សេចក្តីលម្អិតនៃផលិតផល និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង
គម្រោង មរតកខ្ញុំជាមួយមេនូឡាយហ្វ៍
កម្មវត្ថុនៃការធានា
គម្រោង មរតកខ្ញុំជាមួយមេនូឡាយហ្វ៍ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកម្មវត្ថុទៅលើអាយុជីវិត និងរូបរាងកាយ (ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍) ។
1. អាយុដែលទទួលបានការធានា (Eligible)
• អ្នកត្រូវបានធានារ៉ាប់រង: អាយុចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
2. ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
•ការបង់បុព្វលាភធានារ៉ាប់រង (Premium Payment)
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះត្រូវបង់មកកាន់ក្រុមហ៊ុនក្នុង រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រងដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមណាមួយដែលមានបន្ទាប់ (បើមាន)។
ជម្រើសបង់បុព្វលាភធានារ៉ាប់រងរួមមាន ប្រចាំឆមាស ប្រចាំឆ្នាំ ដោយឡែកចំពោះជម្រើសបង់បុព្វលាភធានារ៉ាប់រង “ប្រចាំខែ និងប្រចាំត្រីមាស” នឹងត្រូវបានផ្តល់ជូនក្នុងករណីមានការស្នើសុំពិសេសពីម្ចាស់បណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធ លើការស្នើសុំពិសេសនេះ។
រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទការបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
•រយៈពេលអនុគ្រោះ (Grace Period)
រយៈពេលអនុគ្រោះ គឺមានចំនួនសាមសិបមួយ (31) ថ្ងៃនៃថ្ងៃប្រតិទិន ដែលគិតពីកាលបរិច្ឆេទការបង់ បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងនីមួយៗ ហើយក្នុងអំឡុងពេលនោះបណ្ណសន្យារ៉ាប់រងនៅបន្តមានសុពលភាព។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងដែលត្រូវបង់នៅពុំទាន់បានទូទាត់បន្ទាប់ពីចុងបញ្ចប់នៃរយៈពេលអនុគ្រោះ នោះបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាព។
•ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ (Policy Reinstatement)
បន្ទាប់ពីបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់សុពលភាព ដោយសារការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីរយៈពេលអនុគ្រោះ នោះគ្រប់អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្រោមបណ្ណសន្យារ៉ាប់រងនេះនឹងត្រូវអស់សុពលភាពដូចគ្នា លើកលែងតែតម្លៃសាច់ប្រាក់ (បើមាន)។ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីបណ្ណសន្យារ៉ាប់រងបានអស់សុពលភាព។ ដោយអនុលោមតាមការសម្រេចរបស់ក្រុមហ៊ុន បណ្ណសន្យារ៉ាប់រងនេះអាចដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មី ប្រសិនបើ៖
(ក) ពាក្យស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ស្នើសុំណាមួយដែលកំណត់ដោយក្រុមហ៊ុន ដោយត្រូវធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង
(ខ) ដោយអនុលោមតាមការវាយតម្លៃហានិភ័យ អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្នុងអាយុដែលបានកំណត់ថាអាចទទួលយកការធានារ៉ាប់រង ខណៈពេលការផ្តល់សុពលភាពសារជាថ្មីឡើងវិញ និង
(គ) ភស្តុតាងបញ្ជាក់អំពីភាពអាចធានារ៉ាប់រងបាន ដែលក្រុមហ៊ុនអាចទទួលយកបាន និង
(ឃ) ការទូទាត់បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ដែលមិនទាន់បានបង់ ដោយបូកបញ្ចូលនូវចំណាយណាមួយ (បើមាន) និង
បន្ទាប់ពីក្រុមហ៊ុនបានទទួលឯកសារដែលបានកំណត់ និងការតម្រូវខាងលើត្រូវបានបំពេញ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃទៅលើសំណើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ”។ ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការស្នើសុំឯកសារបន្ថែម ក្នុងករណីចាំបាច់សម្រាប់ការវាយតម្លៃធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនអនុម័តយល់ព្រមលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងចាប់ផ្តើមមានសុពលភាពសារជាថ្មីឡើងវិញ។ ក្នុងករណី ក្រុមហ៊ុនបដិសេធលើសំណើសុំនេះ បណ្ណសន្យារ៉ាប់រងនឹងពុំអាចមានសុពលភាពឡើងវិញឡើយ ហើយក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងទៅវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងហួសកាលកំណត់ និងចំណាយណាមួយ (បើមាន) ដែលបានបង់មកកាន់ក្រុមហ៊ុន សម្រាប់ការស្នើសុំ “ការផ្តល់សុពលភាពសារជាថ្មីឡើងវិញ” បូក
(ខ) តម្លៃសាច់ប្រាក់ និងភាគលាភបូកបង្គរនៃបណ្ណសន្យារ៉ាប់រង (បើមាន) ដក
(គ) កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន) ដក
(ឃ) ការចំណាយលើការពិនិត្យសុខភាព សម្រាប់ការស្នើសុំបន្តសុពលភាពសារជាថ្មីឡើងវិញដែលបង់ដោយក្រុមហ៊ុន (បើមាន)។
នៅពេលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់សុពលភាពឡើងវិញ ក្រុមហ៊ុននឹងមិនផ្តល់សំណង ឬការការពារ ចំពោះហេតុការណ៍បាត់បង់ណាមួយដែលកើតចេញពីស្ថានភាពមានពីមុនស្រាប់ ដូចជា ការខូចខាត ឬការចុះខ្សោយរាង្គកាយណាមួយ, ការរងរបួស, ជំងឺ, ការឈឺ, ឬផលវិបាករបស់ជំងឺ ដែលបានកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងអស់សុពលភាព។
បន្ទាប់ពីពេលដែលបណ្ណសន្យារ៉ាប់រងនេះបានអស់សុពលភាពរយៈពេល ពីរ(២) ឆ្នាំជាបន្តបន្ទាប់ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់សុពលភាព ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមិនអាចស្នើសុំដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងសារជាថ្មីបានឡើយ។ ក្រុមហ៊ុននឹងត្រូវប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវ៖
(ក) តម្លៃសាច់ប្រាក់តាមតារាងតម្លៃសាច់ប្រាក់ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង (បើមាន) បូក
(ខ) ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន (បើមាន) ដក
(គ) កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន រួមជាមួយនឹងការប្រាក់បូកបង្គរ (បើមាន)។
3. អត្ថប្រយោជន៍នៃការធានា (Insurance Benefits)
ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ (Death or Total Disability Benefit Caused by Accident)
ស្ថិតក្រោមខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងធ្វើការទូទាត់បង់ប្រាក់សំណងករណីមរណភាព(Death Benefit) ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុង (Total Disability Benefit)ចំពោះករណីមរណភាព ឬ ការទូទាត់ពិការភាពទាំងស្រុងរបស់អ្នកត្រូវបានធានារ៉ាប់រង (ករណីណាមួយដែលកើតឡើងមុន) បន្ទាប់ពីបានទទួលភស្តុតាងត្រឹមត្រូវ និងការអនុម័តយល់ព្រមពីក្រុមហ៊ុនដែលបញ្ជាក់ពីមរណភាព ឬ ពិការភាពទាំងស្រុងរបស់អ្នកត្រូវបានធានារ៉ាប់រងដូចដែលបានចែងក្នុងនិយមន័យនៃមរណភាពបណ្តាលមកពីដោយគ្រោះថ្នាក់ ឬ ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់។ ប្រាក់សំណងករណីមរណភាពនឹងត្រូវបានផ្តល់ជូនទៅអ្នកទទួលផល ចំណែកឯប្រាក់សំណងករណីពិការភាពទាំងស្រុងនឹងត្រូវបានផ្តល់ជូនទៅអ្នកត្រូវបានធានារ៉ាប់រង ។ ក្នុងករណីដែលមានកិច្ចសន្យាបន្ថែម (Endorsement) លើ
បណ្ណសន្យារ៉ាប់រងនេះ ដោយមិនរាប់បញ្ចូលប្រាក់សំណងករណីមរណភាពបណ្តាលមកពីដោយគ្រោះថ្នាក់ ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់នៅក្រោមបណ្ណសន្យារ៉ាប់រងនេះ នោះប្រាក់សំណងករណីមរណភាព ឬ ប្រាក់សំណងករណីពិការភាពទាំងស្រុងដោយគ្រោះថ្នាក់ទេនឹងមិនត្រូវទូទាត់ជូនឡើយ។
ផលប្រយោជន៍នៃប្រាក់សំណងករណីមរណភាពបណ្តាលមកពីគ្រោះថ្នាក់ (Accidental Death Benefit Caused by Accident) ឬ ប្រាក់សំណង ករណីពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ (Total Disability Benefit Caused by Accident) គឺជា៖
ក. ចំនួនទឹកប្រាក់ធានារ៉ាប់រង (Face Amount) ដូចដែលបានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ឬ កិច្ចសន្យាបន្ថែមជាបន្តបន្ទាប់ (Endorsement) លើបណ្ណសន្យារ៉ាប់រង បូក
ខ. ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន រួមទាំងការប្រាក់ ដកចេញ
គ. កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន និងបុព្វលាភធានារ៉ាប់រងដែលនៅមិនទាន់បានបង់ រួមជាមួយនឹងការប្រាក់បូកបង្គរ។
ផលប្រយោជន៍ដល់កាលកំណត់ (Maturity Benefit)
នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង ផលប្រយោជន៍ដល់កាលកំណត់ (Maturity Benefit) នៃបណ្ណសន្យារ៉ាប់រង នឹងត្រូវបង់ជូនម្ចាស់បណ្ណសន្យារ៉ាប់រង ឬ បុគ្គលណាដែលត្រូវបានតែងតាំងជាលាយល័ក្ខណ៍អក្សរពីម្ចាស់បណ្ណសន្យារ៉ាប់រង និងដែលបានផ្តល់ដំណឹងជាមុនដល់ក្រុមហ៊ុន។ ផលប្រយោជន៍ដល់កាលកំណត់នេះរួមមាន៖
ក. ចំនួន 100 % នៃចំនួនទឹកប្រាក់ធានារ៉ាប់រង (Face Amount) ដូចមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬ ដូចដែលបានឯកភាពតាមកិច្ចសន្យាបន្ថែមនៃបណ្ណសន្យារ៉ាប់រង (Endorsement) បូក
ខ. ភាគលាភបូកបង្គរទាំងឡាយដែលបានតម្កល់ទុកជាមួយក្រុមហ៊ុន រួមទាំងការប្រាក់ ដកចេញ
គ. កម្ចីឥណទានណាមួយដែលនៅជំពាក់ក្រុមហ៊ុន និងបុព្វលាភធានារ៉ាប់រងដែលនៅមិនទាន់បានបង់ រួមជាមួយនឹងការប្រាក់បូកបង្គរ
4. ករណីមិនធានា (Exclusion)
ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
ករណីមិនធានាចំពោះករណីមរណភាពមិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ
(Exclusions for Non-accidental Death Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬ កាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
(Exclusions for Non-accidental Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(គ) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ
(ឃ) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ង) ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ (Exclusions for Accidental Death or Total and Permanent Disability Benefit)
(ក) ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(ខ) ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
(គ) ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
(ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
(ង) ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ការសេពគ្រឿងស្រវឹងហួសកម្រិត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង/ឬល្មើសល្បឿនកំណត់ តាមច្បាប់ដែលមានជាធរមានខណ:ដែលមានគ្រោះថ្នាក់នោះ ឬ
(ច) សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
(ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្រ្តី ឬអ្នកអនុវត្តច្បាប់ ឬ
(ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគា ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
(ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
(ញ) ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងភ្នំបែប mountaineering ឬការរុករកតាមរូងភ្នំក្រោមដីបែប potholing ឬការលោតឆ័ត្រយោងបែប parachuting ឬការលោត bungee jumping ។
5. រយៈពេលពិចារណាលើកចុងក្រោយ (Free Look Period)
រយៈពេលពិចារណាលើកចុងក្រោយ សំដៅដល់អំឡុងពេល ម្ភៃមួយ (២១) ថ្ងៃនៃថ្ងៃប្រតិទិន ចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង។ ក្នុងអំឡុងនៃរយៈពេលពិចារណាលើកចុងក្រោយនេះ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបោះបង់ ឬបញ្ចប់បណ្ណសន្យារ៉ាប់រងនេះបាន តាមរយៈការដាក់សំណើជា លាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រង (ចំពោះបណ្ណសន្យារ៉ាប់រងទម្រង់អេឡិចត្រូនិច ម្ចាស់បណ្ណសន្យារ៉ាប់រងតម្រូវឱ្យភ្ជាប់នូវវិញ្ញាបនបត្រធានារ៉ាប់រងតែប៉ុណ្ណោះ)។ បន្ទាប់ពីបានទទួលឯកសារគ្រប់តាមការតម្រូវ ក្រុមហ៊ុន នឹងធ្វើការបញ្ចប់បណ្ណសន្យារ៉ាប់រងហើយបង្វិលទៅឲ្យម្ចាស់ បណ្ណសន្យារ៉ាប់រងវិញនូវ៖
(ក) បុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប ដក
(ខ) ចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន) ដក
(គ) បំណុលណាមួយដែលមិនទាន់បានទូទាត់មកកាន់ក្រុមហ៊ុន (បើមាន)។
6. ការផ្សះផ្សាវិវាទ Dispute Mediation
•នីតិវិធីដោះស្រាយបណ្តឹងអតិថិជន (Complaint Procedures)
រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលប្រាំ (5) នៃថ្ងៃធ្វើការ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដារបស់ក្រុមហ៊ុន។
•នីតិវិធីនៃការផ្សះផ្សាវិវាទ (Dispute Resolutions)
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្ដឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។
7. លក្ខខណ្ឌមិនអាចតវ៉ាបាន (Incontestability)
ក្រុមហ៊ុននឹងអាចលុបចោល ឬចាត់ទុកបណ្ណសន្យារ៉ាប់រងនេះជាមោឃៈបាន ប្រសិនបើ ក្រុមហ៊ុនបានរកឃើញថា មានការបានបិទបាំងព័ត៌មានសំខាន់ ឬម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបានប្រកាស ឬថ្លែងមិនពិតពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុចសំខាន់ ឬខកខានក្នុងការប្រកាសព័ត៌មានដែលអាចប៉ះពាល់ដល់ការវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ក្នុងអំឡុងរយៈពេលពីរ (2) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព ឬកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ)។ ការខកខានក្នុងការប្រកាស ឬការថ្លែងព័ត៌មានមិនពិត អាចរកឃើញនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង បែបបទភស្តុតាងពិនិត្យសុខភាព ឬរបាយការណ៍ជាលាយល័ក្ខណ៍អក្សរណាមួយ ឬចម្លើយទាំងឡាយដែលជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។ ប្រការនេះ នឹងមិនត្រូវបានអនុវត្ត ចំពោះការបំពេញខុសអំពីអាយុ ឬភេទ ឡើយ។
8. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង (Termination)
បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់សុពលភាព នៅពេលកត្តាណាមួយដូចខាងក្រោមដែលបានកើតឡើងមុនគេ៖
(ក) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ពីរយៈពេលអនុគ្រោះ (Grace Period) ត្រូវបានកន្លងទៅ ដូចមានចែង ក្នុងប្រការ 7
(ខ) នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រងស្នើសុំបញ្ចប់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបាននូវតម្លៃសាច់ប្រាក់
(គ) មរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង
(ឃ) នៅពេលប្រាក់សំណងករណីពិការភាពទាំងស្រុងត្រូវបានទូទាត់
(ង) នៅកាលបរិច្ឆេទដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងដូចមានចែងលើវិញ្ញាបនបត្រធានារ៉ាប់រង។
ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រងធ្វើការស្នើសុំបញ្ចប់បណ្ណសន្យារ៉ាប់រងនៅមុនកាលកំណត់នៃបណ្ណសន្យារ៉ាប់រង នោះក្រុមហ៊ុននឹងគណនាបុព្វលាភធានារ៉ាប់រងដែលនៅសេសសល់ដើម្បីប្រគល់ជូនវិញដោយយោងទៅតាមភាពសមស្រប។ បុព្វលាភធានារ៉ាប់រងដែលនៅសេសសល់សម្រាប់បណ្ណសន្យារ៉ាប់រងនេះគឺជាតម្លៃសាច់ប្រាក់ (Cash Value) បូកបញ្ចូលនូវភាគលាភបូកបង្គរដែលបានដាក់តម្កល់ទុកជាមួយក្រុមហ៊ុន រួចដកចេញនូវកម្ចីឥណទានដែលមាន និងបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ រួមជាមួយការប្រាក់បូកបង្គរ។
9. ដំណើរការនៃការទាមទារសំណង (How to claim)
តើលោកអ្នកកំពុងស្វែងយល់ពីដំណើរការនៃការទាមទារសំណងមែនទេ? ចុចទីនេះ៖
https://www.manulife.com.kh/en/services/claims.html, ឬ ទូរស័ព្ទទៅលេខ 1800 211 211 ដោយ
ឥតគិតថ្លៃ