអស់នៅក្រពះពោះវៀនដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 (ចំណាត់ថ្នាក់របស់ដុំមហារីក TNM) ឬ ទាបជាងនេះ ដោយមានបរិមាណតិចតួច គឺតិចជាង ឬ ស្មើនឹង 5/50 HPFs
ជ. ជំងឺមហារីកឈាមតិចជាងដំណាក់កាលទី 3 (Rai Stage 3)
ឈ. ដុំសាច់ទាំងអស់ដែលមានចំពោះ អ្នកផ្ទុកមេរោគហ៊ីវ។
(2) ជំងឺគាំងបេះដូង (Heart Attack) - ដែលមានកម្រិតកំណត់ជាក់លាក់
ការស្លាប់នៃសាច់ដុំបេះដូងដោយសារការស្ទះនៃលំហូរឈាមដែលត្រូវបានបង្ហាញចេញដោយមានលក្ខខណ្ឌយ៉ាងតិចបីលក្ខខណ្ឌដូចខាងក្រោមដែលបង្ហាញពីការកើតឡើងនៃជំងឺគាំងបេះដូងជាលើកដំបូង៖
• មានប្រវត្តិឈឺទ្រូង
• សញ្ញាអេឡិចត្រូនិចនៃលទ្ធផលតេស្តចង្វាក់បេះដូងមួយចំនួន មានការប្រែប្រួលខុសពីធម្មតាក្នុង
ចំណោមករណីណាមួយដូចខាងក្រោម៖
ករណី ST elevation ករណី ST depression ករណី T wave inversion ករណី pathological Q waves ឬ ករណី left bundle branch block
• ការកើនឡើងនៃកម្រិតសញ្ញាជំងឺបេះដូង រាប់បញ្ចូលទាំងអង់ស៊ីមបេះដូង CKMB ឡើងខ្ពស់លើ
កម្រិតធម្មតា ឬ កម្រិតអង់ស៊ីមបេះដូង Troponin T ឬ I នៅកម្រិត 0,5ng / ml ឬ ខ្ពស់ជាងនេះ។
• ភស្តុតាងជារូបភាពនៃការបាត់បង់បន្ថែមនៃសាច់ដុំបេះដូង ឬ ភាពមិនប្រក្រតីនៃចលនាជញ្ជាំង
បេះដូងហើយការឆ្លុះជារូបភាពត្រូវតែធ្វើឡើងដោយគ្រូពេទ្យឯកទេសជំងឺបេះដូង ដូចដែលបានកំណត់ដោយក្រុមហ៊ុន។
• ភស្តុតាងត្រូវតែបង្ហាញពីការកើតឡើងនៃការស្លោកសាច់ដុំបេះដូង ដែលបញ្ជាក់ដោយគ្រូពេទ្យ
ឯកទេសជំងឺបេះដូង។
ជំងឺខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលទៅក្នុងនិយមន័យខាងលើនេះឡើយ៖
• ការឈឺទ្រូង ឬ ជំងឺសរសៃឈាមបេះដូងស្រួចស្រាវផ្សេងទៀត (Angina or other acute
coronary syndrome);
• ជំងឺគាំងបេះដូងកើតឡើងលើអាយុណាមួយដែលមិនមានរោគវិនិច្ឆ័យជាក់លាក់ (Heart attack
of indeterminate age) និង
• ការកើនឡើងនៃកម្រិតសញ្ញាជំងឺបេះដូង ឬ អង់ស៊ីមបេះដូង Troponin T ឬ I ក្រោយពីការធ្វើ
ទម្រង់ការនៅក្នុងសរសៃឈាមបេះដូង រួមមានប៉ុន្តែមិនកំណត់ចំពោះតែការថតសរសៃឈាមបេះដូង និងការវះកាត់សរសៃឈាមបេះដូងឡើយ។
កំណត់សម្គាល់៖ 0.5ng / ml = 0.5ug / L = 500pg / ml
(3) ការវះកាត់តសរសៃឈាមបេះដូង (Coronary Artery Bypass Surgery)
ការវះកាត់បើកប្រអប់ទ្រូង ឬ ការវះកាត់សរសៃឈាមដោយផ្ទាល់តាមរយៈការវះកាត់សរសៃឈាមបេះដូង ដើម្បីកែតម្រូវកន្លែងចង្អៀត ឬ កន្លែងកកស្ទះនៃសរសៃឈាមបេះដូងមួយ ឬ ច្រើន ដោយប្រើប្រាស់សរសៃឈាមដទៃទៀត។ ការធ្វើរោគវិនិច្ឆ័យនេះត្រូវធ្វើឡើងដោយមានភស្តុតាងនៃការថតសរសៃឈាមនៃការកកស្ទះសរសៃឈាមបេះដូង ហើយទម្រង់ការនេះត្រូវបានណែនាំថាជាតម្រូវការចាំបាច់ដោយគ្រូពេទ្យឯកទេសជំងឺបេះដូង។
សរសៃឈាមបេះដូងក្នុងខ និងលក្ខខណ្ឌបន្ថែមនេះសំដៅទៅលើសរសៃឈាមចម្បងដែលនៅខាងឆ្វេងព័ទ្ធចុះមកក្រោម ព័ទ្ធជារង្វង់ និងសរសៃឈាមបេះដូងដែលនៅខាងស្តាំ។
ការវះកាត់ជួសជុលសរសៃឈាមបេះដូង និងបច្ចេកទេសព្យាបាលសរសៃឈាមផ្សេងៗទៀត បច្ចេកទេសព្យាបាលវះកាត់ដោយការចោះរន្ធ (keyhole Procedure) ឬ បច្ចេកទេសព្យាបាលដោយឡាស៊ែរ (Laser procedures) មិនត្រូវបានរាប់បញ្ចូលក្នុងការធានានេះទេ។
(4) ការវះកាត់ធ្ងន់ធ្ងរនៃសរសៃឈាមក្រហមធំ (Aorta)
ការវះកាត់ដោយការវះបើកទ្រូង ឬ ពោះដើម្បីជួសជុល ឬ កែសម្រួលការរីកប៉ោង ការស្ទះ ឬ ការរហែកនៃសរសៃឈាមក្រហមធំ (Aorta)។
ក្នុងនិយមន័យនេះ សរសៃឈាមក្រហមធំ (Aorta) សំដៅទៅលើសរសៃឈាមក្រហមធំ (Aorta) ដែលភ្ជាប់ពីបេះដូងឆ្លងកាត់ទ្រូងទៅពោះ (thoracic and abdominal aorta) ដោយមិនរាប់បញ្ចូលនូវសរសៃមែកធាងសាខារបស់វាឡើយ។
តាមរយៈនិយមន័យខាងលើបច្ចេកទេសព្យាបាលខាងក្រោមនេះនឹងមិនត្រូវទទួលបាន
ការធានានោះទេ៖
(i) ការវះកាត់ជួសជុលសរសៃឈាមបេះដូង (Angioplasty)
(ii) បច្ចេកទេសព្យាបាលសរសៃឈាមផ្សេងៗទៀត (Other intra-arterial or catheter based techniques)
(iii) បច្ចេកទេសព្យាបាលវះកាត់ដោយការចោះរន្ធ (Keyhole Procedure)
(iv) បច្ចេកទេសព្យាបាលដោយឡាស៊ែរ (Laser procedures) ។
(5) ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ (Major Stroke) - ជាលទ្ធផលធ្វើអោយមានការខូចសរសៃប្រសាទជាអចិន្រ្តៃយ៍ដោយមានរោគសញ្ញាសាមញ្ញៗមួយចំនួនជាប្រចាំ។
ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ គឺជាការស្ទះសរសៃឈាម ឬ ការហូរឈាមនៅក្នុងខួរក្បាលរួមមានកង្វះខាតការចិញ្ចឹមជាលិកាខួរក្បាល ការហូរឈាមនៅក្នុងខួរក្បាល (cerebral and subarachnoid haemorrhage) កំណកឈាមនៅក្នុងខួរក្បាល (intracerebral embolism and cerebral thrombosis) ដែលជាលទ្ធផលធ្វើឲ្យមានការខូចសរសៃប្រសាទអចិន្រ្តៃយ៍ដោយមានរោគសញ្ញា
សាមញ្ញៗមួយចំនួនជាប្រចាំ។
ការធ្វើរោគវិនិច្ឆ័យនេះត្រូវផ្អែកលើលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖
• ភស្តុតាងនៃរោគសញ្ញាខូចសរសៃប្រសាទអចិន្រ្តៃយ៍ដែលត្រូវបានបញ្ជាក់ដោយគ្រូពេទ្យឯកទេសប្រព័ន្ធសរសៃប្រសាទយ៉ាងតិច 03 ខែ បន្ទាប់ពីហេតុការណ៍នោះ។
• ការរកឃើញតាមម៉ាស៊ីនស្កេនMRI ម៉ាស៊ីនស្កេនCT ឬ បច្ចេកទេសរូបភាពផ្សេងៗដែលអាចបញ្ជាក់
ពីភាពសមស្របទៅនឹងរោគវិនិច្ឆ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលថ្មីមួយ។
ករណីខាងក្រោមនេះមិនត្រូវបានទទួលការធានាទេ៖
• ការស្ទះសរសៃឈាមខួរក្បាលជាបណ្តោះអាសន្ន
• ការខូចខាតខួរក្បាលដោយសារតែគ្រោះថ្នាក់ ការរងរបួស ការឆ្លង(រោគ) ការរលាកសរសៃឈាម
និងជំងឺបង្កដោយការរលាកផ្សេងៗទៀត។
• ជំងឺសរសៃឈាមដែលប៉ះពាល់ដល់ភ្នែក សរសៃប្រសាទអុបទិក ឬ មុខងាររក្សាលំនឹង
• ជំងឺកង្វះខាតនៃការចិញ្ចឹមប្រព័ន្ធរក្សាលំនឹង និង
• រោគសញ្ញាខួរក្បាលដោយសារតែជំងឺប្រកាំង។
អចិន្ត្រៃយ៍ មានន័យថា មានរយៈពេលពេញមួយជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។
ការខូចសរសៃប្រសាទអចិន្រ្តៃយ៍អមដោយមានរោគសញ្ញាសាមញ្ញៗមួយចំនួនជាប្រចាំ មានន័យថារោគសញ្ញាមិនប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទដែលស្តែងចេញនៅពេលគ្រូពេទ្យពិនិត្យ ហើយដែលរំពឹងថានឹងកើតមានអស់រយៈពេលពេញមួយជីវិតរបស់អ្នកត្រូវបានធានារ៉ាប់រង។ រោគសញ្ញាដែលទទួលបានការធានារួមមានស្ពឹក ខ្វិន ទន់ខ្សោយដោយផ្នែក ពិបាកនិយាយ មិនអាចនិយាយ ពិបាកលេប ពិបាកមើល ពិបាកដើរ ប្រព័ន្ធសរីរាង្គមដំណើរការមិនស៊ីគ្នា ញ័រ ប្រកាច់ វង្វេង ភ្លេចភ្លាំង និងសន្លប់។
(6) ការខូចថ្លើមដំណាក់កាលចុងក្រោយ (End Stage Liver Failure)
ការខូចថ្លើមដំណាក់កាលចុងក្រោយមានការស្តែងចេញដូចខាងក្រោម៖
• ការចេញលឿងជាអចិន្ត្រៃយ៍ (Permanent jaundice);
• ទាចទឹក (Ascites);
• ជំងឺរលាកខួរក្បាលដោយសារបញ្ហាថ្លើម (Hepatic encephalopathy)
ជំងឺថ្លើមដែលបណ្តាលមកពីការពិសាស្រា ឬ ការប្រើប្រាស់គ្រឿងញៀន នឹងមិនត្រូវបានទទួលការធានានោះទេ។
(7) ជំងឺសួតដំណាក់កាលចុងក្រោយ (End Stage Lung Disease)
ជំងឺសួតដំណាក់កាលចុងក្រោយបណ្តាលអោយមានការខូចខាតប្រព័ន្ធដង្ហើមរ៉ាំរ៉ៃ។ ការធ្វើរោគវិនិច្ឆ័យនេះត្រូវមានអំណះអំណាងទាំងអស់ដូចខាងក្រោម៖
• លទ្ធផលតេស្តផ្លុំខ្យល់ FEV1 ដែលជាអចិន្ត្រៃយ៍មានកម្រិតថេរតិចជាង 1 លីត្រ
• ការព្យាបាលដោយអុកស៊ីសែនបន្ថែមសម្រាប់អាការៈជំងឺកង្វះអុកស៊ីសែនក្នុងឈាម
• ការពិនិត្យរកកំហាប់អុកស៊ីសែនក្នុងឈាមធៀបជាមួយនឹងសម្ពាធអុកស៊ីសែនដោយ
• ផ្នែក(Partial Oxygen) ដែលមានកម្រិតតិចជាង ឬ ស្មើ 55mmHg (PaO2 <= 55mmHg); និង
• ពិបាកដកដង្ហើមពេលសម្រាក
ការធ្វើរោគវិនិច្ឆ័យត្រូវតែមានការបញ្ជាក់ដោយគ្រូពេទ្យឯកទេសប្រព័ន្ធផ្លូវដង្ហើម។
(8) ការខូចតម្រងនោម (Kidney Failure)
ការខូចតម្រងនោមទាំងសងខាងរ៉ាំរ៉ៃដែលតម្រូវឲ្យមានការលាងឈាមជាប្រចាំ ឬ ការប្តូរតម្រងនោម។
(9) ការវះកាត់ផ្លាស់ប្តូរសរីរាង្គ
ការទទួលបានការវះកាត់ផ្លាស់ប្តូរសរីរាង្គមួយក្នុងចំណោមសរីរាង្គខាងក្រោម ដែលបណ្តាលមកពីការខូច
សរីរាង្គមួយនោះនៅដំណាក់កាលចុងក្រោយជាអចិន្ត្រៃយ៍ដែលមិនអាចព្យាបាលឲ្យជាសះស្បើយវិញបាន៖
• បេះដូង
• សួត
• ថ្លើម
• តម្រងនោម
• លំពែង
ការវះកាត់ផ្លាស់ប្តូរកោសិកាដើម បណ្តុំកោសិកា និង/ឬ ផ្នែកណាមួយនៃសរីរាង្គខាងលើនឹងមិនត្រូវបានទទួលការធានានោះទេ។
អត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកមន្ទីរពេទ្យ (Daily Hospitalization Benefit)
(ក) អត្ថប្រយោជន៍ប្រចាំថ្ងៃ (Daily Cash Benefit)
ក្រុមហ៊ុននឹងទូទាត់សំណងជូនអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់ទូទៅ ដោយសារជំងឺ ឬគ្រោះថ្នាក់ចៃដន្យ យ៉ាងតិចប្រាំមួយ (៦) ម៉ោងជាប់ៗគ្នា តាមកម្រិតទឹកប្រាក់ដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចបានឯកភាពតាមកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រង ដោយអនុលោមតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌផ្សេងៗក្រោមបណ្ណសន្យារ៉ាប់រងនេះ។
(ខ) អត្ថប្រយោជន៍ប្រចាំថ្ងៃចំពោះការសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម (Daily ICU Benefits)
ក្រុមហ៊ុននឹងទូទាត់សំណងជូនអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងផ្នែកប្រពោធនកម្ម (ICU) ដោយសារជំងឺ ឬគ្រោះថ្នាក់ចៃដន្យ យ៉ាងតិចប្រាំមួយ (៦) ម៉ោងជាប់ៗគ្នា ដោយអនុលោមតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌផ្សេងៗក្រោមបណ្ណសន្យារ៉ាប់រងនេះ។ អត្ថប្រយោជន៍នេះ គឺស្មើនឹងទ្វេដងនៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃអត្ថប្រយោជន៍ប្រចាំថ្ងៃ (ចំណុច “ក”) ។
(គ) ដែនកំណត់ទូទៅនៃការធានា និងលក្ខខណ្ឌនៃការទូទាត់ (The general limit and payment conditions)
ដែនកំណត់ទូទៅនៃការធានា និងលក្ខខណ្ឌនៃការទូទាត់ខាងក្រោម នឹងត្រូវបានផ្ដល់ជូននៅពេលអត្ថប្រយោជន៍ត្រូវបានអនុលោមក្រោមបណ្ណសន្យារ៉ាប់រងនេះ។
i. ដែនកំណត់នៃទឹកប្រាក់ធានារ៉ាប់រង (Face Amount Limit)
ទឹកប្រាក់ធានារ៉ាប់រងសរុបសម្រាប់អត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកមន្ទីរពេទ្យ (Daily Hospital Benefit) សម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ គឺមានចំនួនមិនលើសពី ពីររយ (២០០) ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនមែនជាអ្នកមានការងារ ឬចំណូលទៀងទាត់ នោះទឹកប្រាក់ធានារ៉ាប់រងនេះ នឹងត្រូវកំណត់អតិបរមាត្រឹមតែហាសិប (៥០) ដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ។
ii. រយៈពេលអតិបរមានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ (Maximum stay per Hospitalization)
រយៈពេលអតិបរមាដែលអាចទូទាត់ជូន សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យនីមួយៗ គឺ មានរយៈពេល ម្ភៃ (២០) ថ្ងៃ ហើយចំនួនថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រងបានសម្រាកព្យាបាលនោះត្រូវជាការណែនាំរបស់គ្រូពេទ្យថាពិតជាមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្តពិតមែន ដោយត្រូវកំណត់យករយៈពេលណាដែលខ្លីជាងគេ។
ក្រុមហ៊ុននឹងធ្វើការពិចារណាសម្រេចលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាក់ស្តែងណាដែលមានរយៈពេលលើសពីម្ភៃ (២០) ថ្ងៃប្រសិនបើការសម្រាកព្យាបាលនោះត្រូវបានចាត់ទុកថាជាភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ។ ក្នុងករណីនេះអ្នកត្រូវបានធានារ៉ាប់រងត្រូវតែផ្តល់ដំណឹងមកក្រុមហ៊ុន ដើម្បីទទួលបានការប្រឹក្សាយោបល់ និងការណែនាំផ្សេងៗ។
នៅពេលធ្វើការពិចារណាលើរយៈពេលអតិបរមានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនីមួយៗ ចំពោះការសម្រាកព្យាបាលនៅមន្ទីរពេទ្យណាដែលកើតឡើងក្នុងចន្លោះពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យចុងក្រោយដែលបណ្តាលមកពី និងក្រោមលក្ខខណ្ឌជំងឺ ឬរបួសតែមួយ ក្រុមហ៊ុននឹងត្រូវចាត់ទុកថាជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យតែមួយ។
iii. ដែនកំណត់ប្រចាំឆ្នាំ (Annual Limit)
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យទៅឱ្យអ្នកត្រូវបាធានារ៉ាប់រងត្រឹមរយៈពេលអតិបរមាកៅសិប (៩០) ថ្ងៃ ក្នុងរយៈពេលមួយ (១) ឆ្នាំនៃបណ្ណសន្យារ៉ាប់រងមួយ។
iv. ដែនកំណត់មួយជីវិតកាល (Lifetime Limit)
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទៅឱ្យអ្នកត្រូវបានធានារ៉ាប់រងត្រឹមរយៈពេលអតិបរមាប្រាំបួនរយ (៩០០) ថ្ងៃ ក្នុងរយៈពេលមួយជីវិតកាលរបស់អ្នកត្រូវបានធានារ៉ាប់រង។
v. ការសម្របសម្រួលនៃអត្ថប្រយោជន៍ (Co-ordination of Benefits)
ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងកំពុងត្រូវបានធានាពីក្រុមហ៊ុន ក្រោមគម្រោងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកមន្ទីរពេទ្យ (Daily Hospitalization Benefit) លើសពីមួយ នោះអត្ថប្រយោជន៍អាចនឹងត្រូវបែងចែកជាប្រភាគទៅតាមចំនួនទឹកប្រាក់ធានារ៉ាប់រងរបស់គម្រោងនីមួយៗ ហើយអត្ថប្រយោជន៍សរុបដែលត្រូវផ្តល់ជូននឹងកំណត់ទៅតាមដែនកំណត់ដែលបានពណ៌នាក្នុងចំណុច (ii) (iii) និង/ឬ(iv)។
2. ករណីមិនធានា (Exclusion)
ក្រុមហ៊ុន នឹងមិនផ្ដល់សំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុបដោយពុំមានការប្រាក់ គិតពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយដែលកើតឡើងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
4.1 ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ (Exclusions for Non-Accidental Death Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ ក្នុងរយៈពេល ពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (២) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង(សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។
4.2. ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ(Exclusions for Non-Accidental Death or Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល(សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។
4.3 ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ(Exclusions for Accidental Death or Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
(ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី ៨. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(ង) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង/ឬល្មើសល្បឿនកំណត់ តាមច្បាប់ដែលមានជាធរមានខណ:ដែលមានគ្រោះថ្នាក់នោះ ឬ
(ច) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្រ្តី ឬអ្នកអនុវត្តច្បាប់ ឬ
(ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគា ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
(ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
(ញ) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping ។
4.4. ករណីមិនធានាចំពោះអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (Exclusions for Major Critical Illness Benefits)
(ក) រាល់ស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ និងផលវិបាកផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ ឬ
(ខ) រាល់ជំងឺធ្ងន់ធ្ងរទាំងអស់ដែលត្រូវបានស្តែងចេញ ឬលេចចេញនូវរោគសញ្ញា ឬមានអាកាៈ ឬត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញក្នុងអំឡុង រយៈពេលមិនត្រូវបានធានា ឬ
(គ) ជំងឺមានពីកំណើត ឬពិការភាពពីកំណើត ឬ
(ឃ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS) (លើកលែងករណីឆ្លងមេរោគហ៊ីវដោយការបញ្ចូលឈាម ឬការឆ្លងជំងឺអេដស៍ដោយសារវិជ្ជា ជីវៈ)
(ង) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ច) ការស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន ឬឱសថ ឬថ្នាំពុល ឬឧស្ម័នប្រភេទណាមួយ លើកលែងតែមានវេជ្ជបញ្ជាពីអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្តដែលមានការចុះបញ្ជីត្រឹមត្រូវ។
4.5 ករណីមិនធានាចំពោះអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកមន្ទីរពេទ្យ
(ក) រាល់ស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ និងផលវិបាកផ្សេងៗទៀតដែលកើតឡើងដោយសារស្ថានភាព ឬអាការៈជំងឺដែលមានពីមុនស្រាប់ ឬ
(ខ) រាល់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលកើតឡើងដោយសារជំងឺក្នុងអំឡុងរយៈពេលមិនត្រូវបានធានា ឬ
(គ) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់លក្ខខណ្ឌជំងឺ ឬរបួស ឬចំនួនថ្ងៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យណាដែលមិនមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ដូចដែលបានកំណត់ដោយក្រុមហ៊ុន ឬ
(ឃ) រាល់ការព្យាបាល ឬវះកាត់ទាំងឡាយណា ដែលធ្វើឡើងដោយសារភាពមិនប្រក្រតីពីកំណើត ឬការខូចទ្រង់ទ្រាយពីកំណើតនៃរូបរាងកាយទាំងផ្នែកខាងក្នុង ឬខាងក្រៅ ដោយរាប់បញ្ចូលទាំងជំងឺតំណពូជ ឬ
(ង) ការមានផ្ទៃពោះ ឬផលវិបាកផ្សេងៗទៀត ដែលកើតឡើងពីការមានផ្ទៃពោះ ឬ
(ច) សេវាកម្ម ឬការព្យាបាលវេជ្ជសាស្រ្តទាក់ទងនឹងបញ្ហាគ្មានកូន ឬភាពអារ ឬ
(ជ) ការមើលថែទាំដែលមានលក្ខណៈឯកជន ការសម្រាកព្យាបាល ឬការថែទាំនៅផ្ទះ ឬ
(ឈ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ញ) ជំងឺកាមរោគ ឬផលវិបាករបស់វា ឬជំងឺអេដស៍ (AIDS) ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬ
(ដ) ជំងឺឆ្លងទាំងទ្បាយណាដែលតម្រូវឱ្យនៅដាច់ពីគេដូចបានប្រកាសតាមផ្លូវច្បាប់ ឬ
(ឋ) ជំងឺផ្លូវចិត្ត វិបត្តិផ្លូវចិត្ត ឬជំងឺភ័យខ្លាច (រួមមានជំងឺសរសៃប្រសាទ ជំងឺវិកលចរិត និងទាក់ទងចិត្តសារីរសាស្រ្ត ឬអាការៈរោគចិត្តដែលស្តែងចេញពីសរីរផ្លូវចិត្ត) ឬ
(ឌ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
(ធ) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ន) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
(ត) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែបparachuting ឬការលោត bungee jumping ឬ
(ថ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី។
ឧទាហរណ៍នៃលក្ខខណ្ឌដែលមិនមែនជាភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត
(ក) ការវះកាត់កែសម្ផស្ស ការកាត់ស្បែកអង្គជាតិ ការធ្វើតេស្តភ្នែក ការកាត់ និងប្រើកាំរស្មី ឬការវះកាត់ដើម្បីកែតម្រូវការមើលឃើញនៃភ្នែក។
(ខ) បញ្ហាពាក់ព័ន្ធនឹងធ្មេញ ដែលរួមមានការព្យាបាលធ្មេញ ឬការវះកាត់មាត់ធ្មេញ លើកលែងតែជាតម្រូវការចាំបាច់បណ្តាលមកពីគ្រោះថ្នាក់ទៅលើធ្មេញធម្មជាតិដែលរឹងមាំ ហើយដែលកើតឡើងក្នុងអំឡុងពេលធានារ៉ាប់រង។
(គ) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបឋមណាដែលធ្វើឡើងសម្រាប់ការធ្វើពិសោធន៍ ការធ្វើរោគវិនិច្ឆ័យ ការធ្វើតេស្ត X-ray ការពិនិត្យតាមដានសុខភាព និងការព្យាបាលបង្ការនានា ការចាក់ថ្នាំបង្ការ ឬការធ្វើ តេស្ត ឬការពិនិត្យដែលធ្វើឡើងដោយវេជ្ជបណ្ឌិត និងការព្យាបាលទាំងឡាយណាក្នុងគោលបំណងសម្រក ឬតម្លើងទំងន់។
(ឃ) ការពិនិត្យរាងកាយជាប្រចាំ ការពិនិត្យសុខភាព ឬការធ្វើតេស្តណាមួយដែលមិនទាក់ទងនឹងការព្យាបាល ឬការធ្វើរោគវិនិច្ឆ័យនៃជំងឺ ឬរបួសរបស់អ្នកត្រូវបានធានារ៉ាប់រង។
(ង) ការធ្វើតេស្ត ឬការព្យាបាលដែលទាក់ទងនឹងការចុះខ្សោយចំណងផ្លូវភេទ ឬភាពអារ (មិនមានកូន) ការអសមត្ថភាពផ្លូវភេទ និងការអសមត្ថភាពនៃការទ្បើងរឹងអវយវៈផ្លូវភេទ។
(ច) វិធីព្យាបាលបែបថ្នាំញៀន ឬវិធីព្យាបាលដោយប្រើថ្នាំបុរាណ។
(ឆ) ការចាក់ថ្នាំវ៉ាក់សាំងបង្ការ និងបង្កើនភាពស៊ាំ។
(ជ) ការស៊ើបអង្កេត និងការព្យាបាលលើវិបត្តិការគេង និងស្រមុក ការព្យាបាលដោយប្រើអរម៉ូនបំពេញ ឬជំនួស និងវិធីព្យាបាលផ្សេងទៀតដូចជា ការព្យាបាល ការផ្តល់សេវាកម្ម ឬការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលរួមមានប៉ុន្តែមិនកំណត់ចំពោះតែសេវាចាប់សរសៃ ឬច្របាច់ម៉ាស្សា ការព្យាបាលប្រើម្ជុលវិទ្យាសាស្រ្ត ការសិក្សាពីរ៉េផ្លិច ការតម្រៀបឆ្អឹង ការព្យាបាលដោយប្រើរុក្ខជាតិជាឱសថ វិធីព្យាបាលបែបម៉ាស្សា ឬប្រើប្រេងក្រអូប ឬវិធីព្យាបាលផ្សេងៗទៀត។
(ឈ) ការព្យាបាលជំងឺទូទៅ លើកលែងតែការវះកាត់ត្រូវការចាំបាច់៖
. ការឈឺខ្នង ការឈឺសន្លាក់ដៃ ឬជើង ជំងឺរលាកសន្លាក់ដៃ ឬជើង ជំងឺរលាកសាច់ដុំ តំណឆ្អឹងខ្នងដែលសឹករិចរិល ជំងឺភ្នែកក្រហម ជំងឺដុះកន្ទុយថ្លែន
. ជំងឺឬសដូងបាត
. ការបែកស្រកា ឬប្រេះស្បែក ការប៉ះទង្គិចនៃជាលិកា ឬការបាក់បែកឆ្អឹង ឬការថ្លោះគ្រេចនៃម្រាមដៃ ឬម្រាមជើង
. ការចុះខ្សោយនៃរាងកាយ ឬការអស់កម្លាំងល្ហិតល្ហៃ។
(ញ) ការព្យាបាលទៅលើការវះកាត់ប្តូរភេទ។
(ដ) ការព្យាបាលដែលទាក់ទងនឹងការបរិច្ចាគសរីរាង្គណាមួយរបស់អ្នកត្រូវបានធានារ៉ាប់រង។
3. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)
សំដៅដល់អំឡុងពេលម្ភៃមួយ (21) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។ បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងដែលបានបង់រូចសរុប ដក
(ខ) ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន) ដក
(គ) បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន (បើមាន)។
4. ការផ្សះផ្សាវិវាទ Dispute Mediation
•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)
រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
•នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
5. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុននឹងអាចបដិសេធការទាមទារសំណង ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំតែប៉ុណ្ណោះ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបាន អនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទឡើយ។
6. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)
បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖
(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ
(ខ) អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្ដល់ជូនរួច ប្រសិនបើចំនួនទឹកប្រាក់ធានារ៉ាប់រង នៃអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់មានចំនួនស្មើនឹងទឹកប្រាក់ធានារ៉ាប់រងនៃប្រាក់សំណង មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍។ ប៉ុន្តែក្នុងករណីចំនួនទឹកប្រាក់ធានារ៉ាប់រងនៃ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់មានចំនួនទាបជាងទឹកប្រាក់ធានារ៉ាប់រងនៃប្រាក់សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ នោះបណ្ណសន្យារ៉ា់រងនៅតែបន្តមានសុពលភាព ដោយមានតែអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ប៉ុណ្ណោះត្រូវបានបញ្ចប់សុពលភាព។ ប្រាក់សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ នឹងត្រូវដកចេញនូវប្រាក់សំណងនៃ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលបានទូទាត់រួច ឬ
(ខ) ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង ឬ
(គ) បណ្ណសន្យារ៉ាប់រងអស់សុពលភាព រយៈពេល ម្ភៃបួន (២៤) ខែ ជាបន្តបន្ទាប់ ឬដល់កាលបរិច្ឆេទផុតកំណត់។
7. ដំណើរការនៃការទាមទារសំណង (How to claim)
តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ:
https://www.manulife.com.kh/en/services/claims.html, ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ
ឥតគិតថ្លៃ