រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

តើក្រុមហ៊ុនធានារ៉ាប់រងសុទ្ធតែបោកប្រាស់ និយាយផ្អែមតែដំបូងៗ ពេលមានបញ្ហាមិនទទួលខុសត្រូវសោះមែនទេ?

 

មនុស្សជាច្រើនយល់ខុសថា “ក្រុមហ៊ុនធានារ៉ាប់រងសុទ្ធតែបោកប្រាស់ និយាយផ្អែមតែដំបូងៗ ពេលមានបញ្ហាមិនទទួលខុសត្រូវសោះ!” តែការពិតទៅមិនដូច្នោះទេ! យើងគ្រាន់តែត្រូវស្វែងរកក្រុមហ៊ុនធានារ៉ាប់រងដែលយើងអាចទុកចិត្តបានតែប៉ុណ្ណោះ!​

អញ្ចឹង តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត? 🤔​

១. ក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ​

គ្រប់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវចុះបញ្ជីពាណិជ្ជកម្ម និងត្រូវមានអាជ្ញាប័ណ្ណដើម្បីអាចដំណើរការអាជីវកម្មដោយស្របច្បាប់។ ការចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មបញ្ជាក់ថាក្រុមហ៊ុនមួយនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដំណើរការអាជីវកម្ម និងស្ថិតក្រោមច្បាប់របស់ប្រទេសកម្ពុជាដែលអតិថិជនអាចទុកចិត្តបាន។ យើងអាចមើលថាក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្ម ដោយការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ ឬស្នើសុំមើលប័ណ្ណប៉ាតង់ ឬអាចពិនិត្យតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មតាមរយៈតំណរភ្ជាប់ https://www.businessregistration.moc.gov.kh ។ ​

២. ប្រវត្តិ និងកិត្តិនាមក្រុមហ៊ុន ​

ប្រវត្តិ និងកិត្តិនាមរបស់ក្រុមហ៊ុនធានារ៉ាប់រងជាភ័ស្តុតាងជាក់ស្ដែងដែលចង្អុលបង្ហាញឲ្យឃើញពីភាពជោគជ័យ ភាពស្មោះត្រង់ និងការរីកចម្រើនរបស់ក្រុមហ៊ុននាពេលកន្លងមក។ ប្រាកដណាស់ យើងទាំងអស់គ្នាសុទ្ធតែចង់ចំណាយប្រាក់នឹងក្រុមហ៊ុនមានការទុកចិត្តខ្ពស់​ មានបទពិសោធន៍ច្រើនឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ សម្រាប់ព័ត៌មានទាំងនោះដែរ យើងអាចស្វែងរកនៅលើអ៊ីនធើណែត ឬក៏ចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងផ្ទាល់ដើម្បីស្វែងយល់បន្ថែម។​

៣. បទបញ្ញត្តិ និងការប្រតិបត្តិតាម ​

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវស្ថិតនៅក្រោម«ច្បាប់ស្តីពីការធានារ៉ាប់រង»ដែលអនុម័តដោយរដ្ឋសភាក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគ្រប់គ្រងដោយផ្ទាល់ពីនិយ័តករធានារ៉ាប់រងកម្ពុជា។ ដូច្នេះមុននឹងចាប់ផ្តើមដំណើរការក្រុមហ៊ុន ឬលក់ផលិតផលធានារ៉ាប់រងបាន ក្រុមហ៊ុនចាំបាច់ត្រូវតែស្នើសុំការយល់ព្រមជាគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ បន្ទាប់ពីការត្រួតពិនិត្យ និងសម្រេចពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះក្រុមហ៊ុនធានារ៉ាប់រងមានបទបញ្ញត្តិ និងការប្រតិបត្ដិត្រឹមត្រូវហើយ ក្រសួងនឹងចេញនូវអាជ្ញាប័ណ្ណអាជីវកម្មដើម្បីបញ្ជាក់ពីភាពស្របច្បាប់របស់ក្រុមហ៊ុន។​ ដូចនេះ អតិថិជនអាចពិនិត្យមើលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននោះដើម្បីធានាថាទាំងគុណភាព និងតម្លៃរបស់ផលិតផលធានារ៉ាប់រងត្រូវតាមស្ដង់ដារក្រសួង។​​

៤. អត្ថប្រយោជន៍ និងការផ្តល់សំណងដល់អតិថិជន ​

នេះជាអំណះអំណាងសំខាន់ដែលអតិថិជនអាចផ្ដល់ការជឿទុកចិត្តបានគឺការទូទាត់សំណង និងអត្ថប្រយោជន៍ដែលក្រុមហ៊ុនធ្លាប់បានផ្ដល់ជូនម្ចាស់ប័ណ្ណសន្យារ៉ាប់រងពីមុនៗមក។ ក្រុមហ៊ុនធានារ៉ាប់រងដែលគួរឲ្យទុកចិត្តមិនត្រឹមតែសន្យាលើក្រដាសខ និង លក្ខខណ្ឌប៉ុណ្ណោះទេ តែពិតជាមានការទូទាត់ពិតប្រាកដមែនទៅកាន់អតិថិជនពួកគេ។ សព្វថ្ងៃនេះយើងអាចស្វែងរកព័ត៌មានទាំងនោះបានយ៉ាងងាយស្រួលតាមតែប្រព័ន្ធអ៊ីនធើណែត ឧទាហរណ៍ដូចជា ប្រវត្តិក្នុងការទូទាត់សំណង ឬការសម្តែងមតិយោបល់ និងបទពិសោធន៍របស់អតិថិជនពីក្រុមហ៊ុនធានារ៉ាប់រងជាដើម ។​

៥. ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន​

តួលេខក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរាល់របស់ក្រុមហ៊ុនធានារ៉ាប់រងអនុញ្ញាតឲ្យយើងសិក្សាពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ និងលទ្ធភាពដែលក្រុមហ៊ុនអាចទូទាត់សំណងជូនយើងវិញឬទេ។ តាមរយៈការពិនិត្យមើលចំនួនសាច់ប្រាក់សុទ្ធ ចំនួនទឹកប្រាក់ដែលបានសងទៅអតិថិជន អត្ថប្រយោជន៍ដែលបានទូទាត់ដល់អតិថិជនក្នុងមួយឆ្នាំនោះ ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអំឡុងពេល២ទៅ៣ឆ្នាំ​ ជាដើម យើងអាចប៉ាន់ស្មានថាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានស្ថេរភាព ឬការរីកចម្រើនជាលំដាប់ដែរឬយ៉ាងណា។​​

 

ក្រៅពី៥ចំណុចចម្បងដែលបានរៀបរាប់ខាងលើ អ្នកក៏អាចពិនិត្យ និងពិចារណាលើចំណុចផ្សេងៗទៅតាមលក្ខខណ្ឌនៃគម្រោងធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងនោះផងដែរ។ ការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងដែលត្រូវ និងអាចទុកចិត្តបាន ប្រៀបដូចបានរៀបចំគម្រោងហិរញ្ញវត្ថុដែលមានសុវត្ថិភាពមួយដល់ខ្លួនឯង និងមនុស្សជាទីស្រលាញ់៕