លោក Justin គឺជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ មុនពេលលោកចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោកគឺជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន មេនូឡាយហ្វ៍ Berhad (“MIB”) នៅប្រទេសម៉ាឡេស៊ីដែលលោកបានចាប់ផ្ដើមការងារនៅទីនោះក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦។
មុនពេលដែលលោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន MIB លោកក៏ធ្លាប់ជានាយកគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ផងដែរ។ លោកបាននាំមកនូវបទពិសោធន៍ជាច្រើនពីគ្រប់ផ្នែកផ្សេងៗនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ដោយលោកចាប់ផ្តើមចូលបម្រើការងារក្នុងក្រុមហ៊ុន John Hancock ហើយបន្តធ្វើការនៅការិយាល័យ មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ីទៀតផង។
លោក Helferich មានបទពិសោធន៍ ១៥ ឆ្នាំនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុទាំងនៅសហរដ្ឋអាមេរិក និងអាស៊ី។ មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោកគឺជាប្រធានជាន់ខ្ពស់មួយរូបនៅក្នុងក្រុមហ៊ុន សវនកម្ម KPMG ដោយផ្តល់សេវកម្មដល់ក្រុមហ៊ុនធានារ៉ាប់រងជាច្រើន។
លោកទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Connecticut, Storrs និងវិញ្ញាបនបត្រគណនេយ្យករសាធារណៈ (CPA) ពីសហរដ្ឋអាមេរិក។
លោកស្រី May គឺជានាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកស្រីទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ ផលចំណេញ ការគ្រប់គ្រងហានិភ័យ និងសោធនភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីបំពេញឱ្យបាននូវគោលដៅ និងការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិក្នុងស្រុក។
លោកស្រី May គឺជាសមាជិកានៃវិទ្យាស្ថាន និងមហាវិទ្យាល័យការវិភាគហានិភ័យ (Institute and Faculty of Actuaries UK (FIA) នៅចក្រភពអង់គ្លេស។ លោកស្រីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តការវិភាគហានិភ័យ ពីសាលាពាណិជ្ជកម្ម Cass នៅទីក្រុងឡុងដ៍ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រវិស្វកម្មពីសាកលវិទ្យាល័យ New South Wales នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
លោកស្រីមានបទពិសោធន៍រយៈពេល ១៥ ឆ្នាំ លើផ្នែកវិភាគហានិភ័យ និងហិរញ្ញវត្ថុ រួមបញ្ចូលទាំងការវិភាគហានិភ័យ និងហិរញ្ញវត្ថុរបស់សាជីវកម្ម ការអភិវឌ្ឍផលិតផល និងតម្លៃផលិតផល មូលធនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការវិនិយោគ។ លោកស្រីបានបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក៏ដូចជាក្រុមប្រឹក្សាយោបល់ឈានមុខគេមួយចំនួននៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងប្រទេសថៃ។ មុនពេលលោកស្រីចាប់ផ្តើមអាជីពក្នុងផ្នែកវិភាគហានិភ័យ លោកស្រីធ្លាប់ជាវិស្វករស៊ីវិលម្នាក់ដែលមានបទពិសោធន៍នៅប្រទេសនូវែលហ្សេឡង់ ចក្រភពអង់គ្លេស ប្រទេសអៀរឡង់ និង សហព័ន្ធអារ៉ាប់។
លោក តុលា គឺជានាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ ហើយលោកមានតួនាទីគ្រប់គ្រងរាល់កិច្ចការងារទាំងអស់របស់បណ្តាញផ្នែកលក់។
លោក តុលា ជាបុគ្គលដែលមានទំនុកចិត្តខ្ពស់ ឆន្ទៈដ៏មុតមាំ និងការតាំងចិត្តខ្ពស់។ លោកទទួលបានពានរង្វាន់ បុគ្គលិកឆ្នើមប្រចាំតំបន់អាស៊ី (Asia Star of Excellence) ពីរដងផ្ទួនគ្នានាឆ្នាំ ២០១៣ និង ២០១៤ ហើយទទួលបានពានរង្វាន់ បុគ្គលិកឆ្នើមទូទាំងសកលលោក (Global Star of Excellence) នៅឆ្នាំ ២០១៥ ក្រោមការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុមហ៊ុន មេនូឡាយហ្វ៍ ឱ្យមានកេរិ៍ឈ្មោះល្បីកាន់តែខ្លាំងឡើង នៅប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ។ លោក តុលា ស្ថិតនៅក្នុងកម្មវិធី IGNITE នៅឆ្នាំ២០១៦។
មុនចូលបម្រើការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោក តុលា គឺជានាយកផ្នែក កិច្ចការសាជីវកម្ម និងបទបញ្ញត្តិ នៅក្រុមហ៊ុន British American Tobacco ហើយចំណាយរយៈពេល ៨ឆ្នាំ នៅក្រុមហ៊ុននេះ ទាំងនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោក Zdenek គឺនាយកគ្រប់គ្រងនាយកដ្ឋានការវិវឌ្ឍន៍របណ្តាញចែកចាយនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ ហើយលោកមានតួនាទីទទួលបន្ទុកលើការធ្វើការសហការជាមួយបណ្តាញចែកចាយរបស់ក្រុមហ៊ុនក្នុងការបង្កើនផលិតភាពផ្នែកលក់
លោកមានបទពិសោធន៍នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតដល់ទៅ ១៨ ឆ្នាំ នៅអឺរ៉ុប និងអាស៊ី។ លោក Zdenek បានចំណាយពេល ១៥ ឆ្នាំចុងក្រោយរបស់លោកក្នុងមុខតំណែងផ្សេងៗនៅតំបន់អាស៊ីជាមួយក្រុមហ៊ុន ING, AIA និង Allianz ។ មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោកមានមុខតំណែងនៅការិយាល័យប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅទីក្រុងហុងកុង ដោយទទួលខុសត្រូវលើការអភិវឌ្ឍបណ្តាញភ្នាក់ងារលក់នៅក្នុងទីផ្សារកំពុងរីកចម្រើន។
លោក ព្រូ ស៊ីថន ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដឹកនាំជាន់ខ្ពស់ដំបូង ដែលបានផ្តួចផ្តើមវិស័យធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។ លោកបានចូលមកក្រុមហ៊ុន មេនូឡាយហ្វ៍ ស្របពេលដែលក្រុមហ៊ុនកំពុងរៀបចំប្រតិបត្តិការក្នុងទីផ្សារកម្ពុជាលើកដំបូង ក្នុងតំណែងជានាយកគ្រប់គ្រងនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ រហូតមកដល់ ខែមករា ឆ្នាំ ២០២២ ទើបលោកបានទទួលតំណែងថ្មីជានាយកគ្រប់គ្រងនាយកដ្ឋានភាពជាដៃគូ ក្នុងការចែកចាយ។
ក្នុងនាមជានាយកគ្រប់គ្រងនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ដំបូងគេក្នុងវិស័យនេះ លោកមានបទពិសោធន៍ និងយុទ្ធសាស្រ្តជាច្រើនក្នុងការជម្រុញអាជីវកម្មឲ្យឆ្លងផុតបញ្ហាប្រឈមផ្សេងៗ និងឆ្ពោះទៅរកគោលដៅយ៉ាងជោគជ័យ។ មុនពេលចូលមកក្រុមហ៊ុន មេនូឡាយហ្វ៍ លោកក៏បានបម្រើការងារជាមន្ត្រីរាជការស៊ីវិលនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេល 10 ឆ្នាំផងដែរ។
ក្នុងនាមជានាយកគ្រប់គ្រងនាយកដ្ឋានភាពជាដៃគូ ក្នុងការចែកចាយ លោកទទួលបន្ទុកគ្រប់គ្រងរាល់កិច្ចការងារចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយដៃគូធនាគារឈានមុខគេនៅក្នុងប្រទេស។ លោកមានតួនាទីដឹកនាំ បង្កើត និងអនុវត្តយុទ្ធសាស្រ្តជម្រុញការលក់ដើម្បីឆ្លើយតបទៅនឹងគោលដៅអាជីវកម្ម ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជន។
លោក ស៊ីថន គឺជាបុគ្គលសកម្មមួយរូបក្នុងកិច្ចការងារសង្គម។ លោកគឺជាប្រធានគណៈកម្មាធិការអប់រំរបស់សមាគមធានារ៉ាប់រងកម្ពុជា និងជាគ្រូបង្រៀនផ្នែកច្បាប់ធានារ៉ាប់រងសម្រាប់ថ្នាក់អនុបណ្ឌិតអន្តរជាតិនៅកម្ពុជា ហើយលោកក៏បាននិពន្ធ និងចុះផ្សាយអត្ថបទជាច្រើននៅក្នុងស្រុក និងអន្តរជាតិផងដែរ។ លោកធ្លាប់ជាអនុប្រធានសមាគមអតីតសិក្ខាកាមមកពីប្រទេសជប៉ុន (JICA Alumni of Cambodia)។
លោកបានឈ្នះពានរង្វាន់ "អ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ ២០២១" ពីស្ថាប័ន Asia Insurance Review។ នៅក្នុងឆ្នាំ ២០២០ លោកត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ព្រមទាំងពានរង្វាន់ឈានមុខគេផ្នែកធានារ៉ាប់រង និងការធានារ៉ាប់រងបន្តប្រចាំឆ្នាំពី Acquisition International ។ ពានរង្វាន់ផ្សេងៗទៀតដែលលោកទទួលបានរួមមាន 40 Under 40 of the Asian Legal Business (ឆ្នាំ ២០១៨) និងបុគ្គលិកឆ្នើមរបស់ Manulife Asia (ឆ្នាំ ២០១៥)។
លោក ស៊ីថន បានបញ្ចប់ការសិក្សាថ្នាក់ Executive LL.M. ពី មហាវិទ្យាល័យ King's College នៅទីក្រុងឡុងដ៍ និងអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងធុរកិច្ចពីសាកលវិទ្យាល័យជាតិ Yokohama ប្រទេសជប៉ុន៕
លោក សម្បត្តិ បានចូលបម្រើការងារ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេលអស់ ២៤ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកមានបទពិសោធន៍ជាង ១១ឆ្នាំ ទៅលើផ្នែកសេវាធានារ៉ាប់រង នៅអាមេរិកខាងជើង និងអាស៊ី។
ក្រោយពីបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ Boston នៅរដ្ឋMassachusetts ជាមួយនឹង សញ្ញាប័ត្រកម្រិតបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនយោបាយ និងការសិក្សាអន្តរជាតិ នៅឆ្នាំ២០០១ លោក សម្បត្តិបានចូលបម្រើការងារនៅ ក្រុមហ៊ុនហិរញ្ញវត្ថុ John Hancock នៅឆ្នាំ២០០៥។
បន្ទាប់ពីបានបំពេញការងារ នៅផ្នែកប្រតិបត្តិការអាជីវកម្មថ្មី អស់រយៈពេល ៨ ឆ្នាំនៅក្រុមហ៊ុន John Hancock មក លោកសម្បត្តិ បានត្រលប់មកប្រទេសកម្ពុជាវិញ ដែលថ្មីៗនេះនៅឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
លោកសម្បត្តិ បានកើតក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងបានរស់នៅ ក្នុងជំរុំជនភៀសខ្លួននៅកម្ពុជា ហើយលោក ជាអនិកជនខែ្មរ-អាមេរិក ដែលបានសម្រេចចិត្ត ត្រលប់មកស្រុកកំណើតវិញ ដើម្បីជួយប្រជាជនកម្ពុជាកសាងអនាគតហិរញ្ញវត្ថុដ៏មានស្ថិរភាព និងប្រសើរជាងមុន។
លោកស្រី ណារ៉ា បានចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងឆ្នាំ ២០១២ ក្នុងនាមជាបុគ្គលិកផ្នែកគណនាហានិភ័យដំបូងបង្អស់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានចំណាយពេល ១៦ ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកស្រី ណារ៉ា ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារនៅខែមករា ឆ្នាំ ២០១៨។
លោកស្រី ណារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យ Texas នៅទីក្រុង Austin ដោយបានផ្តោតលើជំនាញវិទ្យាសាស្រ្តក្នុងការវិភាគហានិភ័យ (វិទ្យាសាស្រ្តធានារ៉ាប់រង)។ លោកស្រីគឺជាសមាជិកនៃសមាគមអ្នកគណនាហានិភ័យ (ASA) និងជាសមាជិកនៃ មជ្ឈមណ្ឌលអ្នកគណនាហានិភ័យប្រចាំសហរដ្ឋអាមេរិក (MAAA) ផងដែរ។ លោកស្រីបានមកបំពេញការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ដោយភ្ជាប់ជាមួយនូវបទពិសោធន៍រយៈពេល ១០ ឆ្នាំក្នុងវិស័យធានារ៉ាប់រង និងបទពិសោធន៍ប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ល្បីៗដូចជា Watson Wyatt Worldwide និង Aon Hewitt ជាដើម។
មុនពេលចូលមកកាន់តួនាទីបច្ចុប្បន្ន លោកស្រី ណារ៉ា មានតួនាទីសំខាន់មួយក្នុងការបង្កើតផលិតផល និងការគណនាហានិភ័យ ដែលលោកស្រីធ្លាប់បានបង្កើតផលិតផលផ្សេងៗគ្នាដើម្បីបម្រើតម្រូវការអតិថិជនរបស់យើងប្រកបដោយភាពជោគជ័យ។ លោកស្រីទទួលបានពានរង្វាន់បុគ្គលិកឆ្នើមប្រចាំតំបន់អាស៊ី (Asia Stars of Excellence) ក្នុងឆ្នាំ ២០១២ សម្រាប់ស្នាដៃឆ្នើមនានារបស់លោកស្រី។
លោក សាមឺឌី បានចូលបម្រើការងារ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ជាប្រធានផ្នែកប្រតិបត្តិការធនធានមនុស្ស និងត្រូវបាន តែងតាំងជានាយកផ្នែកធនធានមនុស្ស នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។ មុនចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោក សាមឺឌី មានបទពិសោធន៍ជាង ១៣ឆ្នាំ នៅក្នុងផ្នែកធនធានមនុស្ស ដែលក្នុងនោះ លោកបានចំណាយរយៈពេល ៦ ឆ្នាំនៅរោងចក្រកាត់ដេរចំនួន៣ និងជាង៧ឆ្នាំ នៅឯអាកាសយានដ្ឋានអន្តរជាតិកម្ពុជា។
មានដើមកំណើតនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា លោកបានផ្លាស់ប្ដូរទីលំនៅ មកកាន់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៩៨ ដើម្បីសិក្សាបន្ត យកសញ្ញាប័ត្រកម្រិតបរិញ្ញាបត្រ ផ្នែកគ្រប់គ្រង។ លោកបានបន្តការរស់នៅ ក្នុងទីក្រុងភ្នំពេញ រហូតដល់ពេលរៀបអាពាហ៍ពិពាហ៍ ព្រមទាំងកសាងគ្រួសារថ្មីមួយនៅទីនោះ ដោយមានកូនស្រីពីរនាក់នាពេលបច្ចុប្បន្ន។
លោកស្រី ពេជ្រហេមី គឺជានាយិកាគ្រប់គ្រងនាយកដ្ឋានបច្ចេកវិទ្យា និងឌីជីថលនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកស្រីមានតួនាទីគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងការវិវឌ្ឍទៅមុខផ្នែកឌីជីថលរបស់ក្រុមហ៊ុន។
មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ លោកស្រីមានបទពិសោធន៍រយៈពេល ១៦ ឆ្នាំ លើគម្រោងផ្នែកឌីជីថលសម្រាប់អតិថិជនជុំវិញពិភពលោក។ លោកស្រីក៏ធ្លាប់បម្រើការនៅ ធនាគារ ABA ដែលជាធនាគារដែលមានបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជា ហើយលោកស្រីក៏មានតួនាទីបង្កើតក្រុមការងារផ្នែកឌីជីថល និងដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការចេញគម្រោងផ្តួចផ្តើម និងការអនុវត្តផ្នែកឌីជីថលផងដែរ។
លោកស្រីគឺជាអ្នកជំនាញ Scrum Master និងមានបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក សុវណ្ណ គឺជានាយកគ្រប់គ្រងនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងនាមជាសមាជិកមួយរូបនៃគណៈគ្រប់គ្រងប្រតិបត្តិ លោកមានតួនាទីទទួលបន្ទុកលើកិច្ចការច្បាប់ ការប្រតិបត្តិផ្លូវច្បាប់ និងអភិបាលកិច្ចរបស់ក្រុមហ៊ុន។
លោក សុវណ្ណ មានជំនាញផ្នែកច្បាប់ទូលំទូលាយជាង ១០ ឆ្នាំ ក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងអំឡុងពេលនៃការរៀបចំបង្កើតនាយកដ្ឋានច្បាប់ និងការប្រតិបត្តិផ្លូវច្បាប់ដំបូងក្នុងឆ្នាំ ២០១២។ លោក សុវណ្ណ ក៏ជាអ្នកទទួលបន្ទុកផ្នែកច្បាប់ អភិបាលកិច្ច និងការប្រតិបត្តិផ្លូវច្បាប់ផ្នែកដំបូងគេក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា ចាប់តាំងពីការកកើតក្រុមហ៊ុនផងដែរ។ មុនពេលចូលមកក្រុមហ៊ុន មេនូឡាយហ្វ៍ គាត់បានបំពេញការងារផ្នែកអភិបាលកិច្ចនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេមួយ និងធ្លាប់ជាអ្នកប្រឹក្សាយោបល់ច្បាប់លើគម្រោងមួយចំនួនសម្រាប់ការិយាល័យច្បាប់នានាក្នុងតំបន់។ លោក សុវណ្ណ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរក្នុងវិស័យនីតិទំនាក់ទំនងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបពីសាកលវិទ្យាល័យ Rennes 2 នៃប្រទេសបារាំង និងនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសកម្មភាពសហគ្រាសពីសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង។ លោកក៏ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។