រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

របៀបជួយកូនរបស់លោកអ្នកសម្រេចគោលដៅនៃឯករាជ្យភាពហិរញ្ញវត្ថុ

Happy and healthy family

សុភាសិតចិនមួយបានលើកឡើងថា “ប្រសិនបើយើងឲ្យត្រីដល់នរណាម្នាក់ យើងអាចជួយគាត់បានតែថ្ងៃនេះប៉ុណ្ណោះ ផ្ទុយមកវិញ ប្រសិនបើយើងបង្រៀនគាត់ឱ្យចេះរកត្រី យើងអាចជួយគាត់បានពេញមួយជីវិត។"

គោលការណ៍ដូចគ្នានេះក៏អាចអនុវត្តចំពោះកូន និងប្រាក់របស់លោកអ្នកដែរ។

តាមរយៈការបង្រៀនកូនរបស់លោកអ្នកអំពីរបៀបគ្រប់គ្រងប្រាក់ មានន័យថាលោកអ្នកកំពុងជួយត្រៀមលក្ខណៈឲ្យកូនៗរបស់លោកអ្នកមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុ។ នេះមានន័យថាពួកគេនឹងមិនពឹងផ្អែកតែលើប្រាក់របស់ឪពុកម្ដាយនោះទេ នៅពេលពួកគេខ្វះខាតប្រាក់។

ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា 76% នៃឪពុកម្ដាយដែលមានកូនអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ​ដែលនៅតែនៅផ្ទះ មានឆន្ទៈចំណាយប្រាក់ជាមធ្យម 24,000 ដុល្លារដើម្បីជួយកូនរបស់ខ្លួនឱ្យមាន
លទ្ធភាពអាចចេញទៅរស់នៅខាងក្រៅ រៀបអាពាហ៍ពិពាហ៍ ឬយកដៃគូមករស់នៅជាមួយគ្នា។ ខណៈដែលការផ្ដល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់កូនរបស់លោកអ្នកគឺជារឿងដ៏ល្អមួយក៏ដោយ ប៉ុន្តែការបង្រៀនឲ្យពួកគេចេះអំពីរបៀបគ្រប់គ្រងប្រាក់ដែលពួកគេនឹងទទួលនោះ គឺរឹតតែសំខាន់ខ្លាំងជាងប្រាក់នោះទៅទៀត ពីព្រោះបញ្ហាដ៏ចម្បងមួយដែលយុវវ័យសម័យថ្មីជួបប្រទះគឺការលំបាកក្នុងការគ្រប់គ្រងប្រាក់។ ការផ្ដល់ប្រាក់យ៉ាងច្រើនដល់កូនរបស់លោកអ្នក ទាំងដែលពួកគេមិនដឹងអំពីរបៀបគ្រប់គ្រងប្រាក់នោះ គឺគ្រាន់តែជាការរៀបចំឱ្យពួកគេត្រៀមខ្លួនដើម្បីទទួលភាពបរាជ័យតែប៉ុណ្ណោះ។

ទោះបីជាយុវវ័យសម័យថ្មីចំនួន 69% នៅក្នុងការស្ទង់មតិបានជឿជាក់ថាពួកគេមានចំណេះដឹងផ្នែកហិរញ្ញវត្ថុយ៉ាងណាក៏ដោយ ប៉ុន្តែជាក់ស្ដែងក្នុងចំណោមនោះមានតែយុវជនចំនួន 24% ប៉ុណ្ណោះដែលបានបង្ហាញថាខ្លួនពិតជាមានចំណេះដឹងមូលដ្ឋានអំពីរបៀបគ្រប់គ្រងប្រាក់របស់ខ្លួន។ បញ្ហាប្រឈមសម្រាប់មនុស្សជាច្រើននៅក្នុងវ័យជាង 20 ឆ្នាំផ្លាយគឺថាពួកគេនឹងចាប់ផ្ដើមបទពិសោធន៍ “លើកទីមួយ” ជាច្រើន ដូចជា ការងារពេញម៉ោងលើកទីមួយ ការទិញអាផាតមិនលើកទីមួយ ការទិញរថយន្តលើកទីមួយ ជាដើម។ ហើយនៅក្នុងវ័យនោះក៏អាចជាពេលវេលាដែលពួកគេអាចនឹងចាប់ផ្ដើមគិតគូរអំពីការសន្សំប្រាក់សម្រាប់រៀបអាពាហ៍ពិពាហ៍ ផ្ទះ និងការចំណាយទាំងអស់ដែលពាក់ព័ន្ធគ្រួសារដោយខ្លួនឯងផងដែរ។ ហើយគួបផ្សំជាមួយនឹងការបង់បំណុលសិស្ស និងការគ្រប់គ្រងចំណាយប្រចាំថ្ងៃរបស់ខ្លួនផងដែរនោះ នេះអាចជាបញ្ហាប្រឈមមួយសម្រាប់ពួកគេក្នុងការចាប់ផ្ដើម សម្រាប់ការគ្រប់គ្រងប្រាក់។

ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួនដែលលោកអ្នកក្នុងនាមជាឪពុកម្ដាយអាចអនុវត្តដើម្បីជួយកូនរបស់លោកអ្នកក្លាយជាអ្នកមានឯករាជ្យភាពហិរញ្ញវត្ថុ៖

Family Trip

ពិភាក្សាអំពីគោលដៅរបស់ពួកគេ និងរៀបចំផែនការ

តើពួកគេមានគម្រោងចង់ចេញទៅរស់នៅខាងក្រៅ? ការពិភាក្សាចំណុចនេះជាមួយនឹងកូនរបស់លោកអ្នក អាចជួយឱ្យលោកអ្នកដឹងថាតើពួកគេចង់ទៅរស់នៅខាងក្រៅក្នុងរយៈពេលខ្លី ឬរយៈពេលវែង ហើយលោកអ្នកក៏អាចចែករំលែកការរំពឹងទុករបស់លោកអ្នកអំពីចំណុចនេះដល់ពួកគេផងដែរ។ ការពិភាក្សាអំពីចំណុចនេះ នឹងជួយកំណត់កាលបរិច្ឆេទសម្រេចគោលដៅដែលពួកគេត្រូវសម្រេច។

តើពួកគេចង់មានអាជីពអ្វី? មិនថាកូនរបស់លោកអ្នកទើបតែត្រលប់មកវិញ បន្ទាប់ពីបញ្ចប់សាកលវិទ្យាល័យ ឬទើបតែចប់វិទ្យាល័យ ការពិភាក្សាអំពីចំណុចនេះជាមួយនឹងកូនរបស់លោកអ្នកជួយតម្រង់ទិសចិត្តគំនិតរបស់ពួកគេឆ្ពោះទៅរកការសម្រេចគោលដៅនាពេលអនាគតដែលខ្លួនចង់បាន។ ក្នុងនាមជាឪពុកម្ដាយ លោកអ្នកអាចជួយកូនរបស់លោកអ្នកក្នុងការរៀបចំប្រវត្តិរូបសង្ខេប និងកំណត់គោលដៅដើម្បីពួកគេអាចស្វែងរកការងារដែលស្របតាមគោលដៅជីវិតរយៈពេលវែងរបស់ខ្លួនប្រកបដោយភាពជោគជ័យ។

គោលបំណងនៃការកំណត់គោលដៅ និងការរៀបចំផែនការគឺដើម្បីជួយឱ្យកូនរបស់លោកអ្នកគិតគូរអំពីអនាគត និងកំណត់ក្របខ័ណ្ឌដែលពួកគេត្រូវមានកាន់តែច្រើនជាងមុនពាក់ព័ន្ធនឹងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុនៅពេលពួកគេធំពេញវ័យ។

ពិភាក្សាអំពីស្ថានភាពហិរញ្ញវត្ថុ

ការជួយកូនរបស់លោកអ្នកពិនិត្យមើលលម្អិតលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុបន្ន នឹងជួយឲ្យពួកគេយល់ដឹងកាន់តែច្បាស់លាស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ ការបង្កើតផែនការថវិកាគឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយ។ ការធ្វើបែបនេះនឹងជួយឲ្យពួកគេមានគំនិតអំពីលំហូរសាច់ប្រាក់ដើម្បីអាចកំណត់បានថាតើប្រាក់ចំនួនប៉ុន្មានដែលពួកគេអាចនឹងសន្សំបានសម្រាប់ឆ្ពោះទៅសម្រេចគោលដៅនានាដែលខ្លួនមាន។ លើសពីនេះទៅទៀត ពួកគេក៏គប្បីពិនិត្យមើលស្ថានភាពបំណុលបច្ចុប្បន្នរបស់ខ្លួនឡើងវិញផងដែរ (កម្ចីសិស្ស កម្ចីទិញរថយន្ត ប័ណ្ណឥណទាន) ដើម្បីពិនិត្យមើលជាក់ស្ដែងថាតើពួកគេកំពុងតែជាប់បំណុលអ្វីខ្លះ និងបំណុលណាខ្លះដែលពួកគេគួរតែបង់មុនគេ។

ពិភាក្សាអំពីការរួមចំណែករបស់ពួកគេចំពោះគ្រួសារ

តើពួកគេត្រូវបង់ថ្លៃឈ្នួលផ្ទះដែរទេ?  ការឲ្យកូនដែលពេញវ័យរបស់លោកអ្នកចេញថ្លៃចំណាយមួយចំនួនដូចជាការបង់ថ្លៃផ្ទះគឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយ។ ការធ្វើបែបនេះនឹងជួយពួកគេឲ្យត្រៀមលក្ខណៈ​ផ្នែ​កហិរញ្ញវត្ថុសម្រាប់ប្រលូកនៅក្នុង “ពិភពលោកពិតប្រាកដ” បាន។ នៅពេលពួកគេចេញទៅនៅខាងក្រៅ ពួកគេត្រូវបង់ថ្លៃឈ្នួលផ្ទះ ឬបង់រំលោះអចលនទ្រប្យ និងតាមរយៈណែនាំឲ្យពួកគេសាំជាមួយនឹងការចំណាយទាំងនេះនឹងជួយពួកគេឲ្យចេះសន្សំប្រាក់បានត្រឹមត្រូវសម្រាប់ទូទាត់ការចំណាយទាំងនោះ។

ឲ្យកូនរបស់លោកអ្នកចេញថ្លៃចំណាយផ្ទាល់ខ្លួនដោយខ្លួនឯង៖ ការឲ្យកូនរបស់លោកអ្នកចេញថ្លៃសម្រាប់ការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ នឹងជួយឲ្យពួកគេចេះរៀបចំឥរិយាបថផ្នែកហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ ការបង់ថ្លៃទូរសព្ទដៃ ការបង់រំលោះរថយន្ត ការបង់ធានារ៉ាប់រងរថយន្ត ។ល។ នឹងជួយឲ្យពួកគរៀបចំផែនការថវិកាបានត្រឹមត្រូវសម្រាប់ការចំណាយក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

កាតព្វកិច្ចជួយឪពុកម្ដាយក្នុងការចេញថ្លៃទឹកភ្លើង និងម្ហូបអាហារ៖ ឪពុកម្ដាយភាគច្រើន ជាអ្នកចេញថ្លៃទឹកភ្លើង និងម្ហូបអាហារនៅពេលដែលកូនរបស់ពួកគាត់កំពុងរស់នៅក្រោមដំបូលតែមួយជាមួយនឹងពួកគាត់។  ការឲ្យកូនរបស់លោកអ្នកជួយការងារផ្ទះ ដូចជា​ការជួយចម្អិនម្ហូបអាហារម្ដងក្នុងមួយសប្ដាហ៍ ឬលាងសម្អាតបរិវេណណាមួយនៅក្នុងផ្ទះនឹងអាចជួយបន្ថយការចំណាយទៅលើរឿងទាំងនេះផងដែរ។ឲ្យ ការធ្វើបែបនេះក៏ជួយត្រៀមលក្ខណៈឱ្យកូនរបស់លោកអ្នកចេះអំពីរបៀបរស់នៅដោយពឹងផ្អែកខ្លួន​ឯង និងរក្សាគ្រួសារអនាគតរបស់ខ្លួនផងដែរ។

ពិភាក្សាអំពីការរៀបចំផែនការហិរញ្ញវត្ថុ

ការរៀបចំជំនួបជាមួយនឹងទីប្រឹក្សាហិរញ្ញវត្ថុគឺជាជំហានបន្ទាប់ដ៏សំខាន់មួយ។ កូនរបស់លោកអ្នកនឹងមានឱកាសកំណត់គោលដៅហិរញ្ញវត្ថុ និងចាប់ផ្ដើមអនុវត្តផែនការសន្សំជាមួយនឹងប្រាក់នាពេលបច្ចុប្បន្នរបស់ខ្លួន។ ពួកគេក៏អាចចាប់ផ្ដើមសន្សំប្រាក់ត្រៀមសម្រាប់ការរើចេញទៅរស់នៅខាងក្រៅដោយខ្លួនឯង សម្រាប់ផែនការគ្រោះថ្នាក់បន្ទាន់ ឬការចូលនិវត្តន៍ជាដើម។ ការចាប់ផ្ដើមអនុវត្តផែនការសន្សំ នឹងជួយឱ្យពួកគេចេះម្ចាស់ការលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ ប្រសិនបើពួកគេមានបំណុលណាមួយ ទីប្រឹក្សាហិរញ្ញវត្ថុក៏អាចជួយបង្កើតផែនការដើម្បីបង់រំលោះ ដើម្បីកុំឱ្យមានបន្ទុកខ្លាំងពេកផងដែរ។

តាមដានវឌ្ឍនភាព

ការពិភាក្សាដោយបើកចំហអំពីរបៀបដែលកូនរបស់លោកអ្នកអនុវត្តផែនការរបស់ខ្លួន នឹងជួយឱ្យពួកគេបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចការឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួន។ ចូរលើកទឹកចិត្តពួកគេតាម

រយៈការបង្ហាញអំពីសមិទ្ធផលវិជ្ជមានដែលពួកគេសម្រេចបានតាមរយៈផែនការសន្សំប្រាក់ នឹងជួយឲ្យពួកគេបន្តឆ្ពោះទៅសម្រេចទិសដៅដ៏ត្រឹមត្រូវ។

តើលោកអ្នកកំពុងស្វែងរកចំណុចគន្លឹះបន្ថែមអំពីរបៀបជួយកូនរបស់លោកអ្នកសម្រេចគោលដៅនៃឯករាជ្យភាពហិរញ្ញវត្ថុមែនទេ? សូមទាក់ទងទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងនៅថ្ងៃនេះ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)