សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង
គម្រោង ការពារកម្ចីទិញផ្ទះជាមួយមេនូឡាយហ្វ៍
កម្មវត្ថុនៃការធានា
គម្រោងការពារកម្ចីទិញផ្ទះជាមួយមេនូឡាយហ្វ៍ ជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)។
1. អាយុដែលទទួលបានការធានា (Eligible)
• អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
2. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
• ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
បណ្ណសន្យារ៉ាប់រងនេះ គឺតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងត្រឹមតែមួយលើកប៉ុណ្ណោះ។ រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុនតាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
• រយៈពេលអនុគ្រោះ (Grace Period)
មិនត្រូវបានអនុវត្ត
• ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
មិនត្រូវបានអនុវត្ត
3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
(Death or Total and Permanent Disability Benefit)
ដោយអនុលោមតាមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់អត្ថប្រយោជន៍លើមរណភាព ឬពិកាភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង។
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ក្នុងអំឡុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងបង់ជូនអ្នកទទួលផលនូវទឹកប្រាក់ធានារ៉ាប់រងដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានឯកភាពតាមកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានបន្ទាប់ (បើមាន) ដកបុព្វលាភធានារ៉ាប់រងណាមួយដែលមិនទាន់បានបង់។
ប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើមរណភាពដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកទទួលផល រីឯប្រាក់សំណងសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ដែលមិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ នឹងត្រូវបានផ្តល់ជូនអ្នកត្រូវបានធានារ៉ាប់រងបន្ទាប់ពីក្រុមហ៊ុនបានទទួលភស្តុតាងត្រឹមត្រូវ និងធ្វើការអនុម័តយល់ព្រម ថាមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង គឺសមស្របតាមនិយមន័យ ករណីមិនធានា ខ និងលក្ខខណ្ឌដែលកំណត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ ត្រូវបានទូទាត់រួច។
4. ករណីមិនធានា (Exclusion)
ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព
(Exclusions for Death Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍
(Exclusions for Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
5. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)
រយៈពេលពិចារណាលើកចុងក្រោយ សំដៅដល់អំឡុងពេល ម្ភៃមួយ (២១) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។ បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប ដក
(ខ) ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន) ដក
(គ) បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន (បើមាន)។
6. ការផ្សះផ្សាវិវាទ Dispute Mediation
•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)
រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
•នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
7. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុននឹងអាចលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយល័ក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទ ឡើយ។
8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)
បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់សុពលភាពដោយស្វ័យប្រវត្តិ ដោយសារមូលហេតុណាមួយខាងក្រោម (ណាមួយដែលកើតឡើងមុនគេ)៖
(ក) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង ឬ
(ខ) ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង ឬ
(គ) បណ្ណសន្យារ៉ាប់រងបានដល់កាលបរិច្ឆេទផុតកំណត់ ។
9. ដំណើរការនៃការទាមទារសំណង (How to claim)
តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ៖
https://www.manulife.com.kh/en/services/claims.html, ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយឥតគិតថ្លៃ